(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំពាវនាវដល់មន្ដ្រីសុខាភិបាល គ្រូពេទ្យទូទាំងប្រទេសត្រូវបន្ដពង្រឹង និងពង្រីកគុណភាពសេវាព្យាបាល ជូនប្រជាពលរដ្ឋ ដោយយកចិត្ដទុកដាក់ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់។

រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ថ្លែងបន្ដថា «គ្រូពេទ្យ មានតួនាទីដ៏សំខាន់បំផុត ក្នុងការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ សុវត្ថិភាព និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដូចនេះយើងត្រូវមានការទំនួលខុសត្រូវខ្ពស់ ទាំងចំណេះ ជំនាញ និងបទពិសោធន៍ ធ្វើអ្វីមួយត្រូវមានការប្រុងប្រយ័ត្នជានិច្ច ពិសេសត្រូវចាត់ទុកថា អ្នកជំងឺដូចជាសមាជិកគ្រួសាររបស់យើងមួយរូបផងដែរ ហើយបើមានការខ្វះខាតអ្វីមួយ នៅក្នុងអង្គភាពត្រូវចេះអប់រំគ្នាទៅវិញទៅមក និងជួយលើកទឹកចិត្ដគ្នាទៅវិញទៅមក ដែលនេះជាផ្នែកមួយដ៏សំខាន់ ក្នុងការបំពេញកិច្ចការងារបម្រើសេវាព្យាបាលសុខភាព ជូនប្រជាពលរដ្ឋរបស់យើង បានយ៉ាងរហ័សទាន់ចិត្ដ និងមានប្រសិទ្ធិ» ។

ការថ្លែងដូច្នេះរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងឱកាសចុះទៅពិនិត្យនៅតាមមូលដ្ឋានសុខាភិបាល នៅមន្ទីរពេទ្យបង្អែក ពញាឮ ខេត្ដកណ្ដាល នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «ក្រសួងសុខាភិបាល តែងតែពិនិត្យតាមដានមើលពីការវិវឌ្ឍន៍ ឬការរីកចម្រើន របស់ក្រុមគ្រូពេទ្យទូទាំងប្រទេស ដើម្បីធានាបាននូវការផ្ដល់សេវា ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាព ពិសេសដើម្បីធ្វើការបំពេញបន្ថែមការខ្វះខាត និងលើកទឹកចិត្ដដល់គ្រូពេទ្យ ឲ្យបំពេញការងារឲ្យបានល្អ ហើយមានការខ្វះខាតបច្ចេកទេស យើងនឹងបើកវគ្គបណ្ដុះបណ្ដាលបន្ថែម និងផ្ដល់សម្ភារបរិក្ខារពេទ្យជូនដល់មណ្ឌល ឬមន្ទីរពេទ្យបន្ថែម»។

រដ្ឋមន្ដ្រីបន្ដថា «ការចុះមកពិនិត្យនៅថ្ងៃនេះ ឃើញថា អគារព្យាបាលនីមួយៗ នឹងការបំពេញការងាររបស់ក្រុមគ្រូពេទ្យបានល្អ ពិសេសអាគារព្យាបាលជំងឺមហារីក និងថែទាំទារកទើបនឹងកើតផង ក្រោមជំនួយរបស់ជប៉ុន ដែលបានផ្ដល់សេវាព្យាបាល ថែទាំ និងវះកាត់ ដោយឥតគិតថ្លៃ ។តែទោះជាយ៉ាងណាក៏ដោយ ក៏យើងនៅតែបន្ដពង្រឹងមុខវិជ្ជាជីវៈរបស់លោកគ្រូអ្នកគ្រូពេទ្យ ដើម្បីកាន់តែផ្ដល់សេវាជូនពលរដ្ឋយើងដោយភាពកក់ក្ដៅ និងប្រសិទ្ធភាពខ្ពស់បន្ថែមទៀត» ។

លោកសាស្ដ្រាចារ្យបន្ដថា ជាស្ថិតិប្រជាពលរដ្ឋប្រមាណ៨៥% បានមកទទួលសេវាពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកនេះ។ សម្រាប់នៅបណ្ដាខេត្ដផ្សេងៗក្រសួង ក៏កំពុងតែសាងសង់មន្ទីរពេទ្យ នៅខេត្ដបាត់ដំបង ប៉ៃលិន ឧត្ដរមានជ័យ សៀមរាប ត្បូងឃ្មុំ និងតាមបណ្ដារាជធានីខេត្ដផ្សេងៗ ដើម្បីថែទាំសុខភាពជូនប្រជាពលរដ្ឋ ។

ក្នុងឱកាសនោះ អ្នកស្រី ឆាន សុរិន រស់នៅខេត្ដកំពង់ឆ្នាំង ដែលមកទទួលសេវាព្យាបាល នៅមន្ទីរពេទ្យបង្អែកនេះ បានឲ្យដឹងថា «ខ្ញុំ និងគ្រួសារខ្ញុំ ឲ្យតែឈឺដឹងតែមកព្យាបាលនៅពេទ្យនេះ ដោយអ្នកគ្រូពេទ្យ លោកគ្រូពេទ្យ យកចិត្ដទុកដាក់ និងព្យាបាលដោយអត់អស់លុយទៀត ថ្នាំក៏ពូកែ។ ទោះខ្ញុំអត់លុយ ក៏អ្នកគ្រូពេទ្យយើង​មិនទុកចោលដែរ។ ហើយមានការវះកាត់អី​ នៅនេះ​មានគ្រូពេទ្យពីជប៉ុនអ្នកជួយវះកាត់ដោយអត់យកលុយនោះទេ ហេតុនេះហើយឃើញថា ប្រជាពលរដ្ឋយើង មិនថានៅស្រុកខេត្ដហ្នឹង ឬនៅតាមបណ្ដាខេត្ដផ្សេងៗក៏មានព្យាបាលនៅទីនេះដែរ។ ពួកយើងសប្បាយចិត្ដណាស់ ហើយខ្ញុំសូមថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានយកចិត្ដទុកដាក់លើប្រជាពលរដ្ឋ ដែលបាននាំយកសេវាព្យាបាលល្អៗចឹងមកជូនពួកយើង ហើយយើងខ្ញុំសូមបន្ដឲ្យមានសេវាព្យាបាលនឹងឲ្យមានច្រើនបន្ថែមទៀត» ។

សូមជម្រាបថា នៅថ្ងៃទី១៧ ខែកញ្ញា ម្សិលមិញនេះ រដ្ឋមន្ដ្រី ក្រសួងសុខភិបាល ក៏បានចុះសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យព្រះអង្គឌួងផងដែរ ហើយប្រជាពលរដ្ឋ ក៏បានសម្ដែងនូវការពេញចិត្ដ ទៅលើសេវាកម្មព្យាបាលរបស់គ្រូពេទ្យ ដោយបានយកចិត្ដទុកដាក់លើការថែទាំ និងពិនិត្យព្យាបាលជំងឺជូនពួកគាត់ ដោយយកចិត្ដទុកដាក់ ទោះពួកគាត់ប្រើប្រាស់ប័ណ្ណ ប.ស.ស ឬមូលនិធិសមធម៌របស់រាជរដ្ឋាភិបាលក្ដី ៕