(សៀមរាប)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញថា មានការយករូបថតយុវតីម្នាក់ ដែលធ្វើអត្តឃាតខ្លួនឯង ភ្ជាប់សាច់រឿងជាមួយការប្រឡងធ្លាក់ និងកំហុសបច្ចេកទេសរបស់ក្រសួងអបរំ យុវជន និងកីឡា។ ករណីនេះត្រូវបានអ្នកលេងបណ្តាញសង្គម Facebook បានចែកចាយរំលែកតៗគ្នាព្រោងព្រាត ដោយលើកឡើងថា យុវតីរងគ្រោះបានដាច់ចិត្តចងសម្លាប់ខ្លួន ដោយសារមូលហេតុ ប្រឡងធ្លាក់។

ហេតុការណ៍មួយនេះ បានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ទី៤ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

ដើម្បីបញ្ជាក់ពីករណីនេះឲ្យពិតប្រាកដនោះ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប តាមរយៈបណ្តាញព័ត៌មាន Fresh News បានបដិសេធចោលទាំងស្រុងចំពោះ ការលើកយកហេតុផលនេះមកផ្សព្វផ្សាយ និងចែកចោទប្រកាន់គ្មានមូលដ្ឋាន។ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ថា ករណីនេះគឺកើតឡើងដោយសារជនរងគ្រោះ តូចចិត្តខ្លួនឯង និងមានវិបត្តិក្នុងគ្រួសារមិនមែនមកពីការប្រឡងធ្លាក់បាក់ឌុបឡើយ។

ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង បានថ្លែងថា «ដើម្បីបញ្ចៀសការយលច្រឡំ ខ្ញុំបាទសូមបញ្ជាក់ជូនឲ្យបានដឹងថា ​​យុវតីដែលធ្វើអត្តឃាតខ្លួនឯងនេះ ឈ្មោះ ចិត្រ ម៉ាឡា អាយុ១៥ឆ្នាំ បានសម្រេចចិត្តធ្វើអត្តឃាត ចងកដោយក្រម៉ានៅក្នុងបន្ទប់របស់ខ្លួន កាលថ្ងៃទី​៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១២ថ្ងៃត្រង់មកម្ល៉េះ នៅក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដោយសារមានបញ្ហានៅក្នុងគ្រួសារបន្តិចបន្តួច ហើយក៏សម្រេចចិត្តយកក្រម៉ាចងកសម្លាប់ខ្លួនឯង ដោយគ្មានក្រុមគ្រួសារណាម្នាក់ដឹងឡើយ»

បើតាមលោកឧត្តមសេនីយ៍សុ្នងការ លុះដល់ប្អូនប្រុសបង្កើតរបស់ជនរងគ្រោះ ទៅហៅជនរងគ្រោះឲ្យចេញមកហូបបាយ តែជនរងគ្រោះមិនឆ្លើយ ដោយមានការសង្ស័យ ប្អូនប្រុសបង្កើតរូបនោះ ក៏បានរុញទ្វារហើយឃើញ បងស្រីរបស់ខ្លួន បានធ្វើអត្តឃាតស្លាប់បាត់ទៅ ហើយប្អូនប្រុសជនរងគ្រោះ ក៏រត់មកស្រែក ហៅម្តាយឲ្យទៅមើលពេលទៅដល់ ម្តាយជនរងគ្រោះ ក៏ឃើញកូនស្រីរបស់គាត់បានស្លាប់បាត់ទៅហើយផងដែរ។

លោកឧត្តមសេនីយ៍ស្នងការ បានសង្កត់ធ្ងន់ទៀតថា ការយកសាច់រឿងនេះ មកបង្ហាញជូនជាថ្មីម្តងទៀត ក៏ព្រោះតែប៉ុន្មានថ្ងៃមកនេះ ឃើញមានការយករូបថតសពយុវតីខាងលើ មកផ្សពផ្សាយ ដោយភ្ជាប់ សាច់រឿងជាមួយការប្រឡងធ្លាក់ និងកំហុសបច្ចេកទេសរបស់ក្រសួងអបរំ ដើម្បីបញ្ចៀសការយល់ច្រឡំតែប៉ុណ្ណោះ។

អាស្រ័យហេតុនេះ ខ្ញុំបាទសូមបញ្ជាក់ថា ករណីនេះមិនមែនជាការធ្វើអត្តឃាត ដោយសារតែលទ្ធផលប្រឡងធ្លាក់បាក់ឌុបឆ្នាំ២០១៨នេះ នោះឡើយ គឺជាសាច់រឿងផ្សេងពីគ្នា៕