(ព្រះសីហនុ)៖ ស្ថានភាពទឹកសមុទ្រមានសភាពល្អក់នៅតំបន់ឆ្នេរខ្លះនៃខេត្តព្រះសីហនុ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង និងនាំយកទៅជាមួយនូវដីចេញពីការបុកគ្រឹះសាងសង់ សំណង់ផ្សេងៗនោះ នៅល្ងាចនេះមានសភាពល្អប្រសើរកាន់តែខ្លាំង ហើយរំពឹងថា នឹងវិលទៅរកសភាពដើមវិញក្នុងពេលឆាប់ៗនេះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៨នេះប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងឲ្យដឹងទៀតថា ក្រសួងបរិស្ថាននឹងបន្តកិច្ចខិតខំប្រឹងប្រែង របស់ខ្លួនថែមទៀតដើម្បីអប់រំ និងណែនាំ ម្ចាស់ការដ្ឋានសាងសង់នានានៅក្នុងខេត្តព្រះសីហនុ ឱ្យគ្រប់គ្រងឱ្យបានល្អនូវដីបុកគ្រឹះ ឬកំណាយគ្រឹះសាងសង់សំណង់របស់ខ្លួន ដើម្បីកុំឱ្យបង្កផលប៉ះពាល់ល្អក់កករ ដល់ទឹកសមុទ្រនៅតាមឆ្នេរមួយចំនួនដូចពេលនេះទៀត។

លោក នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋចំពោះការបង្ហាញនូវក្តីព្រួយបារម្ភ នាពេលកន្លងទៅ ហើយសូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋចូលរួមអភិរក្សតំបន់ឆ្នេរសមុទ្រទាំងអស់គ្នា៕