(ភ្នំពេញ)៖ ក្រុមចោរប្លន់ និងជាអ្នកប្រើប្រាស់គ្រឿងញៀនចំនួន២នាក់ បានធ្វើសកម្មភាពហៅម៉ូតូឌុប ជិះទៅគម្រាមវាយប្លន់ (ក្នុងអំពើរលួចមានស្ថានទំងន់ទោស) បានសម្រេចពីជនរងគ្រោះ នៅចំណុចផ្លូវលំក្រុម៦ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា «ពោលកាលពីរ២ថ្ងៃមុននោះ» ត្រូវបានលោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌដែលទើបទទួលតំណែងថ្មី បានបញ្ជាឲ្យលោក អ៊ីវ ឈុនភេង អធិការរងទទួលផែនព្រហ្មទណ្ឌ ដឹកនាំកម្លាំងដេញតាមស្រាវជ្រាវរហូតបង្ក្រាបបានហើយ រហូតដល់ចំណុចភូមិអូឬស្សី ឃុំអូឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញ ដោយសហការជាមួយកម្លាំងសមត្ថកិច្ចស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

បើតាមរបាយការណ៍របស់លោកអធិការរង អ៊ីវ ឈុនភេង ដែលបានអនុវត្តផ្ញើជូនលោកវរសេនីយ៍ឯក គល់ យី អធិការខណ្ឌ បានបញ្ជាក់ថា «បន្ទាប់ពីទទួលបានពាក្យបណ្ដឹងភ្លាមៗ ស្ដីពីករណីគម្រាមវាយប្លន់យកម៉ូតូពីជនរងគ្រោះឈ្មោះ សា សុង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ៣៧៣B ផ្លូវលំ ក្រុម៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ថានៅមុនពេលកើតហេតុ រូបគេបានដឹកជនសង្ស័យម្នាក់ ចេញពីគល់ស្ពានលីយ៉ុងផាត់ ក្នុងតម្លៃ១ម៉ឺនរៀល ពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យជាបក្ខពួកម្នាក់ទៀត បានចេញមកស្ទាក់វាយគម្រាម (ជនរងគ្រោះ) យកម៉ូតូរបស់គាត់ ហើយជនសង្ស័យទាំង២នាក់ ក៍ជិះរត់គេចខ្លួនបាត់ទៅ»

ក្រោយមកទើបឈានដល់បើកការស្រាវជ្រាវសហការជាមួយកម្លាំងសមត្ថកិច្ចស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រហូតដេញតាមបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់តែម្ដង នៅចំណុចក្នុងភូមិអូឬស្សី ឃុំអូឬស្សី និងដកហូតបានម៉ូតូ១គ្រឿងម៉ាក សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ.ព១BQ-0112 និងបានប្រគល់ជូនជនរងគ្រោះជាម្ចាស់វិញបណ្តោះអាសន្នផងដែរ។

របាយការណ៍បង្ហាញថា ជនសង្ស័យទី១-ឈ្មោះ លី សុខហេង ហយ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៣៧ក្រុម៣ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ ជាជនដៃដល់ (មានសារធាតុញៀន) និងម្នាក់ទៀតឈ្មោះ ម៉ៅ ជួប ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំផ្សារឆេកូ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ជាអ្នករួមដំណើរសំគុំនិត (មានសារធាតុញៀន)។

បច្ចុប្បន្ន ជនសង្ស័យជាចោរប្លន់ទាំង២នាក់ ដែលបានធ្វើសកម្មភាពហៅម៉ូតូឌុបជិះទៅគម្រាមវាយប្លន់ (ក្នុងអំពើរលួចមានស្ថានទំងន់ទោស) បាននិងកំពុងស្ថិតក្រោមការសាកសួបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕