(សៀមរាប)៖ វគ្គសិក្សាស្តីពីការពិសោធបែបវិទ្យាសាស្ត្រសម្រាប់កិច្ចអភិរក្ស ដែលបង្រៀនដោយអ្នកជំនាញអន្តរជាតិផ្នែកអភិរក្សបេតិកភណ្ឌ នៃស្ថាប័ន GIZ លោកស្រី Federica Grifi ដល់សិក្ខាកាមចំនួន១២នាក់ មកពីក្រុមអភិរក្សថ្ម (SCU/GIZ) និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាអង្គរ និងបុរាណវិទ្យាបង្ការ បានបញ្ចប់ហើយនាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។

លោកស្រី Federica Grifi បានឱ្យដឹងថា វគ្គសិក្សានេះបានចាប់ផ្តើមកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ មានរយៈពេល១៦០ម៉ោង ក្នុងគោលបំណងដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាត ដែលមានលើបទពិសោធន៍ការងារកន្លងមក និងចង់ឱ្យអ្នកជំនាញចេះស្រាវជ្រាវ ស្វែងយល់បានច្បាស់អំពីដំណើរការនៃការប្រើប្រាស់ឧបករណ៍ពិសោធន៍ និងការអនុវត្តន៍ផ្ទាល់រកលទ្ធផលមុននឹងយកវាទៅធ្វើលើវត្ថុពិត។ បន្ថែមពីនោះ ក៏ដើម្បីឱ្យអ្នកសិក្សាចេះស្វែងយល់បន្ថែមអំពីដំណើរការទំនាក់ទំនង នៃការងារអភិរក្សថ្មនៅតាមប្រាសាទនានា។

លោក ឡុង ណារី មន្ត្រីជំនាញអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ដែលបានសិក្សាវគ្គនេះអស់រយៈពេល៦ខែមកហើយ បានចាប់អារម្មណ៍ថា វគ្គបណ្តុះបណ្ដាលនេះហាក់ខ្លីបន្តិចចំពោះពេលវេលារៀនសូត្រ ព្រោះមួយអាទិត្យរៀនតែមួយថ្ងៃ ទើបតម្រូវឱ្យធ្វើការស្រាវជ្រាវឯកសារដោយខ្លួនឯងច្រើន។

លោកក៏រំពឹងថា ថ្ងៃអនាគតបើមានឱកាស ពួកយើងចង់ចូលរៀនវគ្គបណ្តុះបណ្ដាលបែបនេះទៀតជាមួយអ្នកជំនាញ ពិសេសពួកយើងចង់រៀនពីការងារនៅក្នុងបន្ទប់ពិសោធន៍ឱ្យបានច្រើនជាងនេះ។

តំណាងឱ្យអគ្គនាយកអាជ្ញាធរជាតិអប្សរា នៅក្នុងពិធីបិទវគ្គ លោក អ៉ឹម សុខរិទ្ធី អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ និងតម្កល់ឯកសារអង្គរ បានលើកឡើងថា នេះជាឱកាសល្អសម្រាប់អ្នកជំនាញអាជ្ញាធរជាតិអប្សរា អភិវឌ្ឍសមត្ថភាពខ្លួនលើការងារប្រចាំថ្ងៃ និងមានគោលដៅវែងឆ្ងាយលើវិស័យបេតិកភណ្ឌ។

ការសិក្សានៅទីនេះ អាចនឹងល្អជាងបរទេសមួយចំនួន ព្រោះមានទាំងមន្ទីរពិសោធន៍ និងការអនុវត្តនៅលើទីតាំងផ្ទាល់ រួមទាំងមានអ្នកជំនាញអន្តរជាតិជាច្រើន មកចែករំលែកចំណេះដឹងបន្ថែមជាញឹកញាប់។
លោកក៏សូមអរគុណដល់អ្នកស្រីដែលបានចែករំលែកចំណេះដឹង ដល់អ្នកជំនាញអាជ្ញាធរជាតិអប្សរា ក្នុងការអភិវឌ្ឍសមត្ថភាពចំណេះដឹងបន្ថែមពីអ្វីដែលធ្លាប់មានទាំងទ្រឹស្តី និងការអនុវត្តការពិសោធបែបវិទ្យាសាស្ត្រ សម្រាប់កិច្ចការអភិរក្សកាន់តែច្បាស់លាស់៕