(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ​បានបន្តជួបសំណេះសំណាលជាមួយ លោកវេជ្ជបណ្ឌិត PETER STUDER ប្រធានថ្មី នៃមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ជំនួសលោកវេជ្ជបណ្ឌិត Beat Richner។

លោកវេជ្ជបណ្ឌិត PETER STUDER ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តសៀមរាប ដែលបានសម្របសម្រួល និងរៀបចំកន្លែងគោរពវិញ្ញាណក្ខន្ធ លោកវេជ្ជបណ្ឌិត Beat Richner។

លោកបានអះអាងថា មន្ទីរពេទ្យគន្ធបុប្ផា នៅតែបន្ដដំណើរការ ពោលនៅតែទទួលអ្នកជំងឺដូចសព្វមួយដង ដោយលោកក៏បានសន្យាដែរថា នឹងនៅតែបន្ដរកមូលនិធិដើម្បីគាំទ្រ និងទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា។

ជាមួយគ្នានេះ ​​លោក ឃឹម ប៊ុនសុង បាន​ថ្លែងអំណរគុណដល់​រដ្ឋាភិបាល និងប្រជាជនស្វីស ពិសេសសប្បុរសជាតិ-អន្ដរជាតិ ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់មន្ទីរពេទ្យគន្ធបុប្ផាកន្លងមក​ដើម្បីជួយពិនិត្យ និងព្យាបាលដល់កុមារ និងស្ដ្រីមានផ្ទៃពោះនៅកម្ពុជា៕​