(ត្បូងឃ្មុំ)៖ ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្ដាលចុះជួយខេត្តត្បូងឃ្មុំ សម្ដេចពញាចក្រី ហេង សំរិន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប ការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ។

សម្តេចពញាចក្រី ហេង សំរិន មានប្រសាសន៍ថា ការបោះឆ្នោតកន្លងមក គឺជាជោគជ័យដែលហួសពីការរំពឹងទុក ដែលយើងមិនអាចប៉ាន់ប្រមាណបានក្នុងក្របខណ្ឌទូទាំងប្រទេស និងបានអះអាងថា ការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ គឺធ្វើឡើងស្របតាម រដ្ឋធម្មនុញ្ញ និងច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយលក្ខណៈសេរី និងយុត្តិធម៌។

សម្តេចពញាចក្រី ហេង សំរិន បានបន្តថា ស្ថិតក្នុងបរិយាកាសនយោបាយអព្យាក្រឹត សេរី តម្លាភាព សន្តិភាព និងគ្មានអំពើហិង្សា ប្រជាពលរដ្ឋកម្ពុជាចំនួន៨៣,០២% នៃបញ្ជី បោះឆ្នោត បានទៅបោះឆ្នោតច្រើនកុះករ នៅគ្រប់ការិយាល័យទូទំាងប្រទេស ប្រកបដោយ ភាពរីករាយថ្លៃថ្នូរ ក្នុងការទទួលខុសត្រូវខ្ពស់ក្នុងភាពជាម្ចាស់ប្រទេស ដើម្បីជ្រើសរើសគណបក្ស និងឥស្សរជននយោបាយឆ្នើម ដែលខ្លួនពេញចិត្តឲ្យបន្តដឹកនាំប្រទេសរយៈពេល៥ឆ្នាំទៅមុខទៀត។

ជាលទ្ធផល នៃការបោះឆ្នោត គឺអត្រាអ្នកចេញទៅបោះឆ្នោតមានរហូតដល់៨៣,០២% នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយក្នុងនោះ មានអ្នកបោះឆ្នោតគំាទ្រ គណបក្សប្រជាជនកម្ពុជាជិត៧៧% នៃសន្លឹកឆ្នោតបានការ ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈទំាងអស់ក្នុងរដ្ឋសភាគឺ ១២៥ លើ ១២៥ ដែលនេះគឺជាជោគជ័យប្រវត្តិសាស្រ្ត ដែលគណបក្សមិននឹកស្មានដល់ ហើយជ័យជម្នះនេះបង្ហាញឲ្យឃើញច្បាស់ថា ប្រជាជនកម្ពុជាមានជំនឿលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ បានរួមសុខ រួមទុក្ខជាមួយប្រជាជន ក្នុងគ្រប់កាលៈទេសៈក្នុងរយៈពេលជិត៤០ឆ្នាំ កន្លងមកនេះ និងសំរេចបានសមិទ្ធិផលយ៉ាងធំធេងជាប្រវត្តិសាស្រ្តជូនជាតិ និងប្រជាជន និងជាគណបក្សដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេសជាតិ ឲ្យសម្រេចបាន ជោគជ័យជាបន្តទៅទៀត។

សម្តេចបានគូសបញ្ជាក់ថា មូលហេតុសំខាន់ៗដែលនាំឲ្យសម្រេចបានជោគជ័យដ៏ ត្រចះត្រចង់បែបនេះ គឺអាស្រ័យដោយការបោះឆ្នោតប្រព្រឹត្តទៅក្នុងបរិយាកាសល្អ ប្រជាជន គ្រប់ស្រទាប់ និងគ្រប់មជ្ឈដ្ឋានបានទៅបោះឆ្នោត៨៣,០២% នៃអ្នកមានសិទ្ធិបោះឆ្នោត ដែលជាសមាមាត្រខ្ពស់បំផុតក្នុងការបោះឆ្នោតនានា លើពិភពលោក គឺស្ថិតក្នុងលេខរៀងទី២ បន្ទាប់ ពីប្រទេសប៊ែលហ្សិក។

ប្រការនេះបង្ហាញច្បាស់ថា ប្រជាជនកម្ពុជាចង់បានសន្តិភាព និងការអភិវឌ្ឍ។ តែទោះជាយ៉ាងនេះក្តី យើងមិនត្រូវភ្លេចខ្លួនទេ គឺត្រូវតែធ្វើការងារឲ្យកាន់តែសកម្ម និងកាន់តែល្អ ដើម្បីបម្រើប្រជាជនឲ្យស័ក្តសមនឹងការ ផ្ដល់ការគាំទ្ររបស់ពួកគាត់មកលើគណបក្ស៕