(ភ្នំពេញ)៖ គិតត្រឹមវេលាម៉ោងជិត៩យប់​​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ការស្ទង់មតិមានរយៈពេល៧ថ្ងៃហើយ (នៅជាង២ម៉ោង​ទៀតបញ្ចប់) តារាងបានបង្ហាញថា ពលរដ្ឋខ្មែរទទួលស្គាល់ រដ្ឋាភិបាលថ្មី ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កើនដល់៩១% ហើយមិនទទួលស្គាល់មានតែ៩% ក្នុងនោះមានអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ជាង៨.៥ម៉ឺននាក់ បានចូលរួមបោះឆ្នោត។

ការស្ទង់មតិនេះរៀបចំដោយវិទ្យុអាស៊ីសេរី (RFA) នៅលើទំព័រ Facebook ផ្លូវការរបស់ខ្លួនរយៈពេល១សប្តាហ៍ ដែលនឹងបញ្ចប់នៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ។

តាមរយៈការស្ទង់មតិ៧ថ្ងៃមកនេះ ហាក់បានបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋភាគច្រើនលើសលប់ បានគាំទ្រដល់រាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ដែលលទ្ធផលការស្ទង់មតិរបស់វិទ្យុប្រឆាំងមួយនេះ ក៏មិនខុសអំពីលទ្ធផលនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ដែលពលរដ្ឋប្រមាណជាង៨៣ភាគរយ ចូលរួមបោះឆ្នោត មិនស្តាប់តាមការអំពាវនាវរបស់ក្រុមប្រឆាំង ហើយក្នុងនោះក៏ពលរដ្ឋភាគច្រើនលើសលប់ផងដែរ ក៏បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសជូនសម្តេចតេជោ ហ៊ុន​ សែន ជាបេក្ខជននាយករដ្ឋមន្រ្តីតែ១គត់របស់គណបក្សប្រជាជនកម្ពុជា បន្តតំណែងនាយករដ្ឋមន្រ្តី ក្នុងអាណត្តិថ្មីផងដែរ៕