(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ ដែលទើបឡើងកាន់តំណែង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខណ្ឌលោក ហាស់ កំសាន្ដ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះថា កម្លាំងនគរបាលរបស់លោក បានបន្តបើកការស៉ើបអង្កេត រហូតឈានដល់ការបង្ក្រាបឃាត់ខ្លួនជនជាតិវៀតណាម និងខ្មែរ២នាក់ ដកហូតបានថ្នាំញៀនចំនួន៥៤កញ្ចប់ថង់តូច រួមជាមួយដាវកែច្នៃ១ដើមផងដែរ ក្នុង២ករណីផ្សេងគ្នា ពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅត្រង់ចំណុចក្រុមទី៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ។

លោកវរសេនីយ៍ឯកអធិការខណ្ឌ គល់ យី បានបញ្ជាក់ថា ក្រោយពីបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ តាមបទបញ្ជាពីនាយឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការស្រាវជ្រាវ ក្នុងការកំណត់បាននូវទីតាំង និងពេលវេលារបស់មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន រហូតមកដល់នៅព្រឹកមិញនេះ កម្លាំងនគរបាលខណ្ឌ និងប៉ុស្ដិ៍រដ្ឋបាលសង្កាត់ស្វាយប៉ាក បានបើកការបង្ក្រាបតែម្ដង ដោយក្នុងប្រតិបត្តិការនោះ កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ជាជនជាតិវៀតណាម រកឃើញដកហូតបានថ្នាំញៀន២កញ្ចប់ថង់តូច ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

លោក គល់ យី បានបញ្ជាក់ទៀតថា ភ្លាមៗនោះ បន្ទាប់ពីបង្ក្រាបបានជនសង្ស័យជាជនជាតិវៀតណាម នៅព្រឹកថ្ងៃខែឆ្នាំដដែលនេះ កម្លាំងនគរបាលនៅតែបន្តសកម្មភាព រហូតឈានទៅដល់ការ បង្ក្រាបបន្ថែម១ករណីទៀត ឃាត់ខ្លួនជនសង្ស័យជាខ្មែរម្នាក់ទៀត ដកហូតបានថ្នាំញៀន ចំនួន៥២កញ្ចប់ថង់តូច និងដាវកែច្នៃ១ដើមផងដែរ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

លោកអធិការខណ្ឌថ្មីបន្តថា ជនសង្ស័យឈ្មោះ ឌឹន យ៉ាំងហ្សើ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម ទីលំនៅ និងមុខរបរនមិនពិតប្រាកដ (ពីបទប្រើប្រាស់) និងម្នាក់ទៀតឈ្មោះ មាន រិត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ (ពីបទជួញដូរ)។

ក្រោយបង្ក្រាបជនសង្ស័យទាំង២នាក់ ពីបទប្រើប្រាស់ និងជួញដូរគ្រឿង រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តនិតិវិធីសាកសួរកបក្ខពួក ដែលនៅសេសសល់ និងឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕