(ប៉ៃលិន)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជា សុខភាពប្រជាពលរដ្ឋ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ឈឹម វាសនា ប្រធានសាលាកាំកុងត្រូលខេត្តប៉ៃលិន សហការជាមួយមន្ទីរពាណិជ្ជកម្ម ​និងអាជ្ញាធរដែនដី បានបន្តចុះពិនិត្យផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាព ម្ហូបអាហារ នៅតាមផ្សារ និងតាមគេដ្ឋាន នៅខេត្តប៉ៃលិន។

លោក ឈឹម វាសនា បានឱ្យដឹងថា ការចុះអង្កេតទំនិញនៅផ្សារ បានផ្តោតទៅលើផលិតផលវេចខ្ចប់ជាគ្រឿងឧបភោគ បរិភោគ ជាលទ្ធផលបានដកហូតទំនិញ ដែលខូចគុណភាព ហួសកាលបរិច្ឆេទមានដូចជា៖ ភេសជ្ជៈកំប៉ុង១៥កំប៉ុង ស្ករគ្រាប់៣២កញ្ចប់ ទឹកផ្លែឈើ ទឹកដោះគោជូ៥កំប៉ុង សណ្តែកដីកំប៉ុង១៣កំប៉ុង ប្រហិតកញ្ចប់៤៨កញ្ចប់ និងចាហ៊ួយកញ្ចប់៨កញ្ចប់។
ទំនិញខូចគុណភាពទាំងនេះ ត្រូវបានក្រុមការងារ យកមករក្សាទុកនៅស្នាក់ការ​ដើម្បីចាត់ចែងតាមនីតិវិធី និងផ្សព្វផ្សាយ បិទ poster ណែនាំអាជីវករឱ្យតាំងលក់តាមលក្ខណៈ​បច្ចេកទេសនៃការតាំងលក់ឱ្យត្រឹមត្រូវ។

ឆ្លៀតឱកាសនោះដែរ ក្រុមការងារ ក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ៕