(ភ្នំពេញ)៖ ដើម្បីជំរុញវិស័យកសិកម្ម ព្រមទាំងបំពេញតម្រូវការផលិតផលកសិកម្មលើទីផ្សារ ក្រុមហ៊ុនលក់ជីធម្មជាតិកម្ពុជា-ថៃ បានរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការ ក្នុងនាំចូលជី និងថ្នាំកសិកម្មពីប្រទេសថៃ មកចែកចាយក្នុងប្រទេសកម្ពុជា។

កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២នេះ ត្រូវបានចុះអនុស្សរណៈយោគយល់ (MoU) លើការចែកចាយជី និងថ្នាំកសិកម្ម របស់ក្រុមហ៊ុន ផៅវើរីចនេតវើក (The Power Rich Network) ជាមួយក្រុមហ៊ុន សីហា ផៅវើរីច ទទួលចែកចាយលក់នៅ​ប្រទេសកម្ពុជា។

លោក ឡោ រស្មី អនុរដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានសម្ដែងការគាំទ្រ ចំពោះកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុនទាំង២ ដោយលោកបានលើកពីកត្តាវិជ្ជមានថា ការរួមដៃគ្នារវាងក្រុមហ៊ុនទាំង២នេះ នឹងជួយឲ្យវិស័យកសិកម្មកាន់តែ វិវត្តន៍ទៅមុខឥតឈប់ឈរ ហើយនេះជាការចូលរួមចំណែក ក្នុងការបម្រើទីផ្សារ និងជាការផ្ដល់ដល់​ប្រជាកសិករ ប្រកបមុខរបរ កសិកម្មកាន់តែងាយស្រួល ខណៈបច្ចុប្បន្ននេះពលរដ្ឋកម្ពុជាជិត៨០% ជាអ្នកប្រកបរបរកសិកម្ម។

លោក សាង អ៊ាប ប្រធានក្រុមហ៊ុន សីហា ផៅវើរីច ថ្លែងថា ការចុះ MoU រវាងប្រទាំងកម្ពុជា-ថៃនេះ គឺដើម្បីនាំចូលផលិផលជី និងថ្នាំកសិកម្មរបស់ក្រុមហ៊ុនជាដៃគូរ (The Power Rich Network) មកបំពេញលើវិស័យកសិកម្ម ក្នុងប្រទេសកម្ពុជា ព្រមទាំងចែកចាយដល់បណ្ដាកសិកគ្រប់ខេត្ត-ក្រុងថែមទៀត។

លោកបានបន្ដទៀតថា កិច្ចសហការនេះនឹងជួយជំរុញកំណើនកសិផល និងបំពេញតម្រូវការទីផ្សារកសិកម្មនៅកម្ពុជា ឲ្យកាន់តែកើនឡើង ព្រមទាំងពង្រីកវិសាលភាពសម្រាប់ប្រជាកសិករខ្មែរយល់ដឹង និងជ្រើសរើសនូវប្រភេទជីដែលត្រឹមត្រូវ ទៅនឹងផលដំណាំកសិកម្ម ដែលធ្វើឲ្យទទួលបានផ្លែផ្កាច្រើន ព្រមទាំងចំណាយថវិកាតិច។

លោកបញ្ជាក់ទៀតថា «បច្ចុប្បន្ននេះកំណើននៃការប្រើប្រាស់ និងការផ្គត់ផ្គង់ជីលើដំណាំកសិកម្ម មានតម្រូវការខ្ពស់ជាហេតុធ្វើឲ្យផលិតផលរបស់ក្រុមហ៊ុនជី កើនឡើង។ ចំណែកឯកសិករវិញ ក៏នាំគ្នាសម្រុកដាំដំនាំកសិកម្មជាច្រើន ដើម្បីផ្គត់ផ្គងលើទីផ្សារ»