(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ បានចេញសេចក្តីជូនដំណឹងមួយដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ តាមបណ្តោយផ្លូវជាតិលេខ៦ មេត្តាជ្រាបថា រដ្ឋបាលនឹងធ្វើការជួសជុលចាក់បេតុងឆ្អឹងដែក នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំហៀងខាងលិច ចាប់ពីមុខសណ្ឋាគារណាសាតូ ដល់មុខវត្តព្រែកលាប ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើតាមសេចក្តីជូនដំណឹង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលនេះ បានឲ្យដឹងទៀតថា ដើម្បីឲ្យដំណើរការ ការងារជួសជុលផ្លូវខាងលើ បានប្រព្រឹត្តទៅតាមប្រតិទិនការងារ ដែលបានគ្រោងទុក និងចៀសវាងការកកស្ទះចរាចរណ៍ នៅតំបន់ជុំវិញនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបិទចរាចរឆ្លងកាត់កំណាត់ផ្លូវនេះ​ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ តទៅរហូតដល់ការបញ្ចប់ ការដ្ឋានសាងសង់។

បើតាមសេចក្តីជូនដំណឹងដដែល រដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ដល់អ្នកធ្វើដំណើរ បញ្ចៀសការធ្វើចរាចរណ៍ឆ្លងកាត់ ទីតាំងគម្រោងជួលជុលនេះ ហើយសូមធ្វើដំណើរវាងតាមផ្លូវក្នុងតំបន់អភិវឌ្ឍន៍ OCIC វិញ៕