(ភ្នំពេញ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាមេរិក មានការភ្ញាក់ផ្ញើលយ៉ាងខ្លាំងលើការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ហើយសហរដ្ឋអាមេរិក មានមោទនភាព ដែលជាដៃគូនៅក្នុងកិច្ចអភិវឌ្ឍនេះ។

ការអះអាងរបស់លោកប្រធានាធិបតីអាមេរិក បានធ្វើឡើងនៅចំពោះមុខឯកអគ្គរាជទូតខ្មែរ ប្រចាំសហរដ្ឋអាមេរិក លោក ជុំ សុន្ទរី ក្នុងពេលអញ្ជើញប្រគល់សារតាំងបំពេញបេសកកម្មការងារ ជាឯកអគ្គរាជទូតនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានគូសបញ្ជាក់ថា ក្នុងឱកាសនោះ លោកប្រធានាធិបតីអាមេរិក បានលើកឡើងថា ការបំពេញបេសកកម្មការងាររបស់លោក ជុំ សុន្ទរី មានសារសំខាន់នៅក្នុងកម្រិតជាច្រើន ដែលមានអត្ថន័យបញ្ជាក់ពីទំនាក់ទំនង ដែលត្រូវបានស្តារឡើងវិញ ក្នុងរយៈពេលជាង២៥ឆ្នាំ បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

នៅក្នុងឱកាសនោះលោក ដូណាល់ ត្រាំ មកបញ្ជាក់យ៉ាងដូច្នេះ «កិច្ចអភិវឌ្ឍសេដ្ឋកិច្ចដែលប្រទេសរបស់ឯកឧត្តម សម្រេចបានក្នុងពេលនេះ គឺគួឱ្យភ្ញាក់ផ្អើលណាស់ ហើយសហរដ្ឋអាមេរិកមានមោទនភាព ដែលជាដៃគូនៅក្នុងកិច្ចអភិវឌ្ឍនេះ»

ប្រធានាធិបតីប្រទេសមហាអំណាចលើលោករូបនេះ បានបន្ថែមយ៉ាងដូច្នេះទៀតថា៖ «យើងដឹងថា កម្ពុជាមានសក្តានុពលសម្រាប់កិច្ចអភិវឌ្ឍធំធេងជាងនេះ នៅក្នុងអនាគត ហើយយើងមានក្តីរីករាយធ្វើការជាមួយគ្នា នៅចំពោះមុខការប្រឈម និងកាលានុវត្តភាពជាច្រើនអនេក។ យើងមានការរំពឹងថា នឹងមានការរីកចម្រើនក្នុងពាណិជ្ជកម្មសេរី ត្រឹមត្រូវ សន្តិសុខតំបន់ ហើយនិងអភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវ និងប្រជាធិបតេយ្យ ហើយយើងនឹងខិតខំដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកសុខាភិបាលទូទៅ»

លោក ដូណាល់ ត្រាំ បានបញ្ជាក់ទៀតថា៖ «ខ្ញុំរីករាយនឹងធ្វើការជាមួយឯកឧត្តម ដើម្បីជំរុញរៀបវារៈរួមរបស់យើង ហើយនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត»

អ្នកវិភាគនយោបាយ ដែលតាមដានព្រឹត្តការណ៍ទំនាក់រវាងកម្ពុជា-អាមេរិក បានបញ្ចេញទស្សនៈថា ការបង្ហាញជំហររបស់លោក ដូណាល់ ត្រាំ ខាងលើនេះ ជាទះកំផ្លៀងមួយដៃយ៉ាងធ្ងន់ធ្ងរបំផុត ទៅលើក្រុមប្រឆាំងទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក ដែលតែងតាំងប្រើប្រាស់គ្រប់ល្បិចកល គោលបំណងរារាំងការកសាង ដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដោយចង់ឲ្យប្រទេសលោកសេរី ជាពិសេសអាមេរិកតែម្តង ដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងផ្តាច់កិច្ចទំនាក់ទំនងសហប្រតិបត្តិការ៕