(ភ្នំពេញ)៖ ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃនេះ បានសម្រេចលុបឈ្មោះតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា ចំនួន៥០នាក់ ដែលចូលកាន់តំណែងក្នុងរាជរដ្ឋាភិបាល ហើយធ្វើឡើងបន្ទាប់ពីពួកគាត់លាលែងពីសមាជិកសភា។

ទន្ទឹមនឹងនេះ គ.ជ.ប ក៏បានប្រកាសទទួលស្គាល់ តំណាងរាស្ត្រដែលស្ថិតក្នុងលេខរៀងបម្រុង ឲ្យក្លាយជាតំណាងរាស្ត្រពេញសិទ្ធិ ជំនួសតំណាងរាស្ត្រចាស់ របស់គណបក្សប្រជាជនកម្ពុជា ចំនួន៣៨នាក់ផងដែរ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ គ.ជ.ប បានទទួលលិខិតស្នើសុំ ពីគណបក្សប្រជាជនកម្ពុជា ស្តីពីការប្រកាសទទួលស្គាល់បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៦។

គណបក្សប្រជាជនកម្ពុជា​ បានជូនដំណឹងថា «ថ្មីៗនេះ មានអ្នកតំណាងរាស្ត្រ និងបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្ស តាមមណ្ឌលរាជធានី ខេត្តមួយចំនួន បានដាក់ពាក្យលាលែង»

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨​ គ.ជ.ប បានឯកភាពលុបឈ្មោះ និងទទួលស្គាល់បេក្ខជនតំណាងរាស្ត្រ នីតិកាលទី៦ អនុលោមតាមមាតា្រ១៣៩ នៃច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល មាត្រានេះចែងថា «សមាជិករដ្ឋសភា ត្រូវបាត់បង់សមាជិកភាពរបស់ខ្លួន ទៅតាមករណីជាច្រើន តួយ៉ាង សាម៉ីខ្លួនសុំលាឈប់ជាលាយលក្ខណ៍អក្សរ ពីសមាជិករដ្ឋសភា។ សាម៉ីគណបក្សនោះ អាចស្នើជ្រើសតាំងសមាជិកថ្មី ជំនួសដោយជ្រើសរើសក្នុងចំណោមបេក្ខជន ដែលមានឈ្មោះតាមលំដាប់លេខរៀង ក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នៃមណ្ឌលបោះឆ្នោត របស់មណ្ឌលខ្លួនមកជំនួស ដោយមិនបាច់បោះឆ្នោតឡើងវិញ»

ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មាន របស់គ.ជ.ប ខាងក្រោមនេះ៖