(ភ្នំពេញ)៖ ក្រុមជនសង្ស័យចំនួន៨នាក់ ក្នុងនោះមានទាំងអ្នកប្រើប្រាស់គ្រឿងញៀន៣នាក់, ជួញដូរគ្រឿងញៀន២នាក់, លួចម៉ូតូ២នាក់, និងលួចទូរស័ព្ទម្នាក់ ស្មើនិង៦ករណីផងដែរ ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវ បើកការស្រាវជ្រាវ និងបង្ក្រាបជាក់ស្ដែងឃាត់ខ្លួនបាន ដោយដកហូតវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួន។

នេះបើ​តាមការឲ្យដឹងពី លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ ​ថ្លែងប្រាប់ភ្នាក់ងារយកព័ត៌មាន Fresh News​ ប្រចាំខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។

លោកវរសេនីយ៍ឯក គល់ យី បានបញ្ជាក់ថា ចំពោះជនសង្ស័យទាំង៨នាក់ ដែលកម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍រដ្ឋបាល ក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ បង្ក្រាបឃាត់ខ្លួនបានក្នុងបទល្មើសផ្សេងៗគ្នានេះ គឺបានអនុវត្តធ្វើឡើងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ។

បើតាមលោកអធិការ ករណីទី១៖​បង្ក្រាបជាក់ស្ដែង​ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតបានថ្នាំញៀនចំនួន២កញ្ចប់ នៅត្រង់ចំណុចតាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងក្រិម១០ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦។ ករណីទី២៖​ឃាត់ខ្លួនបានអ្នកប្រើប្រាស់គ្រឿងញៀន២នាក់ទៀត, ម្នាក់ជាជនជាតិវៀតណាម និងម្នាក់ទៀតជនជាតិខ្មែរ និងដកហូតបានក្រាមពណ៌សថ្លា​១កញ្ចប់ ឧបករណ៍ប្រើប្រាស់មួយចំនួន នៅត្រង់ចំណុចក្រុម៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក។ ករណីទី៣៖​ឃាត់ខ្លួនបានអ្នកប្រើប្រាស់គ្រឿងញៀនម្នាក់ ដកហូត​ថ្នាំញៀនចំនួន៣កញ្ចប់ និងម៉ូតូ១គ្រឿងម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ​1FJ-4779 នៅត្រង់ចំណុចក្រុម១ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក។

ករណីទី៤៖​បង្ក្រាបជាក់ស្ដែង ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ពីបទលួចឆ្កិះសោម៉ូតូ Zoomer-X ១គ្រឿង ពណ៌ស លាយពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ1GI-9125 នៅត្រង់ចំណុចផ្ទះគ្មានលេខមួយកន្លែង ក្នុងក្រុម២ ភូមិក សង្កាត់ច្រាំងចំរេះទី២។ ករណីទី៥៖ ​ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ពីបទលួចយកទូរស័ព្ទដៃ១គ្រឿង ម៉ាក OPPO F7 នៅត្រង់ចំណុចលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងក្រុម២ ភូមិលូ សង្កាត់ស្វាយប៉ាក។ ករណីទី៦៖ ស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យ២នាក់ និងដកហូតម៉ូតូ១គ្រឿងម៉ាកហុងដា CLICK សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ.ព1BT-4544 យកមកប្រគល់ទៅឲ្យជនរងគ្រោះវិញបណ្ដោះអាសន្នផងដែរ ដោយសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍គងណយ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៅត្រង់ចំណុចក្នុងភូមិត្រពាំងសំរិទ្ធ សង្កាត់គងណយ។

ទោះបីយ៉ាងណា​ លោកអធិការនគរបាលខណ្ឌឬស្សីកែវ គល់ យី បានឲ្យដឹងផងដែរថា ក្រុមជនសង្ស័យទាំង៨នាក់ ពាក់ព័ន្ធបទល្មើសផ្សេងៗគ្នា រួមជាមួយវត្ថុតាង ត្រូវបាននិងកំពុងឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាន ដើម្បី​កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕