(ភ្នំពេញ)៖ ជនរងគ្រោះ២នាក់ ដែលជិះម៉ូតូដេញគ្នាក្នុងល្បឿនលឿន បានបុកជាមួយរថយន្តដឹកដូង ក្នុងទិសដៅបញ្ច្រាស់គ្នាយ៉ាងពេញទំហឹង បណ្តាលឱ្យស្លាប់ៗភ្លាមៗនៅកន្លែងកើតហេតុ។ ករណីនេះ កើតឡើងវេលាម៉ោង៣៖២០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ត្រង់ចំណុចម្ដុំធនាគារ​វឌ្ឍនៈ​ ស្ថិតក្នុងភូមិទួលស្លែ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះទាំង២នាក់ ដែលស្លាប់បាត់បង់ជីវិតនោះរួមមាន៖ ឈ្មោះ ហេង វិថី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបបជាសិស្សថ្នាក់១១ជង្រុក រស់នៅភូមិជ្រៃ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពុងស្ពឺ និងជាម្ចាស់ម៉ូតូ និងឈ្មោះខាត់ ធារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិផ្សារគុមឬស្សី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យភ្នាក់ងារ Fresh News ដឹងថា នៅពេលកើតហេតុ រថយន្តម៉ាក KAI ពណ៌ខៀវ ពាក់ស្លាកលេខកំពត 1A-1803 បានដឹកដូង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ឡើងពីខេត្តមកភ្នំពេញ។ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានក្មេងស្ទាវមួយក្រុមជិះម៉ូតូដេញវាយគ្នា ក្នុងល្បឿនលឿន។ ក្នុងនោះមាន យុវជន២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក Suzuki Let's ពណ៌ស ពាក់ស្លាកលេខកណ្ដាល 1U-2619 ទិសដៅបញ្ច្រាសជាមួយរថយន្ត ហើយក៏ចូលទៅខាងផ្លូវរថយន្ត រួចជ្រុលបុកផ្ទប់ជាមួយរថយន្តពេញទំហឹងតែម្ដង ទើបបណ្ដាលឲ្យយុវជន២នាក់នោះ បោកក្បាលជាមួយរថយន្តរួចធ្លាក់មកបោកក្បាលថ្នល់ ស្លាប់ក្នុងថ្លុកឈាមទាំង២នាក់ យ៉ាងអាណោចអធម៌។ គេសង្កេតឃើញ យុវជនម្នាក់ស្លាប់ទាំងដៃនៅកាន់ខ្សែក្រវ៉ាត់ជាប់ គួរឲ្យសង្វេគ និងខ្លោចចិត្តយ៉ាងខ្លាំង។ ចំណែកឯម៉ូតូបានខ្ទេចផ្នែកខាងមុខទាំងស្រុង។ ភ្លាមៗម្ចាស់រថយន្ត ក៏បានបន្តដំណើរទៅដល់គោលដៅ២៤ម៉ោង របស់សមត្ថកិច្ច ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន យកទៅប៉ុស្ដិ៍តែម្ដង។

ក្រោយកើតហេតុ មានសាច់ញាតិសពជនរងគ្រោះជាច្រើននាក់ បានចុះមកដល់កន្លែងកើតហេតុ ទាំងអារម្មណ៍តក់ស្លុត ទួញយំបោកខ្លួនសោកស្ដាយជនរងគ្រោះដែលស្លាប់។ បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍ បានធ្វើការវាស់វែង យកម៉ូតូ និងរថយន្តព្រមទាំងតៃកុង ប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។

សពជនរងគ្រោះ សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់បងប្អូនយកទៅធ្វើបុណ្យនៅឯស្រុកកំណើត តាមប្រពៃណី៕