(ស្វាយរៀង)៖ ប្រជាពលរដ្ឋនៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង បាននាំគ្នា​សម្រុកចូលព្រៃកាប់វល្លិដើមក្រព័ទ្ធជ្រូក និងវល្លិត្រី ដើម្បីយកទៅលក់ឱ្យឈ្មួញមកពីវៀតណាម ទិញយកទៅធ្វើថ្នាំដើម្បីព្យាបាលជំងឺ ខណៈដែលប្រភេទវល្លិទាំងពីរនេះ កំពុងតែមានតម្លៃកើនឡើង ហើយឱ្យតែប្រជាពលរដ្ឋរកបាន គឺឈ្មួញវៀតណាម ទិញមិនឱ្យសល់នោះទេ។

ពលរដ្ឋដែលកំពុងតែដឹកវល្លិតាមម៉ូតូ ចេញពីក្នុងព្រៃបានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះថា ពួកគាត់រករបរដើរកាប់វល្លិក្នុងព្រៃនេះជាច្រើនឆ្នាំមកហើយ ចំណែកកំរ៉ៃដែលទទួលបានពីរបរនេះ ក៏បានគួរសមដែរ គ្រាន់បានផ្គត់ផ្គង់ជីវភាពបានមួយកំរិតផងដែរ។

ពលរដ្ឋបានបញ្ជាក់ទៀតថា វល្លិដែលត្រូវប៉ាន់ហើយឈ្មួញវៀតណាមទិញនោះ គឺវល្លិដើមក្រព័ទ្ធជ្រូក និងវល្លិត្រី។ វល្លិទាំងពីនេះភាគច្រើនដុះក្នុងព្រៃ ត្រូវចំណាយពេលចូលទៅក្នុងព្រៃកាប់ រយៈពេលមួយព្រឹក ឬពេញមួយថ្ងៃទើបបានលក់ ដោយវល្លិទាំងពីនេះពុំសូវសំបូរនោះទេ ទាល់តែព្យាយាមដើររកបន្តិចទើបជួបប្រទះ។

ពលរដ្ឋបានបន្តទៀតថា ចំណែកតម្លៃវល្លិទាំងនេះ ក្នុង១គីឡូបាន ៨០០រៀលទៅ ១,០០០រៀល តែបើហាលឱ្យស្ងួតវិញបានពី ១,២០០ទៅ ១,៤០០រៀល ហើយក្នុងមួយថ្ងៃអាចរកបានចាប់ពី៤០ទៅ៥០គីឡូ ដូច្នេះបានប្រាក់គួរសមដែរ តែបើឈ្មួញវៀតណាមបណ្តាក់វិញយ៉ាប់ដែរ មិនដឹងថា កាលណាឱ្យលុយទេវាយូរបន្តិចហើយ មិនដឹងរកអីចេះតែនាំគ្នាទៅកាប់វល្លិមកលក់ទៅ។

ទោះបីយ៉ាងណាការដើររកវល្លិលក់ ពីប្រជាពលរដ្ឋនៅឃុំដូងនេះ មិនបានបញ្ជាក់ឱ្យបានក្បោះក្បាយថា វល្លិទាំងពីរប្រភេទនេះ ឈ្មួញវៀតណាមទិញយកទៅធ្វើថ្នាំអីនោះទេ ប៉ុន្តែតម្រូវការទិញវល្លិនេះវិញ គឺមានបញ្ជារទិញកើនឡើងឱ្យតែមានលក់ទិញគ្មានសល់នោះទេ៕