(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា រួមនឹងឧបនាយករដ្ឋមន្ត្រីចិន និងមេដឹកនាំប្រទេសសមាជិកអាស៊ានជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានរួមគ្នាបើកពិព័រណ៍ចិន-អាស៊ានលើកទី១៥ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។ ពិព័រណ៍នេះ ក៏មានការអញ្ជើញចូលរួមពីសហគ្រិន និងវិនិយោគិនរបស់ចិន និងអាស៊ានជាច្រើនរូបផងដែរ។

ក្នុងនាមជាប្រធានកិត្តិយសនៃការបើកពិព័រណ៍នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះបើកពិព័រណ៍ចិន-អាស៊ានលើកទី១៥ ដែលធ្វើឡើងក្រោមមូលបទ «រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សទី២១ និងនវានុវត្តសហគមន៍ចិន-អាស៊ាន» ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិកានយោបាយកាទូត និងពាណិជ្ជកម្មប្រចាំឆ្នាំដ៏សំខាន់ និងមានប្រសិទ្ធភាបសម្រាប់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំ សហគ្រិន វិនិយោគិន និងវិនិយោគិនប្រទេសសមាជិកអាស៊ានទាំងអស់ជួបជុំពិភាក្សាផ្លាស់ប្តូរយោបល់និងស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគ។ ជាមួយគ្នានេះ ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន បានដើរតួនាទីរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគរវាងចិន និងអាស៊ាន ក៏ដូចជាក្នុងការជួយជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់ឲ្យកាន់តែរឹងមាំថែមទៀត។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ការតភ្ជាប់ឌីជីថល គឺជាកត្តាចាំបាច់មិនអាចខ្វះបាន ដើម្បីឲ្យកិច្ចសហប្រតិបត្តិការចិន និងអាស៊ាន ដំណើរការទៅដោយរលូន ជាពិសេសសម្រេចបាននូវគោលដៃរួមក្រោមប្រធានបទ «រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សរ៍ទី២១ បង្កើតសហគមន៍ចិន-អាស៊ាន» ប្រកបដោយនវានុវត្តន៍ បន្ថែមពីលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ ទន្ទឹមនោះ ត្រូវផ្តល់លទ្ធភាពខ្ពស់ដល់ការស្រាវជ្រាវវិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ទ្រទ្រង់ឲ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយស្ថេរភាព បង្កើតការងារធ្វើ និងជួយពង្រឹងដល់ប្រព័ន្ធសន្តិសុខ សុខមាលភាពសង្គម។

នៅចំពោះមុខមេដឹកនាំចិន មេដឹកនាំអាស៊ាន និងអ្នកវិនិយោគរបស់ចិន-អាស៊ាន សម្តេចតេជោ ហ៊ុន សែន បានលើកឡើង វិទ្យាសាស្ត្របច្ចេកទេស និងនវានុវត្តន៍គឺជាចលករដ៏សំខាន់ក្នុងការពន្លឿនសមហរណកម្មក្នុងតំបន់ ជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងបង្កើតប្រសិទ្ធភាពសម្រាប់ការធ្វើសហប្រតិបត្តិការវិស័យនានា ក៏ដូចជាប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ប្រតិបត្តិការធនាគារ ការទូទាត់ហិរញ្ញវត្ថុ។ល។

ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការចិន-អាស៊ាន នៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងត្រូវបានពង្រឹងពង្រីកថែមទៀត ហើយមិត្តចិនដែលមានការរីកចម្រើនខ្លាំងក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងចែករំលែកនូវចំណេះដឹង និងចំណេះធ្វើដល់ភាគីអាស៊ាន។ សម្តេចបន្តថា ប្រការនេះ នឹងជួយបណ្តាប្រទេសអាស៊ានឲ្យទទួលបាននូវអត្ថប្រយោជន៍ធំធេងពីកិច្ចសហប្រតិបត្តិការនេះ ហើយចិន-អាស៊ាន នឹងសម្រេចបាននូវគោលដៅចុងក្រោយ គឺការកសាងសហគមន៍ចិន-អាស៊ានប្រកបដោយនវានុវត្តន៍។

សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការថ្លែងសុន្ទរកថាបើកពិព័រណ៍ចិន-អាស៊ាននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានដឹកនាំគណៈប្រតិភូហោះចេញពីទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ហោះទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៧៕