(កណ្ដាល)៖ លោក ហ៊ីង ប៊ុនហៀង អនុប្រធានគណៈពង្រឹងខេត្ត និង​ជាប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកកណ្កាលស្ទឹង ខេត្តកណ្កាល បានថ្លែងថា ទោះបីគណបក្សប្រជាជនកម្ពុជា​ទទួលបានជោគជ័យ ​​ក្នុងការជ្រើសតាំងតំណាងរាស្ត្រ​កន្លងមកក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជា នៅតែបន្តកាខិតខំប្រឹងប្រែង ដូចភ្លៀងរលឹម បន្តការចុះជួយ​អភិវឌ្ឍន៍តាមមូលដ្ឋាន និងបម្រើប្រជាពលរដ្ឋ ឲ្យបានកាន់តែខ្លាំងក្លាថែមទៀត ដើម្បីឆ្លើយតបទៅនិងគុណបំណាច់​របស់ប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រ។

ការថ្លែងបែបនេះ របស់លោក ហ៊ីង ប៊ុនហៀង ត្រូវបានធ្វើឡើងនៅ​ក្នុងពិធីបើក​សិក្ខាសាលាបូកសរុប សកម្មភាពការងារគណបក្ស និងលទ្ធផលបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភាជាតិ ក្រុងតាខ្មៅ ខេត្ត​កណ្តាល នាព្រឹកថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨នេះ ដែលសមាជិកមកពី​ស្រុកកណ្ដាលស្ទឹង ស្រុកកោះធំ មានចំនួន១,៧៧០នាក់​។​

​ក្នុងនាមប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានខេត្តកណ្ដាល លោក ហ៊ីង ប៊ុនហៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដឹងគុណចំពោះប្រជាពលរដ្ឋ និងក្រុមការងារចុះជួយស្រុកទាំងអស់ បានបំពេញការងារបានល្អជូនបក្ស និងបានទៅបោះឆ្នោតជូនគណក្សប្រជាជនកម្ពុជាដ៏ច្រើនលើសលុប ធ្វើឲ្យគណបក្សបានទទួលជ័យជម្នះយ៉ាងត្រចះត្រចង់។

ជ័យជម្នះនេះបានបង្ហាញឲ្យឃើញថា ប្រជាជនកម្ពុជាមានការជឿជាក់យ៉ាងមុតមាំ លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ បានរួមសុក្ខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈក្នុងរយៈពេលជិត៤០ឆ្នាំកន្លងមកនេះ ជាគណបក្សដែលបានសម្រេចសមិទ្ធផលយ៉ាងធំធេងជាប្រវត្តិសាស្រ្ត ជូនជាតិ និងជាគណបក្សមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសជាតិឲ្យសម្រេចបានជោគជ័យធំៗជាបន្តទៀត។​

លោក ហ៊ីង ប៊ុនហៀង បានបន្ថែមថា អង្គសិក្ខាសិលានៅថ្ងៃនេះ សំដៅពិនិត្យមើលនូវសកម្មភាពការងារគណបក្ស ការងារចលនា​មហាជន ការគ្រប់គ្រង សមាជិកបក្ស ការគៀងគរកម្លាំងរួមគាំទ្រគណបក្ស និងការប្រើប្រាស់​កម្លាំងសរុបរួមទាំងការដកស្រង់បទពិសោធន៍ ដែលបានអនុវត្តកន្លង​មក។ល។ ពិសេសស្វែង យល់ពីចំណុចវិជ្ជមាន សម្រាប់កសាងផែនការយូអង្វែងឆ្ពោះទៅកាន់ការបោះឆ្នោតនាពេល ខាងមុខទៀត តាមរយៈបទអន្តរាគមន៍ពីប្រតិភូតំណាង ដែលចូលរួមនេះ ដែលនឹងពង្រឹង​ចំណុចអវិជ្ជមានបំពេញកែលម្អ​ចំណុចអវិជ្ជមាន និងស្រង់បានអ្វីថ្មីទៀត​ដែលស្រុកនីមួយៗ​បានឆ្លងកាត់ និងអនុវត្តន៍។​

លោកបញ្ជាក់ថា លទ្ធផលដែលទទួលបាន គឺជាការខិតខំប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវគោលនយោបាយ និងកម្មវិធីកំណែទម្រង់ ដោយផ្តោតលើ​បណ្តាវិស័យសំខាន់មួយចំនួន ជាអាទិភាព ដើម្បីបំពេញតម្រូវកា ​របស់​ប្រជាពលរដ្ឋទទួលបានសមាណចិត្ត គាំទ្រគណបក្សប្រជាជនកម្ពុជា៕