(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងនាយកនៃ Union Pay នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃនេះ បានពិភាក្សាគ្នា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ លើប្រព័ន្ធទូទាត់អេឡិចត្រូនិច ក៏ដូចជាសិក្សាស្វែងយល់បន្ថែមអំពីកាលានុវត្ត ភាពវិនិយោគ និងសហប្រតិបត្តិការ ជាមួយព្រះរាជាណាចក្រកម្ពុជា លើប្រព័ន្ធទូទាត់សាច់ប្រាក់អេឡិកត្រូនិច។

កិច្ចពិភាក្សានេះបានធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ រវាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក SHI Wenchao ប្រធាននាយកនៃ Union Pay នៃសាធារណរដ្ឋប្រជាមានិតចិន។

ឆ្លៀតក្នុងឱកាសនេះដែរលោក SHI Wenchao បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧបនាយករដ្ឋមន្រ្តី បានផ្តល់ឱកាសឱ្យលោក និងសហការី បានចូលរួមក្នុងការចែករំលែកបទពិសោធន៍ក្នុងវិស័យព័ត៌មានវិទ្យាជាពិសេស ប្រព័ន្ធទូទាត់អេឡិចត្រូនិចនេះ ហើយបានជម្រាបជូនថា ជាមួយនឹងឯកទេសផ្នែកទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច, ក្រុមហ៊ុន Union Pay, ចិន មានការរីកចម្រើនខ្លាំងលើវិស័យ ទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចនេះទាំងក្នុងប្រទេសចិន និងសកលលោក។

លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី០៦ នៃរដ្ឋសភានេះ កំពុងយកចិត្តទុកដាក់ និងបានគិតគូរ លើការអភិវឌ្ឍប្រទេសជាមួយនឹងទំនើបកម្មព័ត៌មានវិទ្យាឌីជីថល និងព័ត៌មានវិទ្យា ក្នុងនោះការកសាងមូលដ្ឋានបច្ចេកវិទ្យា ព័ត៌មានវិទ្យាហិរញ្ញវត្ថុ (Financial Technology) និងការកសាងរដ្ឋាភិបាលវៃឆ្លាត (Smart government) កំពុងត្រូវបានយកចិត្តទុកដាក់។ ជាក់ស្តែង, ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, កម្ពុជាបានកសាង និងប្រើប្រាស់សេវាកម្មមួយចំនួនតាមបច្ចេកវិទ្យាព័ត៌មានវិទ្យាដូចជា៖ ការបើក ប្រាក់បៀវត្សជូនមន្ត្រីរាជការតាមប្រព័ន្ធធនាគារ, ការទូទាត់ទៅអ្នកផ្គត់ផ្គង់តាមប្រព័ន្ធអេឡិចត្រូនិច, ការរៀបចំប្រព័ន្ធ ប្រមូលចំណូលពន្ធ និងមិនមែនសារពើពន្ធ, ការរៀបចំសិក្សាលើការផ្ទេរប្រាក់អេឡិចត្រូនិចរវាងរតនាគារជាតិ និងធនាគារពាណិជ្ជជាដើម។

ទោះជាយ៉ាងណាកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាល នៃការកសាងមូលដ្ឋានគ្រឹះលើប្រព័ន្ធទូទាត់តាមបែបអេឡិចត្រូនិចនេះ ដែលតម្រូវ ឱ្យកសាងបាននូវមូលដ្ឋានរួមមួយ (platform) សម្រាប់ផ្សារភ្ជាប់រវាងអង្គភាព/ស្ថាប័ន្ធពាក់ព័ន្ធដូចជា៖ រតនាគារជាតិ, ធនាគារជាតិ និងអង្គភាពពាក់ព័ន្ធ ដ៏ទៃទៀតជាដើម។

ឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ប្រព័ន្ធព័ត៌មានវិទ្យានេះ នឹងជួយឱ្យការផ្តល់សេវាសាធារណៈកាន់តែ មានប្រសិទ្ធភាព, តម្លាភាព, និងគណនេយ្យភាព។ បច្ចេកវិទ្យាព័ត៌មានវិទ្យាហិរញ្ញវត្ថុ ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច និងការរៀបចំប្រព័ន្ធរដ្ឋាភិបាលវៃឆ្លាត គឺពិតជាចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕