(ព្រៃវែង)៖ មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តព្រៃវែង ដឹកនាំដោយលោក អ៊ុត សុភាព នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម បានចុះអង្កេតទីផ្សារអ្នកលឿង ស្ថិតក្នុងឃុំព្រែកខ្សាយខ ស្រុកពាមរ ខេត្តព្រៃវែង។

លោក អ៊ុត សុភាព ប្រធានសាខាកាំកុងត្រូល ខេត្តព្រៃវង បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការ ចុះអង្កេតខាងលើ មន្រ្តីជំនាញបានធ្វើការត្រួតពិនិត្យទំនិញ ចំនួន១៩តូប ដោយបានរកឃើញទំនិញខូចគុណភាព កាលបរិច្ឆេទ ប្រើប្រាស់ បាន៥មុខ ស្មើនឹង៣០គីឡូក្រាម មានដូចជា៖

១៖ ទឹកប្រេងខ្យង Dau Hao ៣៧ដប ស្មើនឹង ១៣.៦ គីឡូក្រាម,​ ២៖ ទឹកដោះគោប៉ារ៉ា៣៤ប្រអប់ ស្មើនឹង ៧.៥ គីឡូក្រាម, ៣៖ ទឹកក្រូចឆ្មាថៃ៤ដប ស្មើនឹង៤ គីឡូក្រាម, ៤៖ គ្រឿងទឹកស៊ុប៩ដបតូច ស្មើនឹង ២.២ គ.ក,៥.ភេសជ្ជៈចំរុះ ៧ដប ស្មើនឹង ២.៧ គីឡូក្រាម។ ក្រុមការងាររបស់លោក ក៏បានធ្វើតេស្តបឋម រកសារធាតុគីមី Borax លើសរសៃ គុយទាវ បានចំនួន៣គំរូ ជាលទ្ធផលពុំមានវត្តមាន Borax ទេ។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារ ក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់ លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

មន្រ្តីកាំកុងត្រូល ក៏បានអប់រំ និងអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែទំនិញផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕