(ភ្នំពេញ)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានជួបសវនាការការងារជាមួយនឹង ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដឹកនាំដោយលោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។

លោក ម៉ម ប៊ុននាង បានលើកឡើងថា ការចុះជួបសវនាការនាពេលនេះ គឺដើម្បីតាមដានការអនុវត្តច្បាប់ស្តីពី «ការប្រឆាំងអំពើពុករលួយនៅកម្ពុជា» ដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាព និងដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មានស្តីពី៖ ១-យុទ្ធសាស្រ្ត និងគោលនយោបាយប្រឆាំងអពើពុករលួយ ២- វឌ្ឍនភាព និងបញ្ហាប្រឈមនានា នៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ៣- វិធានការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច និង៤-ការកសាងឯសារគតិយុទ្ធផ្សេងៗ ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការប្រឆាំងអំពើពុករលួយ នៅសាលប្រជុំព្រះវិស្ណុ នៃអង្គភាពប្រឆាំងអំពើពុករលួយ រាជធានីភ្នំពេញ។

ក្នុងឱកាសជួបពិភាក្សាការងារនោះ លោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានលើកឡើងថា កម្ពុជាកំពុងតែខិតខំ ប្រយុទ្ធប្រឆាំង អំពើពុករលួយ ហើយការងារនេះ ជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាល។ ការប្រយុទ្ធប្រឆាំងអំពើពុករលួយគឺធ្វើឱ្យម្នាក់ៗប្រកាន់យកផ្នត់គំនិត មិនចង់ពុករលួយ មិនអាចពុករលួយ និងមិនហានពុករលួយ តាមរយៈការចាត់វិធានការអប់រំ បង្ការទប់ស្កាត់ និងអនុវត្តច្បាប់ បង្ក្រាបបទល្មើសពុករលួយ ដោយមានការចូលរួមគាំទ្រពីមហាជន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ជាពិសេសការប្រឆាំងអំពើពុករលួយនេះគឺធ្វើឡើងគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់។

លោក តុប សំ បានបន្តថា ស្ថាប័នប្រឆាំងអំពើពុករលួយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការប្រយុទ្ធប្រឆាំងអំពើពុករលួយលើគ្រប់វិស័យ គ្រប់កម្រិត និងគ្រប់ជាន់ថ្នាក់ ព្រមទាំងមានផ្នត់គំនិត និងឥរិយាបថស្អប់ខ្ពើមអំពើពុករលួយ និងស្រឡាញ់យុត្តិធម៌ ភាពស្មើគ្នា សុចរិតភាព និងតម្លាភាព របស់ប្រជាពលរដ្ឋទូទៅ មិនថាមន្ត្រីរាជការ អាជីវក ពាណិជ្ជករ សិស្សនិស្សិត មានការប្រែប្រួលគួរឱ្យកត់សម្គាល់។

ជាមួយគ្នានោះ លោក ម៉ម ប៊ុននាង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែល លោក តុប សំ និងក្រុមការងារបានលើកឡើង។ ជាមួយគ្នានេះ លោក ម៉ម ប៊ុននាង បានសម្តែងនូវការកោតសរសើរចំពោះអង្គភាពប្រឆាំងអំពើពុករលួយ ដែលតែងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការសង្កេត វាយតម្លៃ និងត្រួតពិនិត្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលធ្វើឲ្យការប្រឡងមានដំណើរការដោយរលូន មានតម្លាភាព យុត្តិធម៌ និងស្អាតស្អំ ជៀសវាងបាននូវបាតុភាពអសកម្មនានា។

លោក ម៉ម ប៊ុននាង បានបញ្ជាក់ថា សម្រាប់ព័ត៌មានដែលទទួលបាននាពេលនេះ គឺពិតជាមានសារសំខាន់ សម្រាប់ជាមូលដ្ឋាន ដល់គណៈកម្មការទី១០ព្រឹទ្ធសភា ក្នុងការរាយការណ៍ជូនគណៈកម្មការធិការអចិន្ត្រៃយ៍ និងព្រឹទ្ធសភា ជាពិសេសសម្រាប់ធ្វើការផ្សព្វផ្សាយដល់មូលដ្ឋាន៕