(ភ្នំពេញ)៖ យោងតាមសមិទ្ធផលវិស័យធនធានទឹក និងឧតុនិយម របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ២០១៧ ប្រព័ន្ធធារាសាស្ត្រខ្នាតតូច មធ្យម និងធំនៅកម្ពុជា មានចំនួន២.៤៨៣ប្រព័ន្ធ ដែលអាចផ្តល់សក្តានុពលទឹកសម្រាប់ការស្រោចស្រព លើផ្ទៃដីបង្កបង្កើនផលចំនួន១.៧១៦.៧២០ហិកតា ឬស្មើនឹង៩៣ភាគរយ នៃផ្ទៃដីបង្កបង្កើនផល។ នេះបើយោងតាមទស្សនាវដ្តីរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននាពេលថ្មីៗនេះ។

នៅក្នុងទស្សនាវដ្តីរបស់ខ្លួន ក្រសួងធនធានទឹក បានរម្លឹកថា ផ្តើមចេញពីប្រព័ន្ធធារាសាស្ត្រ ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវ៤០៧.០០០ហិកតា ឬស្មើរនឹងប្រមាណ១៨,០៦ភាគរយ នៃផ្ទៃដីបង្កបង្កើនផលនាឆ្នាំ១៩៩៨ ក្រសួងបានធ្វើការជួសជុលស្តារឡើងវិញ និងសាងសង់ថ្មីបន្ថែមទៀតជាបន្តបន្ទាប់ នូវប្រព័ន្ធធារាសាស្ត្រគ្រប់ប្រភេទ ប្រព័ន្ធការពារទឹកជំនន់ និងប្រព័ន្ធការពារទឹកប្រៃ ដែលតែងតែគម្រាមកំហែងដល់រាជធានីភ្នំពេញ ខេត្តមួយចំនួន និងដីស្រែចម្ការរបស់ប្រជាពលរដ្ឋ។

តាមរយៈទិន្នន័យខាងលើ មានន័យថា បញ្ហាទឹកនៅកម្ពុជា មិនទាន់អាចដោះស្រាយបានទាំងស្រុងនៅឡើយទេ ប៉ុន្តែគេក៏បានទទួលស្គាល់ដែរថា ការប្រឈមនឹងហានិភ័យដែលបណ្តាល មកពីទឹកត្រូវបានកាត់បន្ថយបានយ៉ាងច្រើន។ ស្ថិតនៅក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅតែចាត់ទុកថា ទឹកគឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពទាំងបួន ដែលត្រូវាបានយកចិត្តទុកដាក់អភិវឌ្ឍបន្ថែមទៀត។

ក្នុងន័យនេះ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យកាន់តែសកម្ម សំដៅធ្វើយ៉ាងណាពង្រីកសក្តានុពលប្រព័ន្ធស្រោចស្រព ឱ្យឈានទៅគ្រប់ដណ្តប់លើផ្ទៃដីបង្កបង្កើនផល ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

សូមបញ្ជាក់ថា ទស្សនាវដ្តីរបស់ក្រសួងធនធានទឹក ត្រូវបានចងក្រងឡើងកាលពីខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ ដែលបានសហការជាមួយដៃគូអភិវឌ្ឍន៍ ពិសេសទីភ្នាករងារសម្រាប់ការអភិវឌ្ឍន៍ (AFD)៕