(ភ្នំពេញ)៖ ដើម្បីជួយដោះស្រាយការលំបាក និងការចំណាយក្នុងការព្យាបាលជំងឺដល់លោក ហ៊ិន រតនា គ្រូបង្ហាត់សត្វសុនខ​ (​ឆ្កែ) ​ដ៏ល្បីល្បាញនៅកម្ពុជា ដែលបានរងគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ កាលពីពេលថ្មីៗនេះ, ក្រុមហ៊ុន Sabay និងធនាគារ Prince Bank បានរួមដៃគ្នាបង្កើតកម្មវិធីសប្បុរសធម៌មួយ ក្នុងការរៃអង្គាសថវិកា ពីសប្បុរសជនទាំងឡាយ ដើម្បីជួយទៅដល់លោក ហ៊ិន រតនា។

ការបង្កើតកម្មវិធីសប្បុរធម៌នេះ ដើម្បីជួយសម្រាលបន្ទុក ក្នុងការចំណាយលើការព្យាបាលជំងឺរបស់លោក។

លោក ប៊ិន ដេវិន នាយកប្រតិបត្តិអាជីវកម្ម Prince Bank ឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងសន្និសីទសារព័ត៌មានថា រហូតមកដល់ពេលនេះជំងឺលោក ហ៊ិន រតនា មិនទាន់ធូរស្រាលនៅឡើយទេ ដោយតម្រូវការចំណាយច្រើនក្នុងការព្យាបាល។ លោកថា បើតាមការឲ្យដឹងពីភរិយាលោក រតនា បានឲ្យដឹងថា នៅថ្ងៃទី១ ក្នុងការសម្រាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យឯកជន ក្នុងប្រទេសថៃ ត្រូវចំណាយលុយ៨ពាន់ដុល្លារ, ថ្ងៃទី២ចំណាយអស់៥-៦ពាន់ដុល្លារ បើគិតពីការចំណាយពីមុនរហូតដល់បច្ចុប្បន្ននេះ គឺមានចំនួនពី៨-១០ម៉ឺនដុល្លារ។

លោកបន្ដទៀតថា កន្លងមកមានសប្បុរសជនជាច្រើន បានបន្ដជួយជាហូរហែររួចមកហើយ ក្នុងនោះធនាគារ Prince Bank បានជួយឧបត្ថមថវិកាជាច្រើន និងក៏សូមថ្លែងអណរគុណដល់បងប្អូន ដែលបានជួយទៅដល់លោក ហ៊ិន រតនា កន្លងមក។

លោក ជី សិលា អគ្គនាយកក្រុមហ៊ុន Sabay ថ្លែងថា «ក្រុមហ៊ុន Sabay និងធនាគារ Prince Bank បានបរិច្ចាគថវិកា៥ពាន់ដុល្លារម្នាក់ ដើម្បីយកទៅជួយដល់លោក ហ៊ិន រតនា ដូច្នេះរាល់ការបរិចា្ចគ របស់សប្បុរសជន១ដុល្លារ ក្រុមហ៊ុនទាំង២ នឹងបន្ថែម១ដុល្លារ រហូតដល់គ្រប់ចំនួន១៥០០០ដុល្លារ»

លោកបានបន្ដទៀតថា ទឹកប្រាក់១៥០០០ដុល្លារនេះ មិនគ្រប់គ្រាន់ក្នុងការព្យាបាលជំងឺនោះឡើយ តែអាចជួយទប់ទល់ រាល់ការចំណាយបានមួយរយៈពេល។ លោកបានបញ្ជាក់ទៀតថា «ខ្ញុំសង្ឃឹមថា នឹងមានសប្បុរសជនជាច្រើនចូលរួមបរិច្ចាគ យ៉ាងសស្រាសសស្រាំ»

សូមបញ្ជាក់ថា រាល់សាធារណជនៈដែលមានបំណងចង់ ចូលរួមបរិច្ចាគទឹកប្រាក់នេះតាមរយៈ Wing ដោយលេខ៖ ០០៥៤៣៦០១ ជាគណនីរបស់លោក ហ៊ីន រតនា ដោយផ្ទាល់ ការលះបង់ក្នុងការរួមចំណែក របស់អ្នកទោះតិចក្ដី ច្រើនក្ដីជាចំណែកដ៏កក់ក្ដៅ ក្នុងការជួយជីវិតរបស់លោក៕