(ភ្នំពេញ)៖ សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានប្រតិកម្មភ្លាមៗចំពោះការបង្ហោះព័ត៌មាន និងការអំពាវនាវរបស់ឧកញ៉ា ឌួង ឆាយ មិនឲ្យប្រជាពលរដ្ឋខ្មែរបរិភោគសាច់ជ្រូក និងបានអំពាវនាវប្រជាពលរដ្ឋកុំឲ្យជឿលើការផ្សព្វផ្សាយមួយនេះ។

ប្រតិកម្មរបស់សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានធ្វើឡើងបន្ទាប់ពីឧកញ៉ា ឌួង ឆាយ កាលពីថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ បានបង្ហោះរូបភាពជ្រូកងាប់មួយសន្លឹក ដោយបានអះអាងថា ជាជ្រូកងាប់នៅក្នុងប្រទេសវៀតណាម ហើយថែមទាំងអំពាវនាវប្រជាពលរដ្ឋកុំឲ្យបរិភោគសាច់ជ្រូកថែមទៀតផងដែរ។

តាមរយៈទំព័រ Facebook ផ្លូវការរបស់ខ្លួន សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា សមាគមបានតាមដានព័ត៌មាននេះយ៉ាងផ្ចិតផ្ចង់ជារៀងរាល់ថ្ងៃ ពីការចិញ្ចឹមជ្រូក ស្ថានភាពជំងឺ និងស្ថានភាពទីផ្សារជ្រូកទាំងក្នុង និងក្រៅប្រទេសផងដែរ។

សមាគមអ្នកចិញ្ចឹមសត្វបានបញ្ជាក់ថា រូបភាពដែលឧកញ៉ា ឌួង ឆាយ បានបង្ហោះនោះ ជារូបភាពចាស់ចុះផ្សាយក្នុងសាព័ត៌​មាន​វៀតណាមឈ្មោះ Dtinews.vn កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧មកម្ល៉េះ កាលពីទឹកលិចនៅវៀតណាម ក្នុងខេត្ត Thanh Hoa។

សមាគមអ្នកចិញ្ចឹមសត្វ បានអះអាងថា បច្ចុប្បន្នពុំមានជ្រូកណាមួយមកពីប្រទេសវៀតណាមទេ ដូច្នេះសូមកុំជឿព័ត៌មាន ដែលបានចែករំលែកលើបណ្តាញសង្គម Facebook ដោយមិនមានប្រភពច្បាស់លាស់នេះឲ្យសោះ។

ការផ្សព្វផ្សាយព័ត៌មានមិនច្បាស់លាស់នាំឲ្យមានការខឹងសម្បាយ៉ាងខ្លាំងពីអ្នកចិញ្ចឹមជ្រូកនៅកម្ពុជា ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ទីផ្សារសាច់ជ្រូកនៅកម្ពុជា។ ក្រោយពីមានប្រតិកម្មជាបន្តបន្ទាប់ពីសមាគម ក៏ដូចជាអ្នកចិញ្ចឹមជ្រូកនេះ ឧកញ៉ា ឌួង ឆាយ ក៏បានចេញមកប្រកាសសុំទោសចំពោះកំហុសឆ្គងលើការផ្សព្វផ្សាយរបស់ខ្លួនផងដែរ។

ឧកញ៉ា ឌួង ឆាយ បានសរសេរលើទំព័រ Facebook របស់ខ្លួនយ៉ាងដូច្នេះ «សូមទោសពូមីងបងប្អូនដែល ADMIN FB PAGE របស់ខ្ញុំបានបង្ហោះករណីរឿងជ្រូកដោយសារមើលព័ត៌មានខុសឆ្នាំ។ ខ្ញុំទើមតែចុះពីយន្តហោះយប់មិញមកពីប្រទេសសឹង្ហបុរីដោយអស់កម្លាំងកាយពេក ក៏បានគេងលក់ទើមតែភ្ញាក់ពីដំណេកបានឃើញហើយស្រាវជ្រាវដោះស្រាយ។ អ្វីៗដែលខ្ញុំព្យាយាមធ្វើកន្លងរហូតមក គឺដើម្បីចែករំលែក និងបារម្ភពីសុខភាពរបស់ពូមីងបងប្អូនទាំងអស់គ្នា ហើយក៏មិនដែលមានចេតនាចង់ឲ្យមានផលប៉ះពាល់ដែរ ឬចង់ល្បីដូចអ្នកខ្លះបានគិត និងថាឲ្យខ្ញុំ។ អ្នកទាំងអស់គ្នាច្បាស់ជាស្គាល់ចរិតពិតរបស់ខ្ញុំច្បាស់ហើយ»

បើទោះបីជាយ៉ាងណា ឧកញ៉ា ឌួង ឆាយ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋពិនិត្រឲ្យបានល្អិតល្អន់មុននឹងទិញសាច់យកទៅបរិភោគផងដែរ៕