(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារ និងនាំយកអំណោយ ចុះចែកជូនដល់ប្រជាពលរដ្ឋទីទល័ក្រចំនួន៣គ្រួសារ រស់នៅក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។

លោក កង សៅគុណ បានថ្លែងថា សុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ លោកបន្តថា ក្នុងនាមបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ដោយមើលឃើញពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំង៣គ្រួសារ មានជីវភាពក្រីក្រ ហើយម្យ៉ាងទៀតជាចាស់ជរាផងនោះ នៅថ្ងៃនេះលោកបានដឹកនាំមន្ត្រីអាវុធហត្ថខេត្ត បាននាំថវិការ និងសម្ភារះមកប្រគល់ជូនដល់លំនៅដ្ឋាន បើទោះបីមិនបានបំពេញនូវសេចក្តីត្រូវការក៏ពិតមែន តែអាចកាត់បន្ថយការខ្វះខាតរបស់បានមួយគ្រាៗផងដែរ។

អំណោយដែលចែកជូននៅពេលនេះគឺ ក្នុង១គ្រួសារទទួលបានថវិការ ១០ម៉ឺនរៀល អង្ករ ៥០គីឡូក្រាម ទឹកសុទ្ធ១កេស មី១កេស នំ១ធុង ប៊ីចេង១គីឡូក្រាម ស្ករស១គីឡូក្រាម ទឹកផ្លែឈើ ១កេះ ខ្ទឹមសរ១គីឡូក្រាម និងប្រេងកូឡា២ដបផងដែរ៕