(ភ្នំពេញ)៖ ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និ​ងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ភារកិច្ចរបស់កងទ័ព គឺការពារជាតិ ការពារបូរណភាពទឹកដី មិនមែនទៅវាយលុកយកទឹកដីរបស់ប្រទេសណានោះទេ ប៉ុន្តែ​ក៏មិនឲ្យគេមកយកទឹកដីកម្ពុជាដែរ។

ការថ្លែងបែបនេះរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុង​ពិធីចងសម្ព័ន្ធមេត្រីភាព រវាងអង្គភាពបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក ជាមួយក្រុមហ៊ុនអ៊ិចសឹឡិនស៏ឡូជីស្ទីក (EXCELLENCE LOGISTICS CO.,,LTD)​ និង ក្រុមហ៊ុនអូតូម៉ាតា ត្រេឌីង (ខេមបូឌា) ឯ.ក (AUTOMATATRADING(CAMBODIA)CO.,LTD) នៅទីតាំងមូលដ្ឋានកងការពារអាកាស​ទួលត្រាច។

ជាមួយគ្នានេះ ឧត្តមសេនីយ៍មេបញ្ជាការកងទ័ពជើងគោក សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន ដែលជាសម្ព័ន្ធមេត្រីភាពបានស្ម័គ្រចិត្ត ចូលរួមក្នុងការងារអង្គភាពកងទ័ព ដើម្បីជួយសម្រួលដល់កងទ័ព នៅក្នុងការពារជាតិទាំងអស់គ្នា ហើយការងារចូលរួមសំខាន់ណាស់ យើងធ្វើមិនមែនតែសម្រាប់បច្ចុប្បន្នទេ គឺសម្រាប់អនាគត។

បន្ថែមពីនេះ លោកសូមផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ ថ្នាក់ដឹកនាំកងទ័ពជើងគោកទាំងអស់គ្នា ជូនទាហាននាយ ទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានការពារអាកាសជើងគោក។

ស្ថិតនៅក្នុងបរិយាកាសនេះ លោកបានកោតសរសើរមេបញ្ជាការ មេបញ្ជាការង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅក្នុងបញ្ជាការដ្ឋានការពារអាកាស ដែលបានបំពេញភារកិច្ច ជូនអង្គភាពយ៉ាងខ្ជាប់ខ្ជួន នៃដំណើរការការកសាងអង្គភាពការងារហ្វឹកហ្វឺនបំប៉នសមត្ថភាព ជាពិសេសការអនុវត្តការងារក្នុងទិសដៅយុទ្ធសាស្ត្រកងទ័ព ដើម្បីការពារជាតិការពារបូរណភាពទឹកដី ដែលបេសកកម្មរបស់កងទ័ពរបស់យើង គឺពង្រឹងការការពារអាកាស។

ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការធ្វើកំណែទម្រង់កងទ័ព គឺមានទស្សនៈវែងឆ្ងាយណាស់នៅក្នុងការកសាងទាំងផ្នែករឹង (សម្ភារ​ យោធឧបករណ៍ គ្រឿនបំពាក់ គ្រឿងចក្រ) និងផ្នែកទន់ (សមត្ថភាពកងកម្លាំង) តាមរយៈការបណ្ដុះបណ្ដាលសមត្ថភាពជំនាញ ជាពិសេសការផ្ទេរចំណេះដឹង សមត្ថភាពជំនាញ ការដឹកនាំបញ្ជា​ពីមួយជំនាន់ទៅមួយជំនាន់។ អ្វីដែលសំខាន់ គឺគិតពីកម្លាំងជំនាញទាំងអស់ ដែលត្រូវបន្តវេនតាមជំហាន ក្នុងនោះរួមមាន លក្ខណៈបទពិសោធន៍ការងារ ចំណេះដឹងជំនាញ សមត្ថភាព ភាពជាអ្នកដឹកនាំដើម្បីយើងដឹកនាំបន្តទៅមុខទៀត។​

លោកមេបញ្ជាការសង្ឃឹមថា តាមរយៈការជួយឧបត្ថម្ភការចូលរួមរបស់ដៃគូក្រុមហ៊ុន នឹងបន្តជួយទៅតាមលទ្ធភាពដើម្បីបំពេញតម្រូវការជាក់ស្តែងរបស់កងទ័ព ដើម្បីជួយគ្នា ​ហើយកងទ័ពបានខិតខំខ្លាំងណាស់ នៅក្នុងការចូលរួមការពារសុខសន្តិភាព ព្រោះប្រទេសមួយខ្លាំង ទាល់តែកងទ័ពខ្លាំងដែរ បើកងទ័ពមិនខ្លាំងគេមើលងាយ៕