(ភ្នំពេញ)៖ ជនសង្ស័យបានធ្វើសកម្មភាពគាស់ផ្ទះលក់ថ្នាំពេទ្យ យកលុយអស់ជិត១ម៉ឺនដុល្លារ ហើយបានរត់គេចដោយសុវត្ថិភាពមិនរំខានម្ចាស់ផ្ទះឲ្យភ្ញាក់ទេ។

ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ២១ ផ្លូវ២៩៤ កែងផ្លូវលេខ៩ ស្ថិតនៅភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ជនរងគ្រោះមានឈ្មោះ ឡុង ច័ន្ទតារា ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរបើកលក់ឱសថស្ថានថ្នាំពេទ្យស្នាក់នៅចំណុចកើតហេតុ។

តាមសេចក្តីរាយការណ៍ ចោរគាស់ផ្ទះយកលុយជិត១ម៉ឺនដុល្លារ ដែលទុកក្នុងថតតុលុយលក់ថ្នាំពេទ្យ និងគាស់ខូចមេសោផ្ទះអស់២កូនបានដាក់ពាក្យបណ្ដឹងនៅម៉ោង៧ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០១៨ ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងអំពាវនាវដល់ លោកឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ដែលទើបនឹងប្រកាសដំណែងមកថ្មី ជួយអន្តរាគមន៍តាមចាប់ជនល្មើស៕