(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងឆ្នេរ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨នេះថា គណៈកម្មការគ្រប់គ្រងឆ្នេរ ដែលមានឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា ជាប្រធាន កំពុងតែពិនិត្យ និងចាត់វិធានការ​ ចំពោះក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរព្រែកត្រែង នៅខេត្តព្រះសីហនុ។

បើតាមលោករដ្ឋមន្ដ្រី ថោង ខុន ក្រុមហ៊ុនដែលកំពុងអភិវឌ្ឍន៍នៅតំបន់ឆ្នេរព្រែកត្រែង កំពុងតែបំពានច្បាប់ស្ដីពីការគ្រប់គ្រងឆ្នេរ ដែលចេញដោយរាជរដ្ឋាភិបាល និងគណៈកម្មការគ្រប់គ្រងឆ្នេរ ដោយអនុញ្ញាតឲ្យរា់គម្រោងអភិវឌ្ឍន៍នៅតំបន់ឆ្នេរ ត្រូវមានចម្ងាយយ៉ាងហោចណាស់១០០ម៉ែត្រ ឬឆ្ងាយជាងនេះ​។

លោករដ្ឋមន្ដ្រី​ បានសង្កត់ធ្ងន់ថា គណៈកម្មការគ្រប់គ្រងឆ្នេរ កំពុងតែពិនិត្យអំពីទិដ្ឋភាពច្បាប់ជុំវិញករណីនេះ ហើយអាចឈានទៅកំណត់ឲ្យក្រុមហ៊ុនខាងលើ កាយដីចេញពីតំបន់ដែលបានចាក់លុប ឬអនុវត្តវិធានការច្បាប់ជាបន្ដបន្ទាប់ ព្រោះរាជរដ្ឋាភិបាលមិនបណ្ដោយឲ្យក្រុមហ៊ុននោះ បំផ្លាញឆ្នេរដ៏ស្រស់ស្អាត និងកំពុងទាក់ទាញភ្ញៀវទេសចរនោះទេ។

អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងឆ្នេរ លោក ថោង ខុន ក៏បានឲ្យដឹងដែរថា តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសស្ថិតក្នុងគម្រោងធនាគារ អភិវឌ្ឍន៍អាស៊ី ADB កំពុងតែរៀបចំធ្វើផ្លូវនៅតាមតំបន់ឆ្នេរបន្ថែមទៀត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរកម្សាន្ដ ពីសំណាក់ភ្ញៀវទេសចរផងដែរ។​

អភិបាលខេត្តព្រះសីហនុ​ លោក​ យន្ត​ មីន​ ធ្លាប់បានគូសបញ្ជាក់ថា ក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរព្រែកត្រែង រហូតធ្វើឲ្យផ្ទុះការរិះគន់ពីប្រជាពលរដ្ឋនេះ មិនមែនជាក្រុមហ៊ុន របស់ចិននោះទេ ពោលគឺក្រុមហ៊ុនអភិវឌ្ឍន៍របស់ខ្មែរ។

បើតាមព័ត៌មានដែលអង្គភាព Fresh News ទទួលបានផ្សេងទៀត បានឲ្យដឹងថា ក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរព្រែកត្រែង នៅខេត្តព្រះសីហនុ គឺជាក្រុមហ៊ុនរបស់ លោកស្រី ជឹង សុភាព ហៅយាយភូ។​

ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជាក្លាយជាកន្លែងស្រូបទាញភ្ញៀវទេសចរដ៏មានសក្តានុពលនាពេលបច្ចុប្បន្ន។ របាយការណ៍បង្ហាញថា​ ក្នុងឆ្នាំ២០១៧ តំបន់ឆ្នេរសមុទ្រកម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៧៤ម៉ឺននាក់ កើន​១៥%។ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០១៨ តំបន់ឆ្នេរសមុទ្រកម្ពុជាទទួលបានភ្ញៀវទេសចរ ២.៣៨៥.៧៥៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមាន ២.០៥២.៣១៧នាក់ និងភ្ញៀវទេសចរអន្តរជាតិមាន ៣៣៣.៤៣៦នាក់ កើន ១៦,៣៧%។

តាមការព្យាករណ៍ តំបន់ឆ្នេរសមុទ្រកម្ពុជាទាំងមូលអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ២លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៦លាននាក់ នៅឆ្នាំ២០២០ និងនៅឆ្នាំ២០៣០ អាចទទួលបានទេសចរអន្តរជាតិប្រមាណ ៣លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៨លាននាក់។

ដោយមើលឃើញពីសក្តានុពលនេះ​ លោក​ ថោង​ ខុន​ អំពាវនាវដល់អាជ្ញាធរខេត្តព្រះសីហនុ មានចំណាត់ការឲ្យបានតឹងរឹងក្នុងការថែរក្សាឆ្នេរសមុទ្រនេះ​ កុំឲ្យមានការសាងសង់រំលោភ​ និងទន្ទ្រានផ្សេងៗ៕