(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា អគារដែលរលំបាក់នៅជិត​ Pub Street​ នោះគឺជាអគារចាស់ទ្រុឌទ្រោម​សល់ពីជំនាន់បារាំង ដែលបានសាងសង់ឡើង​ដោយគ្មាន​គ្រោងដែកនៅខាងក្នុងនោះទេ​ ខណៈម្ចាស់ទីតាំងកំពុងតែរៀបចំជួសជុលឡើងវិញទើបបានប៉ុន្មានថ្ងៃ។

លោក ឃឹម ប៊ុនសុង ដែលបានចុះទៅកន្លែងកើតហេតុភ្លាមៗ និងបានដឹកនាំក្រុមអ្នកបច្ចេកទេសជំនាញរបស់​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសមត្ថកិច្ចពាក់ព័ន្ធពិនិត្យស្រាវជ្រាវ រហូតមកដល់រសៀលថ្ងៃនេះ បានបញ្ជាក់ថា អគារនេះ​ពីមុនម្ចាស់ដើមធ្លាប់ជួសជុលម្ដងរួចមកហើយ ប៉ុន្ដែហាក់មិនស្របតាមស្ដង់ដារបច្ចេកទេស ទើបម្ចាស់ថ្មីរៀបចំជួសជុលឡើងវិញ ស្រាប់តែមានហេតុការណ៍នេះកើតឡើងតែម្ដង។

ដោយឡែកសម្រាប់ជនរងគ្រោះដែលស្លាប់ និងរបួសវិញ ត្រូវបានអភិបាលខេត្តសៀមរាប​ឲ្យដឹងថា ជនរងគ្រោះគឺជាជាងដែលមកជួសជុលអគារនេះ ហើយដោយសារផ្ទះឆ្ងាយទៅសម្រេចស្នាក់នៅក្នុងអគារនេះតែម្ដង។

​បើតាមអភិបាលខេត្ត ជនរងគ្រោះបានដេកនៅកន្លែងផ្សេងគ្នា ដោយ៤នាក់ដេកជុំគ្នា និងម្នាក់ទៀតដេកដាច់ដោយឡែក លុះពេលកើតហេតុ ផ្ទាំងនៃអគារដែលបាក់នោះ ក៏ធ្លាប់ចំជនរងគ្រោះដែលដេកតែម្នាក់ឯងនោះតែម្ដង បណ្ដាលឲ្យស្លាប់ និង៤នាក់ផ្សេងទៀតរងរបួស។

​សូមជម្រាបថា នៅយប់ម៉ោងប្រមាណ១៖០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យនេះ មានករណីរលំអគារសល់ពីសម័យបារាំង នៅតំបន់ Pub Street ជិតផ្សារចាស់ ខេត្តសៀមរាប បណ្តាលឲ្យកម្មករដែល ធ្វើការក្នុងការដ្ឋានជួសជុលអគារម្នាក់បានស្លាប់ និង៤នាក់រងរបួស។ នេះបើតាមការបញ្ជាក់ពី លោក ហួត សុធី ស្នងការរងនគរបាល ខេត្តសៀមរាប។

ជនរងគ្រោះទាំងនោះរួមមាន៖ ទី១៖ឈ្មោះ ឃុំ ពេជ្រ​ ភេទ​ប្រុស​ អាយុ១៦ឆ្នាំ​ បានស្លាប់, ទី២៖ឈ្មោះ​ ម៉ុត​ រី​ ភេទ​ប្រុស​ អាយុ​១៨ឆ្នាំ​ រងរបួស​លើភ្នែកឆ្វេង​ និងជើងឆ្វេង, ទី៣៖ឈ្មោះ​ ឌី​ ស្នា​ ភេទ​ប្រុស​ អាយុ២៧ឆ្នាំ​ រងរបួសស្រាល, ទី៤៖ឈ្មោះ​ សល់​ សេក​ ភេទ​ប្រុស​ អាយុ ២៧ឆ្នាំ​ របួស​បែកចឹញ្ចើមស្តាំ និងទី៥៖​ឈ្មោះ​ មឺ​ មេត​ ភេទ​ប្រុស​ អាយុ៣០ឆ្នាំ​ របួសបែកក្បាល​ និង​ជង្គង់ឆ្វេង។ អ្នកទាំង៥នាក់ខាងលើ ​រស់នៅភូមិ​ធ្វាស​ ឃុំ​ត្រីញ័រ​ ស្រុក​ពួក​ ខេត្ត​សៀមរាប។

ក្រោយកើតហេតុកម្មករដែលស្លាប់ ត្រូវបានអាជ្ញាធរប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រណី និងកម្មករ៤ដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕