(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យក្រុមប្រតិភូយុវជននាវាអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសម្ដែងការគួរសម មុននឹងចេញទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៥ ទៅតំបន់ផ្សេងៗមួយចំនួន នៅក្នុងប្រទេសជប៉ុន, ប្រទេសប្រ៊ុយណេ, ប្រទេសហ្វីលីពីន, ប្រទេសថៃ និងប្រទេសវៀតណាម។

ថ្លែងនៅក្នុងឱកាសនោះ លោក ណៃ សេមណារ័ត្ន ប្រធានប្រតិភូយុវជននាវាអាស៊ីអាគ្នេយ៍កម្ពុជា បានឲ្យដឹងថា កម្មវិធីនេះមានរយៈពេល៥២ថ្ងៃ ដែលប្រតិភូយុវជនកម្ពុជា នឹងត្រូវចេញដំណើរការនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ និងត្រលប់មកដល់កម្ពុជាវិញ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។ យុវជនអាស៊ាន និងជប៉ុនទាំងអស់៣៣០នាក់ នឹងត្រូវជួបគ្នាមុនដំបូង នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមកម្មវិធីបើកជាផ្លូវការ។

យុវជនទាំងអស់ នឹងត្រូវបែងចែងជាក្រុមដែលមានប្រទេសទាំង១១ ចូលរួមគ្នា ហើយធ្វើទស្សនកិច្ចទៅតំបន់ផ្សេងៗ នៅក្នុងប្រទេសជប៉ុន។ ពេលត្រលប់ពីទស្សនកិច្ច ប្រតិភូយុវជនទាំងអស់ នឹងត្រូវបន្ដដំណើរ តាមនាវា១គ្រឿង ដែលមានឈ្មោះថា Nippon Maru ដើម្បីទៅកាន់ប្រទេសចំនួន៤ទៀត គឺប្រទេសប្រ៊ុយណេ, ប្រទេសហ្វីលីពីន, ប្រទេសថៃ និងប្រទេសវៀតណាម។

នៅពេលធ្វើដំណើរតាមនាវា យុវជនទាំងអស់នឹងត្រូវចូលរួមសកម្មភាពមួយចំនួនដូចជា៖ ការពិភាក្សាជាក្រុមជាមួយប្រទេសទាំង១១, ការលើកយកប្រធានបទផ្សេងៗ ដើម្បីយកមកបង្ហាញយុវជនដទៃ ការសម្ដែងសិល្បៈ របស់ប្រទេសនីមួយៗ និងសកម្មភាពជាក្រុមមួយចំនួនទៀត។

នៅពេលដែលនាវាចូលចត នៅប្រទេសដែលបានរៀបរាប់ខាងលើ យុវជនទាំងអស់នឹងមានឱកាសទៅទស្សនកិច្ច ស្ថាប័នមួយចំនួន របស់ប្រទេសទាំងនោះ ក៏ដូចជាទទួលបានបទពិសោធន៍ នៃការស្នាក់នៅជាមួយគ្រួសារ របស់ប្រទេសទាំងនោះផ្ទាល់តែម្ដង។ នេះជាការគូសបញ្ជាក់បន្ថែម របស់លោក ណៃ សេមណារ័ត្ន។

ប្រធានប្រតិភូយុវជននាវាអាស៊ីអាគ្នេយ៍កម្ពុជា បានបញ្ជាក់ទៀតថា គោលបំណងសំខាន់ៗ របស់កម្មវិធីនេះ គឺដើម្បីពង្រីកចំណងសាមគ្គីភាព រវាងអាស៊ាន និងជប៉ុន តាមរយៈយុវជន ដោយផ្ដោតសំខាន់ទៅលើ ការប្រជុំពិភាក្សា ការសម្ដែងសិល្បៈ វប្បធម៌ និងការធ្វើដំណើរ។

បើតាមលោក ស្រ៊ាង គឹមលី ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានឲ្យដឹងផងដែរថា សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៤ ដោយសមាជិក ដែលជាអតីតប្រតិភូយុវជនមួយចំនួន ក្រោមការជួយជ្រោមជ្រែងពីក្រសួងអប់រំ យុវជន និងកីឡា។

លោកក៏បានរាយការណ៍ ជូននូវសកម្មភាពសប្បុរសធម៌ ដែលសមាគមបានធ្វើ ចាប់តាំងពីបង្កើតរហូតមកដល់បច្ចុប្បន្ន ជូនដល់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងបានបញ្ជាក់ពីលទ្ធផលនៃភាពជោគជ័យ ក្នុងការទទួលកម្មវិធីនាវាយុជនអាស៊ីអាគ្នេយ៍ និងជប៉ុន កាលពីឆ្នាំ២០១៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក ស្រ៊ាង គឹមលី បន្ដថា សមាជិកសរុបរួមទាំង ឆ្នាំ២០១៨នេះ មានចំនួន៥៦៩នាក់ និងសមាជិកទាំង១១ប្រទេស មានអាស៊ាន និងជប៉ុន សរុបចំនួន ១៣,៧០៣នាក់។ សមាគមនេះ បង្កើតឡើងក្នុងគោលបំណង៤ សំខាន់ៗ រួមមាន៖

ទី១៖ ជាឆ័ត្រមួយដែល ថែរក្សា និងពង្រឹងទំនាក់ទំនងមិត្ដភាព សាមគ្គីភាពរវាងអតីតប្រតិភូទាំងអស់។

ទី២៖ រៀបចំវគ្គបណ្ដុះបណ្ដាលមុនពេលចេញដំណើរ ដើម្បីជាការចែករំលែក ចំណេះដឹង និងបទពិសោធន៍ គ្រប់ជ្រុងជ្រោយ ជូនប្រតិភូយុវជនជំនាន់ក្រោយ ឲ្យចូលរួមកម្មវិធីប្រកបដោយប្រសិទ្ធភាព និងជោគជ័យ។

ទី៣៖ ប្រមូលផ្ដុំកម្លាំង ធនធាន និងបំផុសទឹកចិត្តឲ្យយុវជន ឲ្យចេះផ្ដួចផ្ដើមគំនិតក្នុងការបង្កើត និងចូលរួមគម្រោងជួយសង្គម ឲ្យបានកាន់តែសកម្ម។

ទី៤៖ ចូលរួមសម្រេចឲ្យបាននូវគោលបំណង របស់កម្មវិធីនាវាយុវជនអាស៊ី អាគ្នេយ៍ និងជប៉ុន។

ក្នុងឱកាសដ៏មានតម្លៃនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានណែនាំប្រតិភូយុវជនកម្ពុជាចំនួន៤ចំនុច៖

១៖ ចែករំលែកបទពិសោធន៍ នៃការលំបាកពីការសិក្សារបស់គាត់ កាលពីសម័យទសវត្សរ៍ ឆ្នាំ១៩៦៨
២៖ ជំរុញឲ្យយុវជនកសាងទំនាក់ទំនងល្អជាមួយ យុវជនមកពីបណ្តាប្រទេស១០ផ្សេងទៀត
៣៖ រក្សាឲ្យបាននូវទំនាក់ទំនងផ្ទៃក្នុង សាមគី្គគ្នា ត្រូវចេះជួយយកអសារគ្នា ជួយគ្នាទៅវិញទៅមក និងរីកលូតលាស់ជាមួយគ្នា ដូចសុភាសិតខ្មែរពោលថា៖ «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ»
៤៖ ផ្សព្វផ្សាយពីសភាពការពិតរបស់កម្ពុជា៖ ដែលកំពុងមានសន្តិភាព សេ្ថរភាព ប្រជាធិបតេយ្យ និង ការអភិវឌ្ឍពេញលេញ ដោយរក្សាបាននូវកំណើនសេដ្ឋកិច្ចរង្វង់ ៧%ក្នុងមួយឆ្នាំ។

សម្តេចវិបុលសេនាភក្តី បានថ្លែងផងដែរថា កម្ពុជាកំពុងតែដើរនៅលើផ្លូវមួយដ៏ត្រឹមត្រូវ ដែលនឹងធ្វើឲ្យស្ថានភាពចំណូលប្រជាជនកើនឡើងជាលំដាប់។ ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជានឹងសម្រេចបាននូវទស្សនៈវិស័យក្នុងការ ប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ក្នុងឆ្នាំ២០៣០ និង ជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕