(កែប)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងឲ្យដឹងថា ប្រជាពលរដ្ឋ នៅខេត្តកែប​ទាំងមូល ដែលបានចូលរួមបោះឆ្នោតជាតិ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ ក្នុងចំនួនច្រើនជាងគេ រហូតជាង ៩០% ជាប់លេខ ០១ ទូទាំងប្រទេស និងជាប់លេខពីរ ក្នុងការបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ហើយយើងពិតជាមានការរីករាយ ដោយបានសម្តេចតេជោ នាយករដ្ឋមន្ត្រី បន្តដឹកនាំរាជរដ្ឋាភិ បាលក្នុងអណត្តិទី០៦ នេះបន្តទៀត។

ការថ្លែងបែបនេះ របស់លោក​កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានធ្វើឡើងក្នុងឱកាសដែលលោក និងក្រុមការងារចុះជួយខេត្តកែប ​បានអញ្ជើញ ជាអធិបតី​ក្នុងពិធី​ជួបសំណេះសំណាល និងដាក់ឲ្យប្រើប្រាស់នូវ ក្លោងទ្វារ និងរបងសាលាប្រវែង៩២ ម៉ែត្រ អគារស្នាក់នៅរបស់គ្រូ ០១ខ្នង ៤បន្ទប់ អគារសិក្សា ០១ ខ្នង ០៣បន្ទប់ និងបន្ទប់ទឹកមួយខ្នង ០២បន្ទប់ នៃសាលាបឋមសិក្សាចំការស្វាយ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងចាត់ចែងដំណើរការសាងសង់ដោយលោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ អស់ទឹកប្រាក់ចំនួន ២៥៣.០២២.៧៥០ រៀល ត្រូវបាន​​ប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ នៅព្រឹកថ្ងៃអាទិត្យ ០៧រោជ ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ក្នុងទីតាំងសាលាបឋមសិក្សាចំការស្វាយ ស្ថិតក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប​។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារចុះជួយខេត្តកែប ដែលបានអញ្ជើញ ជាអធិបតី​ក្នុងពិធីនោះ បានអញ្ជើញមានមតិសំណេះសំណាល ដោយបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងផ្ញើការថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ នៅខេត្តកែប​ទាំងមូល ដែលបានចូលរួមបោះឆ្នោតជាតិ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ ក្នុងចំនួនច្រើនជាងគេ រហូតជាង ៩០% ជាប់លេខ​​១ ទូទាំងប្រទេស និងជាប់លេខ២ ក្នុងការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ហើយយើងពិតជាមានការរីករាយ ដោយបានសម្តេចតេជោ នាយករដ្ឋមន្ត្រី បន្តដឹកនាំរាជរដ្ឋាភិបាល ក្នុងអណត្តិទី០៦ នេះបន្តទៀត។

លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ បានលើកឡើងពីតម្លៃសន្តិភាព ដែលកើតឡើងដោយនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ ជាក់ស្តែងតំបន់នេះ ដែលធ្លាប់ជាតំបន់រឹងមាំ របស់ពួកខ្មែរក្រហម តែងបង្កអសន្តិសុខ និងសង្គ្រាមជារឿយៗ ក៏ត្រូវបានរំលាយអង្គការចាត់តាំងរបស់ខ្លួន តាមរយៈនយោបាយឈ្នះៗនេះ ហើយបានធ្វើសមាហរណកម្មរួមរស់ ជាមួយរាជរដ្ឋាភិបាល កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៤ ទាំងស្រុង។ ជាបណ្តើរៗ តំបន់នេះបានប្រែក្លាយការអភិវឌ្ឍន៍របស់ខ្លួន ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់សម្តេចប្រមុខរាជរដ្ឋាភិបាល ដោយសម្តេចបានកសាងជូននូវ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន នៅទីនេះ។ ជាពិសេស ក្នុងបរិវេណសាលាបឋមសិក្សាចំការស្វាយនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីទើបផ្តល់ជូននូវ អគារសិក្សា០១ ខ្នង ០៥បន្ទប់ បន្ទប់ទឹក០១ ខ្នង ០៤បន្ទប់ ដោយទើបដាក់សម្ពោធឲ្យប្រើប្រាស់ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ។

ការសម្ពោធសមិទ្ធផលបន្ថែម ជាអំណោយ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី នាថ្ងៃនេះ លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានចាត់ទុកថាមានផលប្រយោជន៍ខ្លាំង ណាស់សម្រាប់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ និងជាការលើកកម្ពស់គុណភាព នៃវិស័យអប់រំ។ លោកបានស្នើឲ្យមានការយកចិត្តទុកដាក់ ថែរក្សាទាំងអស់គ្នា ទាំងបរិស្ថាន និងទីធ្លាសាលា ពីព្រោះថ្ងៃក្រោយទីតាំងនេះ នឹងអាចបង្កើតថែមទៀត ជាវិទ្យាល័យក្នុងនេះតែម្តង។

ស្ថិតក្នុងឱកាសនោះ លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានប្រគល់រង្វាន់លើកទឹកចិត្ត ដល់សិស្សទើបប្រឡងបញ្ចប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ តាមនិទ្ទេសផងដែរ ក្នុងនោះ សិស្សនិទ្ទេស B ចំនួន ០៦ នាក់ ម្នាក់ៗទទួល បាន ៤០ ម៉ឺនរៀល សិស្សនិទ្ទេស C ចំនួន ២២ នាក់ ម្នាក់ៗ ២០ ម៉ឺនរៀល និទ្ទេស D ៧៦ នាក់ ម្នាក់ៗ ១០ ម៉ឺនរៀល និងនិទ្ទេស E ១៤៥ នាក់ ម្នាក់ៗ ទទួលបាន ៥ ម៉ឺនរៀល។

ដោយឡែក ជាការដោះស្រាយជាក់ស្តែង នៅនឹងកន្លែង ដែលជាសំណូមពររបស់លោកគ្រូអ្នកគ្រូ លោកកិត្តិសេដ្ឋាបណ្ឌិត ប្រធានក្រុមការងារសម្រេចផ្តល់ជូន កំព្យូទ័រលើតុ ចំនួន ០២គ្រឿង, ម៉ាស៊ីន Printer ០១គ្រឿង និងម៉ាសន Scanner ០១គ្រឿង និងបានឧបត្ថម្ភថវិកា ក្រមា និងសម្ភារៈសិក្សា ដល់លោកគ្រូអ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ និងសិស្សានុសិស្ស ផងដែរ៕