(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដែលទើបឡើងកាន់តំណែងជា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានប្ដេជ្ញាចិត្តយ៉ាងម៉ុតមាំថា នឹងគ្រប់គ្រងការហូរចូលរបស់ ជនបរទេសមកកម្ពុជាឲ្យបានត្រឹមត្រូវ ដូចអ្វីដែលច្បាប់បានកំណត់ ដើម្បីប្រែក្លាយការជឿទុកចិត្តរបស់ថ្នាក់ដឹកនាំ ទៅជាផលប្រយោជន៍របស់ប្រទេសជាតិទាំងមូល។

ក្នុងពិធីសំណេះសំណាលជាមួយនាយនគរបាលជាន់ខ្ពស់ និងនាយនគរបាល នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា កិច្ចការងារអន្ដោប្រវេសន៍ពិតជាមានសារៈសំខាន់ណាស់​សម្រាប់ជាតិ ដែលជាប់ព័ន្ធ​ការបម្រើវិស័យជាច្រើន ហើយក៏ជះឥទ្ធិពលដោយផ្ទាល់ដល់ខឿនសន្ដិសុខជាតិ និងដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស។

ផ្ដល់បទសម្ភាសន៍ជូនក្រុមអ្នកសារព័ត៌មាន​ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលយើងមាននយោបាយ អូសទាញទេសចរណ៍ អូសទាញអ្នកវិនិយោគ ដើម្បីចំណូលជាតិ និងដើម្បីរកការងារឲ្យប្រជាពលរដ្ឋ ចឹងការចូលមកក្នុងប្រទេសដើម្បីវិនិយោគ គឺជាដំណើរស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល។ ចឹងភារកិច្ចរបស់យើង ជាពិសេសខាងអន្ដោប្រវេសន៍នេះ យើងនឹងខិតខំគ្រប់គ្រងឲ្យបានទៅតាមច្បាប់»

អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ថ្មីរូបនេះ បានគូសរំលេចថា ដើម្បីសម្រេចនូវកិច្ចការដ៏មានសារសំខាន់របស់ជាតិ បានណែនាំដល់មន្ដ្រីទាំងអស់ ត្រូវតែរួមសហការគ្នា គាំទ្រគ្នា ហើយលោកសង្ឃឹមថា ថ្នាក់ដឹកនាំ និងមន្ដ្រីទាំងអស់នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នឹងចូលរួមសហការគាំទ្រ ដែលនេះពិតជាមានសារសំខាន់សម្រាប់ជាតិ មិនអាចប្រកែកបាន។

នាយឧត្តមសេនីយ៍ ក៏បានអះអាងថា នឹងគិតគូរដោយដាក់ចេញនូវយុទ្ធសាស្ដ្រ ក៏ដូចជាគោលការណ៍ ផែនការណ៍ថ្មីៗ សម្រាប់ដំណាក់កាលថ្មីទៅមុខទៀត ដើម្បីធានាគ្រប់គ្រងឲ្យបានច្បាស់លាស់នូវលំហូរចេញចូលនូវជនបរទេស តាមច្រកទ្វារព្រំដែនគោក ទឹកអាកាស និងគ្រប់គ្រងវត្តមានស្នាក់នៅ និងការធ្វើពលកម្មរបស់ជនបរទេសនៅក្នុងប្រទេសកម្ពុជា។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ​បានធ្វើការដកហូត​ឯកសារ ដែលជនបរទេសកំពុងកាន់កាប់ ដោយខុសច្បាប់នៅកម្ពុជា បាន៨០ភាគរយហើយ ដែលក្នុងនោះភាគច្រើន ជាជនជាតិវៀតណាម​ ខណៈដែលដំណើរការនេះកំពុងតែបន្ដយ៉ាងផុសផុល ដើម្បីធ្វើឲ្យបានចប់ទាំងស្រុង។

ដោយឡែក ការបណ្ដេញជនបរទេស ដែលបានប្រព្រឹត្តបទល្មើសចេញពីកម្ពុជាផងដែរ ដោយចាប់តាំងពីឆ្នាំ២០១៤ ដល់​ត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ សរុបចំនួន១៤,៧៩០នាក់ មាន៩១សញ្ជាតិ ក្នុងនោះជនជាតិវៀតណាម ចំនួន១១,១៩៥នាក់។ ដោយឡែក​៧ខែ ឆ្នាំ២០១៨ មានចំនួនជាង៦,០០០នាក់ ស្នើនឹង២៦សញ្ជាតិ។

នាយឧត្ដមសេនីយ៍ សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានបង្ហើបថា​ គិតចាប់ពីពេលនេះ រហូតដល់ចុងឆ្នាំ២០១៨ខាងមុខ​ នឹងមានវត្តមានជនជាតិចិនជាង៥ម៉ឺននាក់ទៀត ដែលបន្ដចូលមកកម្ពុជា ដែលចំនួននេះនឹងធ្វើឲ្យជនជាតិចិននៅកម្ពុជាបន្ដកើនឡើង៕