(តៃនីញ-វៀតណាម)៖ លោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង (ស.ស.យ.ក) បានដឹកនាំប្រតិភូ ស.ស.យ.ក ទៅចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែមានភាពល្អប្រសើរ។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក ផាម វ៉ាន់តឹន ប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ។

ប្រតិភូ ស.ស.យ.ក ខេត្តស្វាយរៀង ដែលចូលរួមក្នុងឱកាសនោះរួមមាន៖ លោក តូច ប៉ូលីវ៉ា, លោក ទុំ​ សារាវុធ, លោក ហួត ឃាងវេង អនុប្រធាន ស.ស.យ.ក ខេត្តស្វាយរៀង, សមាជិកគណៈអចិន្ត្រៃយ៍ និងសមាជិកគណៈកម្មាធិការ ស.ស.យ.ក ខេត្តស្វាយរៀង, ប្រធានលេខាធិការដ្ឋាន ស.ស.យ.ក ខេត្តស្វាយរៀង ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក ខេត្តស្វាយរៀង​ នៅតាមក្រុងស្រុកជាប់ព្រំប្រទល់ជាមួយខេត្តតៃនិញ ចំនួន៥៧នាក់ផងដែរ។

លោក ម៉ែន វិបុល បានអបអរសាទរ និងសម្ដែងការគាំទ្រ ​ចំពោះអនុស្សរណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការ រវាងអង្គភាពយុវជន នៃខេត្តទាំងពីរ ដោយសេចក្តីសោមនស្សជាទីបំផុត។

ក្នុងនាមអាជ្ញាធរខេត្តស្វាយរៀង លោកអភិបាលខេត្ត បានចាត់ទុកថា នេះជាគំនិតផ្ដួចផ្ដើមមួយ ដែល​ឆ្លុះបញ្ចាំងឲ្យ​ឃើញ​អំពីឆន្ទៈដ៏មុះមុតប្រកបដោយគំនិតច្នៃប្រឌិតរបស់យុវជន ក្នុងការគាំទ្រ និងរួមចំណែកជាមួយរដ្ឋាភិបាល របស់ប្រទេសទាំងពីរ ក្នុងការបន្តពួនជ្រុំ នូវប្រពៃណីទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការលើគ្រប់វិស័យឲ្យកាន់តែរឹងមាំ គង់វង្ស និងយូរអង្វែង។

ជាមួយនេះ លោកអភិបាលខេត្ត ក៏បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងវិជ្ជមាន ចំពោះកិច្ចសហប្រតិបត្តិការនេះយ៉ាងខ្លាំងផងដែរ៕