(ឧត្តរមានជ័យ)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជា សុខមាលភាពប្រជាពលរដ្ឋនោះ ​អគ្គនាយកដ្ឋានកាំកុងត្រូលតែងតែណែនាំ ឲ្យមន្ត្រីសាខាកាំកុងត្រូល យកចិត្តទុកដាក់ត្រួតពិនិត្យ ទំនិញនានាដែលនាំចូល និងដាក់លក់នៅលើទីផ្សារនានា ដើម្បីធានាថារបស់ទាំងនេះ មានគុណភាពល្អមិនប៉ះពាល់សុខភាពជាពិសេសគ្រឿងបរិ​ភោគ​។

នៅថ្ងែទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ​ដឹកនាំដោយលោក ខាន់ រ៉ាត់ ប្រធានសាខាកាំកុងត្រូលខេត្ត បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យរកទំនិញ ដែលដាក់​តាំងលក់ខូចគុណភាព នៅផ្សារអំពិលស្ថិតនៅឃុំអំពិល ស្រុកបន្ទាយ​អំ​ពិល ខេត្តឧត្តរមានជ័យ ដែលជាផ្សារមួយនៅដាច់ស្រយាល​មាន​ចំងាយពីទីរួម​ស្រុក​បន្ទាយអំពិលជាង៤០គីឡូម៉ែត្រ ជាប់និងខេត្តបន្ទាយ​មានជ័យ។

លោក ខាន់ រ៉ាត់ ប្រធានសាខាកាំកុងត្រូល​​​ខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ទំនិញដែលអាជីវកដាក់តាំងលក់នៅក្នុងផ្សាអំពិលនេះ គឺនាំចូល​ពីតាមបណ្តាច្រកនានានៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមា​​ន​ជ័យ។

​លោកបន្តថា សកម្មភាពចុះត្រួតពិនិត្យនេះ ធ្វើឡើងដើម្បីពង្រឹងការត្រួតពិនិត្យលើគុណភាពម្ហូបអាហារ ហើយលោកក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារ​ណជនទាំងអស់ មុននឹងទិញរបស់អ្វីមួយជាពិសេសគ្រឿងបរិភោគដែលគេវេចខ្ចប់ ជាកំប៉ុងក្ដីជាដប ឬជាថង់ក្ដីត្រូវពិនិត្យមើលស្លាកសញ្ញា ឬកាលបរិច្ឆេទដែលមានបិទ ឬបោះពុម្ពភ្ជាប់នៅតាមកំប៉ុង ដប ឬថង់ទាំងនោះឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងការចំណាយអស់លុយហើយ ទិញរបស់ដែលខូចគុណភាព ឬហួសកាលបរិច្ឆេទ យកទៅបរិភោគដែលវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព ជាលទ្ធផល ក្នុង​​​ ការចុះពិនិត្យជាក់ស្តែង ក្រុម​ការងារ​​សាខា​បានរកឃើញនូវទំនិញ ហួសកាលបរិច្ឆេតប្រើប្រាស់​ មានដូចជាទឹកក្រូចដបចំនួន២២ដប ម្សៅស៊ុប រ៉តឌី​ចំនួន​១៣កញ្ចប់​ ស្មើនិង៥,៥គីឡូក្រាម ប្រេងខ្ចងចំនួន២ដប​ ប្រេងឆា ១៩ដបតូច និង​ទឹកក្រូចbig cola ៥ដបធំ ធ្វើការសុំ ដក​ហូតពីម្ចាស់អាជីវកដើម្បីយក​មករ​ក្សា​ទុកដុតកំទេចចោលនៅពេលក្រោយ​។

ក្នុងឱកាសនោះផងដែរ លោក ខាន់ រ៉ាត រួម​ជា​មួយ ក្រុមការងារសាខា បានចែក​ជូននូវ poster ដល់អាជ្ញាធរ សមត្ថកិច្ច​ដែល​ចូលរួម និងប្រជាពលរដ្ឋដើម្បីយកមើល និងដើម្បីជួយផ្សព្វផ្សាយបន្តដល់​បង​ប្អូន​ប្រជាពលរដ្ឋយើងនៅក្នុងមូលដ្ឋានទាំងមូលផងដែរ៕