(ភ្នំពេញ)៖ បេក្ខជន ទៀង ដេវីត មកពីសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា ដណ្ដើមបានជ័យលាភីលេខ១ទូទាំងប្រទេស ក្នុងការប្រកួតវិញ្ញាសាក្រឡុកភេសជ្ជៈ (Bartender) ដោយទទួលបានប័ណ្ណសរសើរពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ ខណៈនាយកសាលាលោកបណ្ឌិត ឡី សុភាព ព្រមទាំងសាលាទេសចរណ៍ទាំងមូលក៏បានចូលរួមអបអរសាទរផងដែរ។

ពិធីប្រគល់ប័ណ្ណសរសើរជូនដល់ជ័យលាភីនេះ ធ្វើឡើងរួមគ្នាជាមួយពិធីប្រគល់ប័ណ្ណសរសើរដល់បេក្ខជនឆ្នើម នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងពិធីសម្ពោធទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ស្ថិតក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨។

ជាមួយនឹងការអបអរសាទរចំពោះសិស្សរបស់ខ្លួន លោកនាយក ឡី សុភាព បានសម្ដែងនូវការរីករាយយ៉ាងក្រៃលែងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំឱ្យមានការប្រកួតនេះឡើង ហើយក្នុងនោះសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា ក៏បានបញ្ជូនបេក្ខជនឱ្យចូលរួមក្នុងការប្រកួតនេះផងដែរ ក្នុងចំណោមសាលាជាច្រើននៅទូទាំងប្រទេសកម្ពុជា។

បេក្ខជន ទៀង ដេវីត បានរៀបរាប់ថា គន្លឹះពិសេសដែលរូបគេប្រើប្រាស់ក្នុងការប្រកួតនេះ គឺផ្តោតសំខាន់បំផុតទៅលើរសជាតិ និងការតុបតែងលម្អសោភ័ណភាព ដោយរូបគេយល់ថា ភ្ញៀវតែងតែត្រូវការជាចាំបាច់នូវរសជាតិដ៏ពេញចិត្ត រីឯសោភ័ណនោះវិញ ក៏ជាមន្តទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវផងដែរ។

ដេវីត បានបន្តថា រូបគេបានសិក្សាជាមួយសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជានេះ រយៈពេលជិតមួយឆ្នាំមកហើយ ហើយសាលាពិតជាខិតខំបណ្ដុះបណ្ដាលជំនាញល្អៗដល់រូបគេ និងសិស្សដទៃទៀតបានយ៉ាងដិតដល់។ ដេវីត ក៏បានថ្លែងអំណរគុណផងដែរចំពោះសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា ដែលមានលោកបណ្ឌិត ឡី សុភាព ជានាយកសាលាដ៏សកម្ម ក្នុងការខិតខំបណ្ដុះបណ្ដាលសិស្សនិសិត្សនានា រហូតដល់រូបគេមានឱកាសបានចូលរួមប្រកួត និងទទួលបានជ័យលាភីលេខ១ នៅទូទាំងប្រទេសយ៉ាងដូច្នេះ។

លោក ឈាន សុខផល គណៈកម្មការវាយតម្លៃការប្រកួតវិញ្ញាសាក្រឡាភេសជ្ជៈនេះ ក៏បានបញ្ជាក់ដែរថា ការវាយតម្លៃការប្រកួតនេះពិតជាសុក្រឹតមែនទែន ពីព្រោះនៅក្នុងក្រសែភ្នែកមហាជនដែលចូលរួមទស្សនាដ៏ច្រើនកុះករ គណៈកម្មការមិនមែនចេះតែវាយត​ម្លៃនោះទេ។ ម្យ៉ាងវិញទៀត គណៈកម្មការដែលចូលរួមវាយតម្លៃការប្រកួតលើវិញ្ញាសានេះ ក៏មានជនបរទេសម្នាក់ដែរ ដែលគាត់ជាអ្នកជំនាញល្បីឈ្មោះមួយរូបដែរ ក្នុងការងារក្រឡុកស្រា និងភេសជ្ជៈ ដែលនេះរឹតតែបង្ហាញភាពសុក្រឹត ត្រឹមត្រូវ យុត្តិធម៌សម្រាប់មហាជន និងសម្រាប់បេក្ខជន។

ជាមួយគ្នានោះ លោក ឡី សុភាព បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានខិតខំថែរក្សាការពារសុខសន្តិភាព គួបផ្សំនឹងការខិតខំរបស់ក្រសួងទេសចរណ៍ ក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី ថោង ខុន ផងនោះ ធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិជាច្រើននាក់នាក់បានចូលមកទស្សនាកម្ពុជា និងមានការកើនឡើងជារៀងរាល់ឆ្នាំ ក្នុងនោះវិស័យទេសចរណ៍កម្ពុជា ក៏ត្រូវបានផ្សព្វផ្សាយទៅកាន់ទីផ្សារអន្តរជាតិយ៉ាងទូលំទូលាយ។ ប្រការនេះ បានជំរុញឱ្យមានតម្រូវការការងារក្នុងវិស័យទេសចរណ៍កាន់តែច្រើនឡើងៗ ដូច្នេះហើយបានជាសាលាទេសចរណ៍ ​និងបដិសណ្ឋារកិច្ចកម្ពុជា កំពុងតែជំរុញការបណ្ដុះបណ្ដាលជំនាញម្ហូបអាហារ និងភេសជ្ជៈ ក៏ដូចជាជំនាញក្រឡុកស្រា និងភេសជ្ជៈនេះជាដើម។ នៅឆ្នាំ២០១៨នេះ សាលាទេសចរណ៍កំពុងតែជំរុញការបណ្ដុះបណ្ដាល ធនធានមនុស្សក្នុងវិស័យទេសចរណ៍ឱ្យបានចាប់ពី ៥ម៉ឺន-១០ម៉ឺននាក់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងចូលរួមលើកកម្ពស់ការពង្រីកធនធានមនុស្សក្នុងវិស័យទេសចរណ៍ ស្របតាមយុទ្ធសាស្ត្រផែនការរបស់លោករដ្ឋមន្ត្រី ថោង ខុន ផងដែរ។

លោក ឡី សុភាព បានបញ្ជាក់ថា ស្របតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ដែលស្នើឱ្យវិស័យឯកជនជួយបង្កលទ្ធភាពដល់សិស្សានុសិស្ស ទាំងជាប់បាក់ឌុប និងធ្លាក់បាកឌុប ឱ្យទទួលបានឱកាសបន្តការសិក្សាទៀតនោះ សាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា បានអនុវត្តតាមការអំពាវនាវនេះហើយ ដោយរហូតមកដល់ពេលនេះ សាលាបានជួយជ្រោមជ្រែងឱ្យសិស្សបានទទួលការសិក្សា នៅថ្នាក់មហាវិទ្យាល័យ និងការសិក្សាជំនាញវិជ្ជាជីវៈបានប្រមាណ ៧០០នាក់ហើយ។

លោកបានអះអាងថា រាល់អ្នកដែលបានសិក្សាជំនាញវិជ្ជាជីវៈ នៅសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា សុទ្ធតែទទួលបានការងារធ្វើគ្រប់គ្នា ហើយសាលាបាននិងកំពុងខិតខំបណ្ដុះបណ្ដាល ធនធានមនុស្សបន្ថែមជាបន្តបន្ទាប់ទៀត ដើម្បីចូលរួមអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ឱ្យកាន់តែរីកចម្រើនឈានឡើង។

ជាមួយគ្នានោះ លោកបណ្ឌិត ឡី សុភាព ក៏បា​នកោតសរសើរដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញផងដែរ ដែលបា​នខិតខំថែរក្សាសណ្ដាប់ធ្នាប់ក្នុងរាជធានី គ្រប់គ្រងបានយ៉ាងល្អប្រសើរនូវមូលដ្ឋានអាជីវកម្មទេសចរណ៍ មានសណ្ឋាគារ ផ្ទះសំណាក់ រង្គសាល មណ្ឌលកម្សាន្ត ទីកម្សាន្តសាធារណៈជាដើម ដែលជាហេតុបង្កឱ្យអាជីវកម្មមានសណ្ដាប់ធ្នាប់ អាជីវករប្រកបមុខរបរបានស្រួល គ្មានការរំខាន ប្រជាពលរដ្ឋការងារធ្វើ ពោលរាជធានីភ្នំពេញទាំងមូល បាននិងកំពុងឈានឆ្ពោះទៅរកការអភិវឌ្ឍជាលំដាប់៕