(ចិន)៖ នៅក្នុងក្រុមប្រទេសប្រ៊ីកស៍ (BRICS, Brazil, Russia, India, China and South Africa) អាជីវកម្មលក់ទំនិញរាយតាមអនឡាញ រកប្រាក់ចំណូលបានដល់ ទៅ១,១៩០,០០០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧។ ចំនួននេះ គឺស្មើនឹង៥១.៨ភាគរយនៃប្រាក់ ចំណូលសរុប ដែលបានមកពីការលក់ទំនិញអនឡាញ ទូទាំងពិភពលោកទៅហើយ។

នេះបើយោងតាម របាយការណ៍អភិវឌ្ឍន៍ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិច នៃក្រុមប្រទេសប្រ៊ីកស៍បូក ប្រចាំឆ្នាំ២០១៨ ដែលបានចេញផ្សាយដោយសមាគមពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិចចិន។ របាយការណ៍នេះ បានលើកឡើងថា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច បានក្លាយជាកម្លាំងថ្មីមួយ ដែលជំរុញកំណើនសេដ្ឋកិច្ច របស់ក្រុមប្រទេសប្រ៊ីកស៍ ដែលមានដូចជា ប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។

របាយការណ៍ បានឲ្យដឹងថា កាលពីឆ្នាំ២០១៧ ក្រុមប្រទេសប្រ៊ីកស៍ លក់ទំនិញតាមអនឡាញឆ្លងប្រទេស បានច្រើនជាងមុនចំនួន១.៥ភាគរយ បើធៀបនឹងឆ្នាំ២០១៦ ដោយរកប្រាក់ចំនូលសរុបពីការលក់ បានជិត១៣០ពាន់លានដុល្លារអាមេរិក។

លោក សៀវ លីហួរ ដែលជាអនុប្រធានក្រុមហ៊ុន អាលីបាបា និងជាជំនួយការនាយកប្រតិបត្តិ បាននិយាយថា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដែលកំពុងរីកចម្រើនយ៉ាងខ្លាំងនេះ បានធ្វើឲ្យលំហូរពាណិជ្ជកម្ម រវាងក្រុមប្រទេសទាំង៥ កាន់តែរលូន និងងាយស្រួល។

លោក សៀវ លីហួរ អនុប្រធានក្រុមហ៊ុន អាលីបាបា បានឲ្យដឹងថា សហប្រតិបត្តិការនេះ នៅមានឱកាសច្រើនណាស់ ដើម្បីពង្រីកឲ្យកាន់តែស៊ីជម្រៅនិងកាន់តែធំ ដោយសារយើង នៅមានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើ។ កិច្ចការនេះ មិនមែនគ្រាន់តែទៅលុបបំបាត់ឧបសគ្គ ដែលមានជាប្រព័ន្ធចោលឲ្យអស់ ហើយបង្កើតប្រព័ន្ធថ្មីនោះទេ។

លោក បានបញ្ជាក់ថា «យើងនៅត្រូវការដោះស្រាយបញ្ហាជាច្រើន ដែលពាក់ព័ន្ធនឹងសេវាទូទាត់ប្រាក់ តាមទូរស័ព្ទដៃ សេវាដឹកជញ្ជូន និងសេវាប្រកាសពន្ធជាដើម។ មែនទែនទៅ យើងធ្លាប់បានជួបបញ្ហាទាំងនេះ ជាច្រើនដងមកហើយ កាលពីមុន។ តែឥឡូវ លំហូរពាណិជ្ជកម្ម មានលក្ខណៈងាយស្រួលជាងមុនវិញហើយ»

របាយការណ៍ដដែល បានឲ្យដឹងទៀតថា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច មិនត្រឹមតែជួយឲ្យពាណិជ្ជកម្មប្រព្រឹត្តទៅកាន់តែរលូន លើកស្ទួយឲ្យវិស័យឧស្សាហកម្មអភិវឌ្ឍបន្ថែម និងបង្កើតការងារថ្មីៗ ប៉ុណ្ណោះទេ តែក៏បានជួយ ឲ្យក្រុមហ៊ុនខ្នាតតូច និងមធ្យមជាច្រើន អាចចូលរួមបានកាន់តែច្រើន ក្នុងខ្សែចង្វាក់តម្លៃផលិតកម្មទូទាំងពិភពលោក ឬហៅម្យ៉ាងទៀតថា ប្រព័ន្ធសកម្មភាព ដែលកាត់បន្ថយថ្លៃដើម ទូទាំងពិភពលោក។

អ្នកនាង សូហ្វៀរ ចាង គឺជាអនុប្រធានក្រុមហ៊ុនពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិចនៅប្រទេសរុស្ស៊ី ដែលមានឈ្មោះថា អុំកា ឆៃណា (Umka China)។ អ្នកនាង បាននិយាយថា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច បានជួយឱ្យក្រុមហ៊ុនចិនខ្នាតតូចជាច្រើន អាចពង្រីកអាជីវកម្មរបស់ខ្លួន ទៅក្រៅប្រទេស។

អ្នកនាង សូហ្វៀរ ចាង អនុប្រធានក្រុមហ៊ុន Umka China បានបន្ដទៀតថា​ បច្ចុប្បន្ន មានរោងចក្រចិនជាច្រើន ដែលមានសមត្ថភាពផលិតដ៏ពូកែ កំពុងផលិតគ្រឿងបង្គុំ ដែលស្របតាមស្តង់ដា អូ អ៊ី អឹម (OEM) សម្រាប់លក់ឲ្យក្រុមហ៊ុនលំដាប់កំពូលៗ ក្នុងពិភពលោក។

អនុប្រធានក្រុមហ៊ុន Umka China បានបញ្ជាក់ថា «យើងទើបតែបានរកឃើញរោងចក្រចិនទាំងនោះ នៅតាមតំបន់ឧស្សាហកម្មផ្សេងៗ ហើយយើងបានជួយពួកគេ ឲ្យមានវត្តមាននៅក្នុងទីផ្សារសំខាន់ៗ នៅតាមបណ្តាប្រទេសទាំងឡាយ ដែលនិយាយភាសារុស្ស៊ី»