(ភ្នំពេញ)៖ លោកគ្រូ អ្នកគ្រូ គឺជាបុគ្គលដែលមានតម្លៃ មានគុណូបការៈដ៏ខ្ពង់ខ្ពស់ក្រៃលែង និងបានអប់រំបង្រៀនអ្នក មិនដែលចង់បានការតបស្នងអ្វី ពីអ្នកវិញនោះទេ ក្រៅពីចង់ឲ្យអ្នកចេះ​កសាងខ្លួន ឲ្យបានល្អ តាំងចិត្តធ្វើជាធាតុមួយ នៃសង្គមដែលមានតម្លៃ​ចេះគោរពច្បាប់រដ្ឋ ច្បាប់សាលា ច្បាប់សង្គម ច្បាប់គ្រួសារ និងយកចិត្ដទុកដាក់ក្នុងការសិក្សារៀនសូត្រ ស្មើនឹងទឹកចិត្តដែលលោកប្រឹង បង្រៀនតែប៉ុណ្ណោះ។

ក្នុងអារម្មណ៍របស់គ្រូ​តែងមានភាពសប្បាយរីករាយបំផុត នៅពេលឃើញសិស្សានុសិស្សរបស់លោកខិតខំស្វែងរកវិជ្ជា កសាងចរិយាថ្លៃថ្នូរ រៀបចំមារយាទ ឲ្យល្អប្រពៃ​បណ្ដុះស្មារតីគុណធម៌ ប្រព្រឹត្តតែអំពើជាសីលធម៌ មានអនាគតរីកចម្រើនថ្កុំថ្កើងក្នុងផ្លូវសុច្ចរិត ប្រៀបដូចជាពន្លឺដ៏សែនត្រជាក់របស់ព្រះច័ន្ទ ដែលតែងតែជាទីចូលចិត្តនៃមនុស្សសត្វទាំងពួង​។

ពាក្យចាស់លោកពោលថា «មាតាបិតាជាអាចារ្យទីមួយ ជាអ្នកបង្រៀនកូនឲ្យចេះនិយាយ ចេះដើរ ចេះឈរ ចេះស្លៀកពាក់ ចំណែកគ្រូបង្រៀន គឺជាអាចារ្យទី២ ជាអ្នកផ្ដល់ចំណេះដឹង ចំណេះវិជ្ជា ទៅដល់សិស្ស​។ ដូចនេះគុណូបការៈ របស់គ្រូប្រកបដោយមេត្ដា ករុណា មានព្រហ្មវិហារធម៌ ចំពោះសិស្សានុសិស្ស របស់លោកគ្រប់ៗគ្នា មិនខុសពីមាតាបិតា ដែលមានសន្ដានចិត្ដទៅលើកូនឡើយ។ ហេតុដូច្នេះហើយ នៅពេលដែលសិស្សណាម្នាក់តបស្នង ឧបការគុណរបស់គ្រូវិញ ដោយកតញ្ញុតាធម៌ គឺជាសេចក្តីរំភើបបំផុត ក្នុងឆាកជីវិតរបស់គ្រូម្នាក់ៗ។

ជាក់ស្ដែងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា បានជំនួសមុខឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តំណាងអតីតសិស្ស សាលាបាក់ទូកនាទសវត្សទី៨០ បាននាំយកថវិកាចំនួន​១,២០០ដុល្លារ ទៅជូនដល់​លោកគ្រូ ជា សែ ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅផ្ទះ។

ថវិកា​១,២០០ដុល្លារ គឺជាថវិការបស់សប្បុរសជន០៤នាក់ ដែលជាអតីតសិស្ស​សាលាបាក់ទូកនាទសវត្សទី៨០ គឺ​លោក តែ ជួរ ៥០០ដុល្លារ, លោកវេជ្ជបណ្ឌិត ជា សុខឃាង ២៥០ដុល្លារ, លោកឧត្តមសេនីយ៍ទោ តាវ គារី ២៥០ដុល្លារ, លោកទន្តបណ្ឌិត ទិត ហុងយឺ ២០០ដុល្លារ បានប្រគល់ជូនលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ថែមពីលើថវិកា ចំនួន៤,៥២៥ដុល្លារ របស់លោកនាយកសាលាបាក់ទូក ព្រមទាំងអតីតគ្រូ និងអតីតសិស្សបាក់ទូកនាទសវត្សទី៨០ ចំនួន៨៥នាក់ ដែលបានរួមគ្នាបរិច្ចាគ ជូនដល់លោកគ្រូ ជា សែ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨​នៅឯមន្ទីរពេទ្យកាល់ម៉ែត សរុបបានចំនួន៥,៧២៥ដុល្លារ​។ ​

គួររំលឹកដែរថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ព្រោះតែមនោសញ្ចេតនា ប្រកបដោយគុណធម៌ និងកាតញ្ញូតាធម៌ អតីតសិស្សសាលាបាក់ទូក នាទស្សវត្សរ៍ទី៨០មួយក្រុម ដែលបានចងក្រងគ្នាឡើងតាមប្រព័ន្ធ WhatsApp ក្រោមការផ្តួចផ្តើមគំនិតរបស់​លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ​កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឮដំណឹងពីការចូលសម្រាកមន្ទីរពេទ្យរបស់លោកគ្រូ ជា សែ ដែលជា​គ្រូជើងចាស់ឯកទេសរូបវិទ្យា ដ៏ល្បីល្បាញម្នាក់នាទសវត្សរ៍ទី៨០ ក៏បានរួមគ្នា​បរិច្ចាគធនធាន តាមសទ្ធារៀងៗខ្លួនដោយក្តីជ្រះថ្លា សរុបបានចំនួន​៤,៥២៥ដុល្លារ នាំយកទៅសួរសុខទុក្ខនិងប្រគល់ជូន លោកគ្រូ នៅឯមន្ទីរពេទ្យកាល់ម៉ែត​។

អតីតសិស្សសាលាបាក់ទូកមួយក្រុមនេះ មិនត្រឹមតែមានកតញ្ញូតាធម៌ចំពោះតែលោកគ្រូ ជា សែ ម្នាក់ប៉ុណ្ណោះទេ ជាក់ស្តែងចាប់តាំងពួកគាត់ បានប្រមូលផ្តុំគ្នាឡើងចងក្រងជាក្រុមទើបតែជាងមួយឆ្នាំ ពួកគាត់បានរួមគ្នាចែករំលែកធនធាន សរុបជាទឹកប្រាក់ប្រមាណលើស​១០ម៉ឺនដុល្លារ ជួយដល់មិត្តជួបការលំបាកក៏ដូចជា ជួយដល់អតីតលោកគ្រូអ្នកគ្រូផ្សេងទៀតជាច្រើន ស្របតាមពាក្យស្លោក ដែលក្រុមពួកគាត់បង្កើតឡើងថា «សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក»៕