(ស្វាយរៀង)៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមការងារដឹកនាំដោយលោក ចាប ណុល អភិបាលរងស្រុករមាសហែក និងមានការចូលរួមពីកម្លាំងសមត្ថកិច្ចការិយាល័យជំនាញនគរបាលសន្តិសុខ លោកអធិការនគរបាលស្រុករមាសហែក បានចុះទៅធ្វើការពន្យល់អំពីករណីសហគមន៍សាមគ្គីរមាសហែក ដែលត្រូវបានសមត្ថកិច្ច ហាមឃាត់ផ្អាកមិនឲ្យធ្វើសកម្មភាព កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០១៨ នៅភូមិត្រពាំងពពេល ឃុំអំពិល ស្រុករមាសហែក ដោយសារមិនមានច្បាប់អនុញ្ញាត។

ក្រោយពេលក្រុមការងារចុះជួបពួកគាត់ផ្ទាល់ ដើម្បីពន្យល់ណែនាំ លោកស្រី ខៀវ សារ៉ុន តំណាងសហគមន៍សាមគ្គីរមាសហែក ក៏បានសារភាព និងសុំអភ័យទោសពីក្រុមការងារ អំពីបញ្ហាខុសឆ្គង ដែលគាត់បានធ្វើសកម្មភាពបើកវគ្គបណ្តុះបណ្តាល ក្នុងនាមសហគមន៍សាមគ្គីរមាសហែក ដែលមិនមានច្បាប់អនុញ្ញាតពិតមែន។

សូមបញ្ជាក់ថា កាលពីម្សិលមិញ តំណាងសហគមន៍សាមគ្គីរមាសហែក បានចោទប្រកាន់ទៅលើមន្ត្រីអាជ្ញាធរ សមត្ថកិច្ចឃុំអំពិល និងស្រុករមាសហែក ខេត្តស្វាយរៀងថា បានរិតត្បិតមិនឲ្យមន្ត្រីរបស់សហគមន៍ បើកវគ្គបង្រៀនប្រជាពលរដ្ឋស្ដីពីជំនាញចិញ្ចឹមមាន់ និងការសន្សំប្រាក់នៅតាមមូលដ្ឋាន បើទោះបីជាសហគមន៍នេះ បានជូនដំណឹងដល់អាជ្ញាធររួចហើយក៏ដោយ។ ប៉ុន្តែមន្ត្រីអាជ្ញាធរបានបដិសេធ ទៅនឹងការចោទប្រកាន់នេះ និងអះអាងថា បើសហគមន៍នេះមានច្បាប់ទម្លាប់ត្រឹមត្រូវ នោះនឹងមិនហាមឃាត់ឡើយមានតែសហការ តែសហគមន៍នេះ បានត្រឹមតែនិយាយ មិនបង្ហាញលិខិតស្នាមផ្លូវច្បាប់អ្វីឡើយ។

ជាមួយគ្នានេះ លោក ពេញ ជា អភិបាលស្រុករមាសហែក បានឆ្លើយប្រាប់អង្គភាពព័ត៌មាន Fresh News ថា មន្ត្រីរបស់លោកពិតជា ចុះទៅហាមឃាត់មែន ព្រោះសហគមន៍នេះ គ្មានច្បាប់ទម្លាប់នោះទេ ចេះតែថា គ្មានច្បាប់ទម្លាប់ពីក្រសួងពីខេត្តអីនោះទេ គាត់ចេះតែអះអាងថា តែខ្លួនគាត់ប៉ុណ្ណោះ បើដូចអង្គការឬសហគមន៍ផ្សេងៗ គេមានច្បាប់ត្រឹមត្រូវ គឺអាជ្ញាធរមិនហាមឃាត់នោះទេ មានតែសហការ មិនតែប៉ុណ្ណោះ តាមការក្ដាប់ព័ត៌មានបាន គឺមន្ត្រីសហគមន៍ខាងលើ ប្រើរូបមន្តចុះបង្រៀន ប្រជាពលរដ្ឋពីជំនាញចិញ្ចឹមមាន់ តែធាតុពិតគឺកែនប្រជាពលរដ្ឋ ទៅធ្វើរឿងផ្សេងៗ ដូចជារឿងដីធ្លីជាដើម៕