(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារ ជាមួយលោក Holger van Eden ទីប្រឹក្សាមូលនិធិបូរិយវត្ថុអន្តរជាតិ (IMF) និងសហការី អំពីលទ្ធផលនៃ បេសកកម្មត្រួតពិនិត្យការអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Financial Management Information System - FMIS) និងផ្លាស់ប្តូរទស្សនៈ នៃការអនុវត្តគម្រោង FMIS។

ថ្លែងក្នុងឱកាសជួបពិភាក្សាការងារ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានផ្តល់ជំនួយបច្ចេកទេស លើការត្រួតពិនិត្យ និងគាំទ្រសមត្ថភាពសម្រាប់ការអនុវត្តគម្រោង FMIS ដើម្បីធានាថា ការអនុវត្តសម្រេចបានតាមគោលដៅ ដែលបានដាក់ចេញក្នុងផែនការយុទ្ធសាស្រ្ត នៃការអនុវត្ត គម្រោង FMIS ជំហានទី២ និងស្របតាមឧត្តមានុវត្តន៍អន្តរជាតិ។

លោក Holger van Eden សម្តែងការអបអរសារទចំពោះវឌ្ឍនភាព នៃការអនុវត្តគម្រោង FMIS និងបានជម្រាបជូន លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អំពីលទ្ធផលបេសកកម្មនៅកម្ពុជា ទាំង៤លើកកន្លងមក ដែលក្នុងនោះ មានចំណុចដែលត្រូវដោះស្រាយ ក្នុងរយៈពេលខ្លី និងមធ្យម ដូចជា ការពង្រឹង និងកែលម្អប្រព័ន្ធ FMIS ទាំងសមាសធាតុស្នូល និងចំណាត់ថ្នាក់ថវិកា, មុខងាររបស់អ្នកប្រើប្រាស់ និងការរៀបចំឡើងវិញ នៃនីតិវិធីការងារ។

លោករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ និងសង្កត់ធ្ងន់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តពង្រឹងលើការងារ គ្រប់គ្រងគម្រោង FMIS ដោយត្រូវពង្រីកប្រព័ន្ធដល់គ្រប់ក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី-ខេត្ត ព្រមទាំងរៀបចំនីតិវិធីការងារ សម្រាប់គម្រោង FMIS ឲ្យស្របតាមដំណើការបរិបទថវិកាថ្មី និងលំហូរការងារ នៃក្រសួងស្ថាប័ន។

ទន្ទឹមនេះ, ដើម្បីធ្វើឲ្យនីតិវិធីការងារ ទៅអនាគតកាន់តែមានភាពសាមញ្ញ និងងាយស្រួលទាំងការងារអនុវត្តថវិកា និងប្រព័ន្ធ FMIS, រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្តយុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកា ២០១៨-២០២៥ ព្រមទាំងបាននិងកំពុងរៀបចំ ផែនការសកម្មភាពលម្អិតនៃយុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកា ២០១៨-២០២៥, រៀបចំយុទ្ធសាស្រ្ត នៃការទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ និងយុទ្ធសាស្រ្ត នៃការកែទម្រង់ ប្រព័ន្ធថវិកាថ្នាក់ក្រោមជាតិ ដែលនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០១៨ ខាងមុខនេះ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ទៀតថា តាមរយៈយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ខាងលើនេះ, បញ្ហាប្រឈមនានា នឹងត្រូវបានដោះស្រាយជាប្រព័ន្ធ ដើម្បីធានាថា ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ មានប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព, គណនេយ្យភាព និងតម្លាភាព៕