(ភ្នំពេញ)៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការចុះបង្ក្រាបក្រុមចោរឆក់ ដ៏សកម្មចំនួន២ក្រុមផ្សេងគ្នា ដោយឃាត់ជនសង្ស័យបានចំនួន៣នាក់ ដកហូតបានម៉ូតូធ្វើសកម្មភាពចំនួន២គ្រឿង ចំណែកបក្ខពួកដែលនៅសេសសល់ កម្លាំងជំនាញកំពុងតែស្វែងរកចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

លោក យឹម សារ៉ាន់ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា ប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅយប់វេលាម៉ោង៩យប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ចំណុចភូមិចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក យឹម សារ៉ាន់ បានបន្តថា ករណីទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ទី១៖ ឈ្មោះ កែវ វណ្ណរចនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះគ្មានលេខ ភូមិពព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ហើយបក្ខពួកចំនួន៣នាក់ កំពុងរត់គេចខ្លួន ដកហូតម៉ូតូ១គ្រឿងម៉ាក SUZUKi NEX ពណ៌ទឹកប្រាក់ពាក់ស្លាលេខសៀមរាប 1O-4250 រួមទាំងបក្ខពួក៣នាក់ទៀតកុំរត់គេចខ្លួន។

ករណីទី២៖ ឃាត់ខ្លួននសង្ស័យបានចំនួន២នាក់ទី១៖ ឈ្មោះ រឿន សុភត្រា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិ. សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងទី២៖ ឈ្មោះ វុទ្ធា សកាណា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ដកហូតម៉ូតូ១គ្រឿង ម៉ាក HONDA BeAT ពណ៌ស លាយក្រហមពាក់ស្លាកលេខភ្នំពេញ1GY-5486 និងនៅសល់បក្ខពួក៣នាក់ទៀត កំពុងរត់គេចខ្លួច។

លោកអធិការខណ្ឌ បានបញ្ជាក់បន្ថែមថា ក្រុមជនសង្ស័យដែលឃាត់បាននៅពេលនេះ រួមទាំងបក្ខពួកដែលកំពុងរត់គេចខ្លួន បានធ្វើសកម្មភាព ឆក់ដ៏សាហាវរាប់មិនអស់ នៅក្នុងរាជធានីភ្នំពេញ គ្រប់បណ្តាខណ្ឌទាំង១០ ដែលជនសង្ស័យធ្លាប់ធ្វើសកម្មភាព។ នៅពេលនេះ កម្លាំងរបស់លោកបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរក្រុមនេះ បានចំនួន៣នាក់ ក្នុងចំណោមបក្ខពួកជិត១០នាក់។

លោកបានបន្តថាចំពោះបក្សពួកដែលនៅសេសសល់កម្លាំងរបស់លោកកំពុងតែធ្វើការស្រាវជ្រាវ និងតាមចាប់ក្រុមជនសង្ស័យទាំងនេះឱ្យទាល់តែអស់។ បច្ចុប្បន្នជនសង្ស័យ ដែលត្រូវឃាត់ខ្លួន កំពុងស្ថិតនៅក្រោមការសួរនាំរបស់កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីស្រាវជ្រាវបន្តតាមចាប់បក្ខពួក ដែលកំពុងរត់គេចខ្លួនផងដែរ៕