(ចិន)៖ នៅទីក្រុង ចុងវ័យ តំបន់ស្វយ័ត នីងសៀរហួយ ភាគពាយ័ព្យប្រទេសចិន គេបានបង្កើតមជ្ឈមណ្ឌលមួយ ដែលផ្តល់សេវារក្សាទិន្នន័យ ក្នុងអ៊ីនធើណេត ឬ cloud computing។ មជ្ឈមណ្ឌលនេះ បានធ្វើឱ្យទីក្រុង ចុងវ័យ ដែលល្បីឈ្មោះថាមានទេសភាពស្រស់ស្អាត ក្លាយជាទីតាំងដ៏សំខាន់មួយដែលផ្តល់សេវានេះ។

នៅឯខាងក្នុងនៃមជ្ឈមណ្ឌលរក្សាទិន្នន័យ ក្នុងអ៊ីនធើណេតដែលទើបនឹងបង្កើតឡើងថ្មីៗមួយនេះ គេឃើញមានកុំព្យូទ័រមេ ឬ server ជាច្រើនជួរ កំពុងផ្តល់សេវាទិន្នន័យធំនិងសេវារក្សាទិន្នន័យក្នុងអ៊ីនធើណេត ឱ្យក្រុមហ៊ុនជាង១០០ស្ថាប័ន យ៉ាងស្ងាត់ស្ងៀម។

លោក កូវ សៀវកាង អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Shine Wonder និយាយថា «អ្វីដែលទាក់ទាញយើងខ្លាំងបំផុតនោះ គឺនៅទីក្រុង ចុងវ័យ យើងចំណាយប្រាក់តិចតួចប៉ុណ្ណោះ ដើម្បីបើកក្រុមហ៊ុន។ ក្រោយពីបានសិក្សារួចទៅ យើងរកឃើញថា ថ្លៃចំណាយសម្រាប់បើកក្រុមហ៊ុននៅទីនេះ គឺអស់តិចជាងកន្លែងផ្សេង ពី១៥ទៅ២០ភាគរយ»

ក្រុង ចុងវ័យ ស្ថិតនៅចំចំនុចកណ្តាលនៃប្រទេសចិនតែម្តង ដោយក្រុងនេះមានចម្ងាយមិនលើសពី២០០០គីឡូម៉ែតនោះទេ ពីទីក្រុងធំៗទាំងអស់ក្នុងប្រទេសចិន ជាហេតុនាំឱ្យក្រុង ចុងវ័យ ក្លាយជាទីតាំងដ៏សាកសមសម្រាប់បង្កើតបណ្តាញអុបទិក។

លោក វ៉ាន ស៊ីនហឹង អភិបាលក្រុង ចុងវ័យ និយាយថា «ថ្លៃចំណាយធំបំផុតក្នុងសេវារក្សាទិន្នន័យ ក្នុងអ៊ីនធើណេត គឺថ្លៃភ្លើង ពីព្រោះវាស៊ីអស់ជាង៥០ភាគរយនៃថ្លៃចំណាយសរុបទៅហើយ។ តំបន់ខាងលិច ផ្គត់ផ្គង់ភ្លើងបានជាប់ល្អ ហើយតម្លៃភ្លើងក៏ថោកគួរសមដែរ។ ដូច្នេះក្រុមហ៊ុនជាច្រើន ក៏មកបើកមណ្ឌលប្រតិបត្តិការនិងរោងចក្រផលិតសម្ភារៈរបស់គេ នៅតំបន់ខាងលិច ហើយបន្តទុកមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍របស់គេ នៅតាមទីក្រុងធំៗដូចជាប៉េកាំង សៀងហៃ និងគ័ងតុង ដដែល។ ធ្វើបែបនេះ គេមិនត្រឹមតែអាចកាត់បន្ថយចំណាយប៉ុណ្ណោះទេ តែក៏អាចបង្កើនប្រសិទ្ធភាពការងារផងដែរ»។

ក្រុង ចុងវ័យ បានកែទម្រង់ប្រព័ន្ធរដ្ឋបាលរបស់ខ្លួន និងបានបង្កើតស្ថានីយ៍ជាច្រើន សម្រាប់ផលិតថាមពលអគ្គីសនីពីខ្យល់ និង ពីពន្លឺព្រះអាទិត្យ។

លោក លី ពិន អនុប្រធាន មន្ទីរអភិវឌ្ឍន៍វិស័យរក្សាទិន្នន័យក្នុងអ៊ីនធើណេតនិងទិន្នន័យធំ ប្រចាំក្រុង ចុង វ័យ និយាយថា «មជ្ឈមណ្ឌលរក្សាទិន្នន័យថ្មីដែលយើងបានបង្កើតនេះ ប្រើបច្ចេកវិទ្យាស្អំអគារឱ្យត្រជាក់ ដោយប្រើខ្យល់ធម្មជាតិ ដូច្នេះយើងមិនត្រឹមតែអាចកាត់បន្ថយលុយលើម៉ាស៊ីនត្រជាក់ប៉ុណ្ណោះទេ តែក៏ជួយដល់បរិស្ថាននិងកាត់បន្ថយការបំភាយឧស្ម័នទៅក្នុងបរិយាកាសផងដែរ។ ការប្រើប្រាស់អគ្គីសនីនៅក្នុងមណ្ឌលនេះ មានអត្រាប្រសិទ្ធភាពដល់ទៅ ១លើ១ ឯណោះ។ គឺល្អជាងឆ្ងាយណាស់ បើធៀបនឹងអត្រាជាមធ្យម ២លើ៥ របស់ជាតិ»

រហូតមកដល់បច្ចុប្បន្ន ទីក្រុង ចុងវ័យ បានទាក់ទាញក្រុមហ៊ុនធំៗជាច្រើន ដែលផ្តល់សេវារក្សាទិន្នន័យក្នុងអ៊ីនធើណេត ឱ្យមកបើកការិយាល័យសាខារបស់គេនៅទីនេះ។ ក្នុងនោះ មានដូចជាក្រុមហ៊ុន អាម៉ាហ្សូន (Amazon) ក្រុមហ៊ុន ឈីហ៊ូ ៣៦០ (Qihoo 360) ក្រុមហ៊ុនអាលីបាបា និងក្រុមហ៊ុនល្បីៗជាង១៤០ក្រុមហ៊ុនផ្សេងទៀត។

កត្តានេះ ធ្វើឱ្យក្រុង ចុងវ័យ មានប្រាក់ចំនូលច្រើនជាងមុន ដោយកើនពី២៥០លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៣ ឡើងមកដល់៣៥០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧៕