(ភ្នំពេញ​)៖​ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់​ ដែលបានប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃពណ៌ខ្មៅ)​ នៅចំណុចមុខផ្ទះលេខ៨ ផ្លូវលេខ២៩៤ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៣៖០០នាទី។

លោក​ ប៊ុន​ សត្យា​ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិត​ស្រាល​ នៅល្ងាចថ្ងៃទី១៧​ ខែកញ្ញា ឆ្នាំ២០១៨ បានប្រាប់ភ្នាក់ងារ​ Fresh News ឲ្យដឹងថា​ កម្លាំងជំនាញរបស់ការិយាល័យ​ បានធ្វើការស្រាវជ្រាវ​ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់​ នៅចំណុចផ្ទះសំណាក់​យីហោ​ ទិត​ ហួរ ផ្លូវលំ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ការឃាត់ខ្លួននេះ សមត្ថកិច្ចបានដកហូតអាវុធខ្លី​ មួយដើម​ម៉ាក​ GLOCK19​ ពណ៌ខ្មៅ លេខ​ AAMY860​ ផលិតនៅប្រទេសអាមេរិកចំនួន​ និងបង់អាវុធខ្លីចំនួន​មួយ មានគ្រាប់​ចំនួន៤ ជារបស់ជនរងគ្រោះឈ្មោះ ម៉េង វិមានតារា​ ហើយសមត្ថកិច្ច បានឃាត់យកមកស្នងការនគបាលរាជធានីភ្នំពេញ​ ដើម្បីធ្វើការសាកសួរ។

លោក​ ប៊ុន​ សត្យា​ បានបន្តទៀតថា​ ជនសង្ស័យមានឈ្មោះ ម៉ន សំនៀង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅផ្ទះលេខ៦០E0Z ផ្លូវលេខ១២២ ក្រុម៧០ សង្កាត់មិត្តភាព ខណ្ឌ៧មករា​។ ចំណែកឯជនរងគ្រោះមានឈ្មោះ ម៉េង វិមានតារា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរនគរបាល ស្នាក់នៅផ្ទះលេខ១៥៤ ផ្លូវបេតុង ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សម្ភារៈដែលបាត់បង់នោះ រួមមាន៖ អាវុធខ្លីម៉ាក GLOCK19 ពណ៌ខ្មៅ លេខAAMY860 ផលិតនៅប្រទេសអាមេរិកមួយដើម, បង់អាវុធខ្លីចំនួនមួយ, គ្រាប់ចំនួន១៥, ទូរសព្ទ័ដៃម៉ាក Samsung Galaxy S9 ពណ៌ខ្មៅ, បណ្ណសម្គាល់យានយន្ត ពាក់ស្លាកលេខ ភ្នំពេញ 2AC- 8798, បណ្ណបើកបរចំនួន១, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចំនួន១, កាត ATM ចំនួន៤សន្លឹក, ប្រាក់រៀលចំនួន ៤លានរៀល និងប្រាក់ដុល្លារ ២០ដុល្លារអាមេរិក។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕