(ព្រៃវែង)៖ ស្រ្តីម្នាក់បានត្រឹមតែអង្គុយយំសោគបោកខ្លួន ស្ទើរតែមិនអាចរស់នៅបាន ខណៈដែលបានឃើញប្តី និង​កូនស្រីជាទីស្រលាញ់របស់ខ្លួន បានដេកស្លាប់ទទឹមគ្នា គួរឱ្យសង្វែគជាទីបំផុត រកអ្វីមកប្រៀបផ្ទឹមពុំបាន បន្ទាប់ពីលោកប្តីជាទីស្រឡាញ់របស់គាត់ បាននាំកូនស្រីទៅរាយសន្ទួចប៉ះចំរណ្តៅជ្រៅ ដែលជីកដោយអេស្ការវ៉ាទ័រ បណ្តាលឱ្យលង់ទឹកស្លាប់ទាំងពីរនាក់ យ៉ាងអាណោធអាធ័មជាទីបំផុត។

ហេតុការណ៍ដ៏គួរឱ្យសង្វែគ និងសោកស្តាយមួយនេះ បានកើតឡើងនៅរសៀលនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិពោធិ៍រៀង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

យោងតាមសមត្ថកិច្ចនគរបាលមូលដ្ឋានបានឱ្យដឹង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះថា ជនរងគ្រោះទាំងពីរនាក់មានឈ្មោះ រឿន រិទ្ធិ អាយុ៤៥ឆ្នាំ និងកូនស្រី មានឈ្មោះ រិទ្ធិ ស្រីម៉ិច អាយុ១៤ឆ្នាំ ជនរងគ្រោះទាំងពីរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ បាននាំគ្នាទៅរាយសន្ទូច នៅចំណុចវាលប្រាសាទខាងជើង បានបាត់ខ្លួនទាំងឪពុក និងកូន លុះព្រឹកឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ទើបប្រពន្ធបានរកគេឯងឱ្យទៅជួយរក នៅចំណុចដែលប្តី និងកូនទៅរាយសន្ទូច ក៏បានឃើញប្តី និងកូនស្រី អណ្តែតទឹក ដោយលង់ទឹករណ្តៅជីកដោយអេស្ការវ៉ាទ័រ ស្លាប់យ៉ាងអាណោចអាធ័មបាត់ទៅហើយ។

ក្រោយពីសមត្ថកិច្ចបានពិនិត្យសាកសពរួច បានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕