(ភ្នំពេញ)៖ ដំណើរកម្សាន្តចុងក្រោយគេបង្អស់ សម្រាប់អតិថិជនឆ្នើមស្រាបៀរកម្ពុជា ឆ្នាំ២០១៨ នឹងធ្វើដំណើរទៅកាន់ទីក្រុងហុង ចំនួន៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ រហូតដល់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីដំណើរកម្សាន្ត ទៅប្រទេសកូរ៉េ ដែលទើបតែបញ្ចប់ ប៉ុន្មានថ្ងៃមុននេះ។

អតិថិជនឆ្នើមស្រាបៀរកម្ពុជាជិត៦០០នាក់ បានទទួលកាដូដំណើរកម្សាន្ត ប្រចាំឆ្នាំពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ដែលជាការលើកទឹកចិត្ត ដល់កិច្ចប្រឹងប្រែងរបស់ពួកគាត់ក្នុងការជាវ និង ចែកចាយ ផលិតផលខ្មែរ ប៊ែវើរីជីស ដែលរួមមាន៖ ស្រាបៀរកម្ពុជា ស្រាបៀរស្តោត Barrley Black ស្រាបៀរគូដូ (Kudo) ទឹកក្រូចអាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water) ទៅដល់អ្នកប្រើប្រាស់ បានគ្រប់ចំនួនផែនការប្រចាំឆ្នាំ២០១៨។

សូមបញ្ជាក់ថា ដំណើរកម្សាន្តក្រៅប្រទេសប្រចាំឆ្នាំ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ឆ្នាំ២០១៨នេះ គឺបានចាប់ផ្តើមតាំងពីខែមិថុនា ឆ្នាំ២០១៨ មកម្ល៉េះ ដោយចាប់ផ្តើមពីឌូបៃ អាល្លឺម៉ង់ បារាំង កូរ៉េ ហើយនឹងបញ្ចប់ទៅ នៅទីក្រុងហុងកុងនេះតែម្តង។

លោក ភីតធើ លាង អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស (Khmer Beverages) បានថ្លែងថា «ហុងកុងជាទីក្រុងសេដ្ឋកិច្ចមួយ ដែលមានការរីកចម្រើន ខ្លាំងច្រើនឆ្នាំមកហើយ ជាពិសេសវិស័យពាណិជ្ជកម្មតែម្តង ដែលរាប់ ពីកំពង់ផែដឹកជញ្ជូន រោងចក្រ សម្លៀកបំពាក់ សិល្បៈ និងគំនិតឆ្នៃប្រឌិតប្រកបអាជីវកម្មខ្នាតមធ្យម ហើយក៏ជាទីក្រុងមួយ ដែលមានភាពស៊ីវិល័យខ្លាំង ដោយមានអាគារខ្ពស់ៗ រហូតដល់ការរស់នៅរបស់ប្រជាជនបែបទំនើប ទាន់សម័យ យើងសង្ឃឹមថា អតិថិជនឆ្នើមរបស់យើង នឹងទទួលបាននូវភាពសប្បាយរីករាយ ជាមួយដំណើរកម្សាន្តនេះ ហើយត្រឡប់មកកម្ពុជាវិញ ដោយពាំនាំនូវស្នាមញញឹម និង គំនិតធ្វើជំនួញថ្មីៗ សម្រាប់អាជីវកម្ម របស់ពួកគាត់»។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត Barrley Black ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕