(ភ្នំពេញ)៖ តាមពិតលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា អាចឆ្លុះបញ្ចាំងយ៉ាងល្អអំពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ពោលគឺមានពលរដ្ឋម្ចាស់ឆ្នោតដល់ទៅជាង៨៣% បានចេញទៅបោះឆ្នោតបើទោះជាក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយ សម រង្ស៊ី និងដោយមាន វិទ្យុអាស៊ីសេរី ដែលជាឧបករណ៍ បម្រើនយោបាយបាយផ្តាច់មុខរបស់ក្រុមប្រឆាំង បានធ្វើយុទ្ធនាការមិនឲ្យពលរដ្ឋចេញទៅបោះឆ្នោតក៏ដោយ។

លទ្ធផលនេះបានធ្វើឲ្យ ទណ្ឌិតសម រង្ស៊ី និងបក្សពួកមួយក្តាប់តូច រួមទាំងវិទ្យុអាស៊ីសេរី ផងស្រវាំងភ្នែក ស្រឡាំងកាំងរកគិតអ្វីមិនយល់ដោយសារតែពួកគេបានឃើញយ៉ាង ច្បាស់ក្រឡែតថា ពលរដ្ឋខ្មែរជាច្រើនដែលធ្លាប់គាំទ្របក្សប្រឆាំងបានងាកមកគាំទ្រគណបក្សប្រជាជនកម្ពុជាដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន
វិញយ៉ាងភ្លូកទឹកភ្លូកដី។

យ៉ាងណាក៏ដោយ ដោយសារតែចរិតពុតត្បុតរបស់ សម រង្ស៊ី និងវិទ្យុអាស៊ីសេរី ដែលមាន ជុន ច័ន្ទបុត្រ ដែលជាសកម្មជនបក្សប្រឆាំងជាអ្នកដឹកនាំ នៅតែបន្តភូតកុហកខ្លួនឯង និងនៅតែជឿថាពួកគេអាចបន្តភូតកុហកពលរដ្ឋខ្មែរបានទៀត តាមរយៈការកាឡៃសភាពការណ៍ដោយឥតអៀនខ្មាស់ថា អ្នកចេញទៅបោះឆ្នោតក្រោមការគំរាមកំហែង។ ដើម្បីបំបាក់ប្រជាប្រិយភាពរបស់ រាជរដ្ឋាភិបាលថ្មីអាណត្តិទី៦នេះ វិទ្យុអាស៊ីសេរីក៏ផ្តើមធ្វើការ ស្ទង់មតិមួយតាមទំព័រហ្វេសប៊ុករបស់ខ្លួន ដោយបើកឲ្យមហាជនបោះឆ្នោតជ្រើសរើសសំណួរថា តើពួកគេគាំទ្ររាជរដ្ឋាភិបាលអាណត្តិទី៦ ឬមិនគាំទ្រ? ការស្ទង់មតិនេះវិទ្យុអាស៊ីសេរី រំពឹងថា នឹងមានអ្នកឆ្លើយថា មិនគាំទ្រច្រើនជាងអ្នកបញ្ចេញមតិគាំទ្រ។ ពេលនោះពួកគេនឹងយកលទ្ធផលនៃការស្ទង់មតិនេះទៅផ្សាយ ដើម្បីបន្តុះបង្អាប់រាជរដ្ឋាភិបាលអាណត្តិទី៦ និងបានជាលេសថា ការបោះឆ្នោតថ្ងៃទី ២៩កក្កដា មិនឆ្លុះបញ្ចាំងឆន្ទៈពលរដ្ឋខ្មែរទេ។

ប៉ុន្តែផ្ទុយពីការរំពឹងទុក លទ្ធផលបានស្តែងឲ្យឃើញថា មានអ្នកលេងហ្វេសប៊ុកដល់ទៅ៩០% ដែលបានឆ្លើយសំណួរបានបញ្ជាក់ថាពួកគេគាំទ្ររាជរដ្ឋាភិបាលខណៈដែលអ្នកមិនគាំទ្រ មានត្រឹមតែ១០% ប៉ុណ្ណោះ។

លទ្ធផលនៃការស្ទង់មតិនេះបានធ្វើឲ្យ សម រង្ស៊ី និងពួកជ្រុលនិយមមួយក្តាប់តូច រួមទាំងវិទ្យុគ្មានវិជ្ជាជីវៈឈ្មោះអាស៊ីសេរីនេះផង បានភ្លឺភ្នែកជាលើកទី២ បន្ទាប់ពីបានទ្ធផលនៃ ការបោះឆ្នោតកាលពីថ្ងៃទី២៩ កក្កដា។ លទ្ធផលស្ទង់មតិនេះក៏បានបង្ហាញទៀតថា រយៈពេលតែជាងមួយខែសោះ ចំនួនអ្នកគាំទ្ររាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានបន្តកើនឡើងពី ៨៣% រហូតដល់ ៩០% ទៅហើយ។ ចំណែកអ្នកគាំទ្រក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយទណ្ឌិត សម រង្ស៊ី នៅសល់ប្រហែល១០% ប៉ុណ្ណោះពោលគឺនៅសល់តែ សម រង្ស៊ី ប្រពន្ធនិងកូនរបស់គាត់ រួមទាំងមនុស្សជំនិតមួយដំបរស្វានៅក្បែរគាត់តែប៉ុណ្ណោះក្នុងនោះក៏មាន បុគ្គលិកវិទ្យុអាស៊ីសេរីប៉ុន្មាននាក់ ដែលមាន ជុន ច័ន្ទបុត្រ ជាមេខ្លោង។

ពិតជាគួរឲ្យសង្វេគណាស់! សម រង្ស៊ី ធ្លាប់ដៀលគណបក្សផ្សេងៗថា ជាបក្សអាបមានតែក្បាលអត់មានខ្លួន ប៉ុន្តែ ឥឡូវ សម រង្ស៊ី ខ្លួនឯងទេតើដែលក្លាយជាអាបពីព្រោះក្រុមរបស់គាត់ មានតែរូបគាត់ និងបក្សពួកប៉ុន្មាននាក់ នេះឯង ក្រៅពីនោះគេឈប់គាំទ្រអស់ហើយ។

ល្មមភ្ញាក់ខ្លួនហើយ សម រង្ស៊ី និងវិទ្យុអាស៊ីសេរី។ សូម្បីតែអ្នកធ្លាប់គាំទ្រខ្លួនឯងមិនថាពលរដ្ឋអ្នកបោះឆ្នោតនៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែសូម្បីអ្នកលេងបណ្តាញសង្គមទាំងក្នុង និងក្រៅស្រុកដែលធ្លាប់គាំទ្រគគ្រឹកគគ្រេងក៏ប្រែចិត្តអស់ហើយដែរ។ បន្តិចទៀត សូម្បីតែអ្នកជំនិតក្បែរខ្លួន ក៏ទំនងជាមិនគាំទ្រទៀតដែរ ប្រសិនបើនៅតែដើរក្រឡានយោបាយដដែលៗឥតប្រយោជន៍បែបនេះទៀត។

ការបាត់បង់ជំនឿស្ទើរទាំងស្រុងរបស់មហាជនទៅលើក្រុមប្រឆាំងជ្រុលនិយមបណ្តាល មកពីមូលហេតុសំខាន់ៗ មួយចំនួន៖

មូលហេតុទី១៖ ពលរដ្ឋខ្មែរបាន មើលឃើញយ៉ាងច្បាស់ថា ក្រុមប្រឆាំងដឹកនាំដោយ សម រង្ស៊ី ជាក្រុមបោកប្រាស់គឺបោកទាំងខ្មែរក្នុងស្រុក និងក្រៅស្រុក បោករហូតរាប់ទសវត្សរ៍មកហើយតាមរយៈនយោបាយដដែលៗគឺ ធ្វើដ្រាម៉ា យំស្រែក ធ្វើតួកំសត់ ធ្វើជាជនរងគ្រោះ គេធ្វើបាប ប៉ុន្តែតាមពិតខ្លួនឯង នេះហើយជាមេជនល្មើស បំពានច្បាប់ ហើយហ៊ានបំពានទាំងព្រះមហាក្សត្រថែមទៀត។

មូលហេតុទី២៖ នយោបាយរបស់ សម រង្ស៊ី និងបក្សពួកគឺគ្មានអ្វីក្រៅពីឱនក្បាលបម្រើបរទេស ហើយបំផ្លាញសេចក្តីសុខរបស់ប្រជាជន និងប្រយោជន៍ជាតិខ្លួនឯង។ មួយថ្ងៃៗ ការងាររបស់ពួកគេគឺដើរចាក់រុកឲ្យពួក បរទេសនិយាយអាក្រក់ពីកម្ពុជា និងដាក់ទណ្ឌកម្មមកលើប្រទេស និងប្រជាជនខ្លួនឯង។

មូលហេតុទី៣៖ អ្នកគាំទ្រ សម រង្ស៊ី សុទ្ធតែបានខ្សឹបខ្សៀវគ្នាថា ពួកគេមានមេដឹកនាំកំសាក មិនអាចទុកចិត្តបាន គ្មានភាពឈ្លាសវៃ និងគ្មានភាពកក់ក្តៅគ្រប់គ្រាន់ គឺជាមេដឹកនាំដែលធ្វើនយោបាយបរាជ័យជារៀង រហូតមកដោយគ្មានថ្ងៃទទួលជោគជ័យឡើយ។ ហេតុដូច្នេះហើយបានជាថ្មីៗនេះ មានគំនិតផ្តួចផ្តើមចេញពីក្រុមប្រឆាំង ចង់ផ្លាស់ប្តូរមេដឹកនាំចាស់ និងដ៏កំសាករូបនេះចេញដោយដាក់អ្នកថ្មីជំនួសវិញ។

មូលហេតុទី៤៖ ប្រជាពលរដ្ឋខ្មែរ បានមើលឃើញអំពីគុណសម្បត្តិរបស់គណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានផ្តល់ភាពកក់ក្តៅ កាន់តែខ្លាំងឡើងៗដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ ជនចាស់ជរា ស្ត្រី និយាយជារួមគឺរាជរដ្ឋាភិបាលបានផ្តល់ ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់សង្គមដោយធ្វើឲ្យពួកគេមានជីវភាពកាន់តែធូរធា និងរស់នៅក្នុងសុខ សន្តិភាព។

ហេតុផលទាំងនេះសមល្មមដែលអាចឲ្យប្រជាពលរដ្ឋខ្មែរឈប់គាំទ្រពួកប្រឆាំងជ្រុលនិយម ដែលចេះតែបង្កបញ្ហាចលាចលដើម្បីដណ្តើមអំណាច ហើយពឹងតែបរទេសឲ្យ មកជាន់ឈ្លីអធិបតេយ្យភាពជាតិរបស់ខ្លួន។ ពួកគេក៏ឈប់ស្តាប់ដែរវិទ្យុដែលគ្មានវិជ្ជាជីវៈ បែបឧទ្ទាម ដែលធ្វើខ្លួនជាឧបករណ៍បម្រើនយោបាយផ្កាប់មុខដូចអាស៊ីសេរីនេះ។ ល្មមភ្លឺភ្នែកហើយ សម រង្ស៊ី និងវិទ្យុអាស៊ីសេរីអើយ!៕

ដោយ៖ កូនខ្មែរ