(ភ្នំពេញ)៖ លោក បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កម្ពុជា-ចិន ជាមិត្តជួយគ្នាក្នុងគ្រាក្រមិនមែន មាន បានហើយ ទើបជាមិត្តនឹងគ្នានោះទេ។

លោក​ សុខ ទូច​ បន្តថា ទឹកដីកម្ពុជា គឺជាទឹកដីមួយដែលស្វាគមន៍ប្រជាជនចិន ក៏ដូចជា មន្រ្តីរាជការចិន មកបំពេញភារកិច្ចលើទឹកដីកម្ពុជា គ្រប់ជ្រុងជ្រោយ។ ចិននឹងក្លាយជាដៃគូដ៏រឹងមាំ, ចិនជាប្រទេសដែល មិនចេះលូកដៃចូល កិច្ចការផ្ទៃក្នុងកម្ពុជាដូច បស្ចឹមប្រទេសមួយចំនួន ហើយកម្ពុជាបានប្រកាន់នូវគោលនយោបាយចិនតែមួយ។

លោកបណ្ឌិតបានបន្ថែមថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងសម្តេចតេជោ ហ៊ុន សែន បានចាប់ដៃគ្នា ហើយបានជូនពរសម្តេចតេជោ និងបានអះអាងថា ចិននឹងជួយកម្ពុជា គ្រប់ជ្រុងជ្រោយ។

លោក សុខ ទូច អះអាងយ៉ាងដូច្នេះថា «កម្ពុជាតូចមួយ តែអាចជួយចិនបាន នៅពេលដែលចិន មានវិបត្តិប្រជុំកោះ។ តើមានអាស៊ានមួយណា ចេញមុខជួយចិន គឺមានតែកម្ពុជាទេ មិនត្រឹមតែប៉ុណ្ណោះ អាស៊ានបាន​បរិហារកេរ្តិ៍កម្ពុជាថា ពេលកម្ពុជា មានបញ្ហាប្រាសាទព្រះវិហារ តើមានអ្នកណាចេញមុខមកជួយកម្ពុជា គឺមានតែចិន ដូច្នេះ មិត្តល្អក្នុងគ្រាក្រ មិនមែនមានបានហើយ ទើបជាមិត្តនឹងគ្នានោះទេ»

ការលើកឡើងរបស់ លោក​ សុខ ទូច បានធ្វើឡើងនៅក្នុងវគ្គបំប៉នគ្រូបង្រៀនជនជាតិចិនចំនួន៥៥រូប របស់វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០១៨-២០១៩ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ។

ជាមួយគ្នានោះ លោកស្រី ជ័រ វ៉ិនស៊ីង ភារធារីតំណាងអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា​ បានលើកឡើងថា លោកគ្រូ អ្នកគ្រូ អាចសម្របខ្លួន ក្នុងការរស់នៅក្នុងប្រទេសកម្ពុជា និងមានឱកាសបន្ថែម ក្នុងការជួយផ្សព្វផ្សាយ វប្បធម៌ចិន ជូនប្រជាពលរដ្ឋកម្ពុជា។

លោកស្រី ជ័រ វ៉ិនស៊ីង សង្ឃឹមថា អ្នកទាំងអស់គ្នា គោរពច្បាប់ និងទំនៀមទំលាប់ប្រទេសកម្ពុជា ឲ្យបានល្អ ការបង្រៀនភាសាចិននៅកម្ពុជា នាពេលនេះ នឹងផ្តល់បទពិសោធន៍ល្អៗ ក្នុងឆាកជីវិតអ្នកទាំងអស់គ្នា។

ភារធារីតំណាងអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅតែអះអាងថា ទោះយ៉ាងណាក៏ដោយ ស្ថានទូតចិន នៅតែបន្តកិច្ចសហការជាដៃគូល្អ ជាមួយប្រទេសកម្ពុជាជានិច្ច។

កញ្ញា វុធ សុភ័ក្រណា នាយិកាភាគីកម្ពុជាវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា មិត្តភាពរបស់ប្រទេសកម្ពុជា និងចិនគឺមាន ភាពស្និទស្នាលតាំងពីបុរាណកាលមក ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងប្រជាជន និងការផ្លាស់ប្តូរវប្បធម៌ នៃប្រទេសទាំង២ កាន់តែស្អិតរមួតពីមួយថ្ងៃទៅមួយថ្ងៃ។

កញ្ញា វុធ សុភ័ក្រណា បន្តថា តម្រូវការភាសាចិននៅប្រទេសកម្ពុជា កាន់តែកើនឡើងជាលំដាប់ ស្របពេលដែលវិទ្យាស្ថានខុងជឺ បានចាត់គ្រូបង្រៀនជនជាតិចិនជាច្រើន មកកម្ពុជា ដើម្បីបង្រៀនភាសាចិន និងផ្លាស់ប្តូរបទពិសោធន៍។

នាយិកាភាគីកម្ពុជាវិទ្យាស្ថានខុងជឺរូបនេះ បានឲ្យដឹងទៀតថា នៅក្នុងវិស័យអប់រំភាសាចិន វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មានឈ្មោះ បោះសំឡេង ដែលរហូតទទួលបានងារ «វិទ្យាស្ថានខុងជឺគំរូ» ពីវិទ្យាស្ថានខុងជឺទីស្នាក់ការកណ្តាល (ហាន់ប៉ាន់) ក្នុងចំណោម វិទ្យាស្ថានខុងជឺទូទាំងពិភពលោក ហើយការមកដល់ របស់លោកគ្រូ អ្នកគ្រូ នាពេលនេះ គឺជាការជំរុញដល់ការសិក្សា និងស្វែងយល់ភាសា វប្បធម៌ ព្រមទាំងបានជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំង២ ហើយក៏ជាការបើកទំព័រថ្មី ក្នុងដំណើរជីវិតរបស់យើងទាំងអស់គ្នា៕