(កោះកុង)៖ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា ខេត្តកោះកុង បានដឹកនាំមន្រ្តីក្រោមឱវាទ និងមន្រ្តីគ្រប់ស្ថាប័នតាមមាត់ច្រកទ្វារអន្តរជាតិចាំយាមជាច្រើនរូប ចូលរួមកិច្ចប្រជុំពិភាក្សា ក្នុងកិច្ចទំនាក់ទំនងជាលើកទី២ ក្រោមប្រធានបទ «ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ» ជាមួយលោក ឆៃវ៉ាត់ អូចាណាណុន អភិបាលស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ រួមនឹងមន្ត្រីក្រោមឱវាទគ្រប់ស្ថាប័ន របស់ភាគីថៃ នៅស្រុកខ្លងយ៉ៃ។

ថ្លែងនៅក្នុងកិច្ចប្រជុំនៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ លោកអភិបាលស្រុកខ្លងយ៉ៃ បានប្រកាសថា លោកនឹងឱ្យមន្ត្រីជំនាញចុះជួយពិនិត្យព្យាបាល ផលដំណាំរបស់ពលរដ្ឋ នៅស្រុកមណ្ឌលសីមា ដែលកំពុងរងគ្រោះដោយសារមេរោគគំរាម តបតាមការសំណូមពររបស់លោកអភិបាលស្រុកមណ្ឌលសីមា។

លោក ហាក់ ឡេង បានថ្លែងថា ទាំងទ្វេរភាគីទទួលបានផ្លែផ្កាច្រើន ក្នុងការរួមគ្នាផ្តល់បទពិសោធន៍គ្នាទៅវិញទៅមក រវាងមន្ត្រីរាជការ និងមន្ត្រីរាជការ ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ រាល់ការងារទំនាក់ទំនងដើម្បីដោះរាល់បញ្ហាជូនប្រជាពលរដ្ឋ ដែលរស់នៅជាប់ព្រំដែនគ្នា ភាគីទាំងសងខាងអាចដោះស្រាយបានទាន់ពេលវេលា នៅពេលប្រជាពលរដ្ឋទាំងទ្វេរភាគី ជួបបញ្ហាអ្វីមួយដែលកើតមាន ហើយការទំនាក់ទំនងផ្នែកទទួលព័ត៌មានជូនគ្នា ទៅវិញទៅមកគឺរហ័ស ចំពោះប្រជាពលរដ្ឋ និងមន្ត្រីរាជការចេះស្រលាញ់គ្នារួមសាមគ្គី ទោះបីពូជសាសន៍ខុសគ្នាក៏ដោយ។

លោកបានបញ្ជាក់ទៀតថា លោកសប្បាយចិត្តណាស់ ដោយការងារមួយចំនួនសហការគ្នា នឹងដោះស្រាយគ្នាដោយរលូន ហើយលោកក៏សំណូមពរដល់ភាគីថៃឱ្យយកអ្នកឯកទេសពិសេសៗ ជួយព្យាបាលនឹងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ ទាក់ទងនឹងតម្រូវការផ្នែកកសិកម្ម ដែលកំពុងជួបបញ្ហាប្រឈមនឹងជំងឺមេរោគលើផលដំណាំគ្រប់ប្រភេទ ដើម្បីឱ្យដំណាំទទួលបានផលឡើងវិញ។

លោក ឆៃវ៉ាត់ អូចាណាណុន បានថ្លែងដែរថា លោកនឹងមន្ត្រីក្រោមឱវាទមានការសប្បាយចិត្តណាស់ ដោយកិច្ចប្រជុំពិភាក្សាក្នុងកិច្ចទំនាក់ទំនងក្រោមប្រធានបទ«ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ» ទាំងទ្វេរភាគីជាលើកទី២នេះ ឃើញថាទទួលបានផ្លែផ្កាច្រើន ក្នុងការដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋ ហើយចេះផ្តល់បទពិសោធន៍ឱ្យគ្នាទៅវិញទៅមក ហើយចំពោះការសំណូមពរ របស់លោកអភិបាលស្រុកមណ្ឌលសីមា លើបញ្ហាដំណាំកសិកម្ម របស់ប្រជាពលរដ្ឋដែលទទួលរងគ្រោះនោះ លោកនឹងឱ្យមន្ត្រីជំនាញចុះជួយព្យាបាល ផលដំណាំរបស់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារមេរោគគំរាម។

លោកបានបញ្ជាក់បន្ថែមថា នៅខែមិថុនា ឆ្នាំ២០១៩ មន្ទីសុខាភិបាលថៃនឹងដំណើរការនៅមន្ទីរពេទ្យ១ ដើម្បីបម្រើប្រជាជនគ្រប់សញ្ជាតិ ដែលមានបញ្ហាខួរក្បាល បញ្ហាដៃជើងស្ពឹកស្រពន់ឱ្យដំណើរការល្អឡើងវិញ ហើយមន្ទីរពេទ្យនេះស្ថិតនៅជិតសាលាស្រុកខ្លងយ៉ៃខេត្តត្រាត។ ហើយលោកសូមឱ្យមន្ត្រីរាជការនឹងប្រជាពលរដ្ឋ ចេះស្រលាញ់គ្នា ចេះសាមគ្គីគ្នា ចេះយោគយល់គ្នាបន្តទៀត៕