(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងប្រាប់ Fresh News ឱ្យដឹងថា រហូតមកដល់ល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០១៨ នេះ ស្ថានភាពទឹកសមុទ្រល្អក់នៅតំបន់មួយចំនួននៃឆ្នេរសមុទ្រខេត្តព្រះសីហនុ ដោយសារតែទឹកភ្លៀងធ្លាក់ខ្លាំងនាំយកដីចេញពីការដ្ឋានសាងសង់នោះ មានសភាពល្អឡើងវិញមួយ កម្រិតហើយ។ ប្រសិនបើមិនមានការធ្លាក់ភ្លៀងខ្លាំងទេ សភាពទឹកសមុទ្រល្អក់នេះនឹងវិលត្រឡប់មកល្អទាំងស្រុងដូចដើមវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត។

លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា តំបន់ខ្លះនៃឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ ទឹកមានសភាពល្អក់ដោយសារតែប៉ុន្មានថ្ងៃចុងក្រោយនេះ នៅខេត្តព្រះសីហនុ មានភ្លៀងធ្លាក់យ៉ាងខ្លាំងជាច្រើនថ្ងៃ ដែលបានច្រោះដីមួយចំនួនចេញពីការដ្ឋានសាងសង់នានាទៅជាមួយ ហើយហូរចូលទៅក្នុងអូរ និងប្រឡាយ នាំយកចូលទៅក្នុងសមុទ្រ។ ខេត្តព្រះសីហនុបច្ចុប្បន្ននេះមានការអភិវឌ្ឍ និងមានការដ្ឋានសាងសង់ បុកគ្រឹះជាច្រើន ដែលជាហេតុពេលភ្លៀងខ្លាំងនាំឱ្យមានការច្រោះដីទៅជាមួយខ្លះ។ បញ្ហានេះមិនមានអ្វីដែលគួរឱ្យព្រួយបារម្ភនិងប៉ះពាល់ដល់ទឹកសមុទ្រទេ។

ទន្ទឹមនឹងនេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ក្រសួងបរិស្ថាននឹងបន្តយកចិត្តទុកដាក់ និងណែនាំដល់ម្ចាស់ការដ្ឋាន សំណង់ផ្សេងៗឱ្យគ្រប់គ្រងដីដែលជាកំណាយពីការដ្ឋានសាងសង់របស់ខ្លួនឱ្យបានល្អ ហើយប្រសិនបើរកឃើញថា ការដ្ឋានសាងសង់ណាមួយល្មើសនឹងច្បាប់ នឹងប្រឈមមុខនឹងវិធានការផ្សេងៗ ដូចជាការអប់រំ និងពិន័យជាប្រាក់ជាដើម។

លោករដ្ឋលេខាធិការ បានថ្លែងអរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានបង្ហាញក្តីកង្វល់លើបញ្ហានេះ។ ក្រសួងបរិស្ថាននឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបុព្វហេតុកិច្ចគាំពារបរិស្ថាន៕