(​ភ្នំពេញ​)៖​ លោក​ ស៊ី​ម​ តារា​ អគ្គនាយក​ក្រុមហ៊ុន​ SUCCESSCO​ និងជាសាស្ត្រាចារ្យដ៏ល្បីនៅកម្ពុជា ​ក្នុង​ការបង្រៀនមនុស្សឲ្យ​ក្លាយជា​អ្នកដឹកនាំ​ និង​ជា​ម្ចាស់​អាជីវកម្មបានចេញមុខបកស្រាយថា លោកមិនបានលក់ដីឡូតិ៍ខ្យល់នោះទេ។

មូលហេតុដែលលោក ស៉ីម តារា ថ្លែងបែបនេះ​ ដោយសារ​ថ្មីៗ​នេះ​ មាន​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា​ លោក​ ស៊ី​ម​ តារា​ និង​បក្ខពួក ​បាន​បោកប្រាស់​​ការ​លក់​ដី​ឡូ​តិ៍​ខ្យល់មួយកន្លែង មានទីតាំងនៅភូមិសេរីសម្បត្តិ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សេចក្តីរាយការណ៍នោះ បានអះអាងថា លោក ស៊ីម តារា និងបក្ខពួកចំនួន២នាក់ទៀតឈ្មោះ ឡាយ សំណាង និងឈ្មោះ សេង ដាលីន ត្រូវបានប្តឹងដើម្បីទាមទារប្រាក់ថ្លៃដីចំនួន៤៦៧៥ដុល្លារវិញ ក្រោយពីរកឃើញថា ក្រុមលោកបានលក់ដីខ្យល់។

ពាក្យបណ្តឹងបានរៀបរាប់ថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ ដើមបណ្តឹងឈ្មោះ ថា ឡាវី បានទិញដីឡូតិ៍ លេខ៤០៥ ទំហំទទឹង៥ម៉ែត្រ និងបណ្តោយ២០ម៉ែត្រ ក្នុងតម្លៃ៨០០០ដុល្លារ មានទីតាំងនៅភូមិសេរីសម្បត្តិ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដើមបណ្តឹងអះអាងថា ខ្លួនបានទិញដីឡូតិ៍នោះពីឈ្មោះ ឡាយ សំណាង និងឈ្មោះ សេង ដាលីន ដោយមានឈ្មោះ ស៊ីម តារា ជាអ្នកតំណាងលក់។

ដោយមានការជឿទុកចិត្ត លើអ្នកទាំង៣នាក់ខាងលើ ឈ្មោះ ថា ឡាវី បានទិញដីឡូតិ៍នោះ ដោយមានកិច្ចសន្យាទិញ-លក់លេខ០៥៣ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ដោយកក់មុនចំនួន៥០០ដុល្លារ។ ក្រោយមកឈ្មោះ ថា ឡាវី បានបង់រំលស់ថ្លៃដីនោះ រហូតបានចំនួន៤៦៧៥ដុល្លារ ក៏សុំទៅមើលដីឡូតិ៍ស្រាប់តែឈ្មោះ ស៊ីម តារា និងបក្ខពួកគ្មានដីឲ្យទើបសម្រេចដាក់ពាក្យប្តឹង ទាមទារលុយដែលបង់រួចមកវិញ។

ក្នុង​កិច្ច​សម្ភាស៍​ជាមួយ​ភ្នាក់ងារសារព័ត៌មាន ​Fresh News នៅថ្ងៃទី១២​ ខែកញ្ញា ឆ្នាំ២០១៨ លោក​ ស៊ី​ម​ តារា​ បាន​អះអាង​ថា ​ការ​ចុះ​ផ្សាយ​នោះ​ គឺ​មិន​ពិត​ទេ​ គ្រាន់តែជា​ព័ត៌​មាន​ប្រឌិត ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​លោក​តែ​ប៉ុណ្ណោះ​។​

​លោក​ ស៉ីម តារា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ «​ការ​ចុះ​ផ្សាយ​​នោះ​ គឺជា​ការ​បំភ្លៃ​ ​គ្មាន​ប្រភព​ច្បាស់លាស់​។​ ការ​ផ្សាយ​វាយប្រហារ​ បំភ្លៃលើ​អ្នក​ដទៃ​ណា​ម្នាក់​ ដែល​គ្មាន​ការ​បញ្ជាក់​ពី​អ្នក​នោះ​ គឺជា​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ​គេ​ហើយ​។​ ខ្ញុំ​មិន​អាច​យកកេរ្តិ៍ឈ្មោះ​របស់ខ្ញុំ ​មក​បោះចោល​លើ​ដី​មួយ​ឡូ​តិ៍​ដ៏​តូច​មួយ​នោះ​ទេ​ ហើយ​វា​មិន​អាច​មក​ដោះ​ដូរ​ជាមួយនឹង​កិត្តិយស​របស់ខ្ញុំ ​ដែល​ខំ​កសាង​ជា​ច្រើន​សិប​ឆ្នាំ​មក​នោះ​បាន​ឡើយ​»​។​

លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ កាលពី​ក្នុង​អំឡុង​ឆ្នាំ​២០១៦​ លោក​ទទួល​បានការ​ប្រគល់​សិទ្ធ​ពី​លោក​ ឡាយ​ សំណាង​ និង​លោកស្រី​ សេង​ ដា​លី​ន​ ក្នុង​ការ​ធ្វើ​ទីផ្សារ​ និង​លក់​នូវ​គម្រោង​ដី​ឡូតិ៍​មួយ​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ ភូមិ​សេរី​សម្បត្តិ​ សង្កាត់​គង​ន​យ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ដែល​ការ​ធ្វើ​ទីផ្សារ​ និង​ការ​លក់​គម្រោង​នេះ​ ​បាន​បញ្ចប់​ជា​យូ​រមក​ហើយ​ដែរ​ នៅ​សល់​តែ​កិច្ចការរដ្ឋបាល​មួយ​ចំនួន​ប៉ុណ្ណោះ​។​

ជាមួយគ្នានេះ ​លោក​ ឡាយ​ សំណាង​ និង​លោកស្រី​ សេង​ ដា​លី​ន​ ដែល​ជា​ម្ចាស់​គម្រោង​ពិតប្រាកដ​ បាន​បញ្ជាក់ Fresh News ឲ្យដឹងដែរថា លោក​ ស៊ី​ម​ តារា​ គ្រាន់តែ​ជា​តំណាង​ទទួល​បន្ទុក​ធ្វើ​ទីផ្សារ​ និង​កិច្ចការរដ្ឋបាល​ប៉ុណ្ណោះ​ មិន​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​អនុវត្ត​ន៍​នូវ ​កាត​ព្វ​កិច្ច​ក្នុង​កិច្ចសន្យា​ទិញ​-​លក់​ ជាមួយ​អតិថិជន​ឡើយ​។​ ហើយ​កិច្ចការ​ធ្វើ​ទីផ្សារ​នោះ​ ក៏​បាន​ចប់​យូរ​មក​ហើយ​ដែរ​។​

​លោកស្រី​ សេង​ ដា​លី​ន​ ម្ចាស់​គម្រោង​ដី​ឡូតិ៍​ក្នុងភូមិ​សេរី​សម្បត្តិ​​ បាន​បញ្ជាក់​ដែរថា ការផ្សាយ​​បង្ខូច​កេរ្តិ៍ឈ្មោះ​លោកស្រី​នោះ​ មិន​បាន​ទំនាក់ទំនង​សួរ​បញ្ជាក់​ពី​លោកស្រី ​ដើម្បី​ទទួល​ព័ត៌មាន​ពិត​ឡើយ​ ហើយ​ក៏​មិន​បាន​សួរ​បញ្ជាក់​អាជ្ញាធរ​មូលដ្ឋាន​ ដែល​ដី​នោះ​តាំងនៅ​ដែរ​ ពោល​គឺ​ស្តាប់​ពី​ភាគី​តែ​ម្ខាង​ប៉ុណ្ណោះ​។​

​លោកស្រី​ក៏​បាន​បង្ហើប​ពី​គម្រោង​ដី​ ដែល​លោកស្រី​បាន​លក់​នោះ​ គឺ​ជាង​៤០០​ប្លង់​ហើយ​ ហើយ​អតិថិជន​របស់​លោកស្រី​សុទ្ធតែ​ទទួល​បាន​នូវ​ទំនុកចិត្ត​ខ្ពស់​ ក្រោម​កិច្ចធានា​របស់​ក្រុមហ៊ុន​លោកស្រី​គឺ​ «​ទិញ​ដី​ប្រាកដជា​ទទួល​បាន​ដី​»​ ហើយ​ដី​ទាំងនោះ​នឹង​ទទួល​បានការ​កាត់​ប្លង់​រឹង​ជូន​គ្រប់​អតិថិជន​ទាំងអស់​។​

​លោកស្រី​បន្ត​ថា​ កន្លង​មក​ស្ទើរតែ​គ្រប់​អតិថិជន​ គឺ​លោកស្រី​បាន​អនុគ្រោះ​ពេលវេលា​ នៃ​ការ​បង់ប្រាក់​រំ​លោះ​ថ្លៃ​ដី​ឡួ​តិ៍ បន្ទាប់​ពី​ពួក​គាត់​មាន​ភាពយឺត​យ៉ាវ​រហូត​ដល់​ប្រាំ​ខែ​ជាដើម​ ដែល​តាម​កិច្ចសន្យា​ ការ​យឺតយ៉ាវ​បង់​ប្រាប់​ត្រឹម​៣​ខែ​បន្តបន្ទាប់​ដោយ​គ្មាន​ដំណឹង​នោះ​ ត្រូវ​ទទួល​ពិន័យ​ តែ​លោកស្រី​មិន​ដែល​ពិន័យ​ទេ​ គឺ​អនុគ្រោះ​និង​សម្រួល​ដល់​អតិថិជន​ជា​និច្ច​។​

បើតាមលោក​ ឡាយ​ សំណាង​ ដែល​ជា​ម្ចាស់​គម្រោង​មួយ​រូប​ដែរ​នោះ​ ក៏​បាន​អះអាង​ថា​ ដី​របស់​លោក​បាន​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​មាន​ប្លង់​រឹង​ ដោយ​ផ្គុំ​ដី​ទាំង​អស់នោះ​បញ្ចូល​គ្នា​ ហើយ​ក្រសួង​រៀបចំ​ដែនដី​ នគរ​រូប​នី​កម្ម​និង​សំណង់​ ក៏​បាន​ចេញ​ប្លង់​កម្មសិទ្ធិ​រឹង​រួម​តែ​មួយ​មក​ជា​កម្មសិទ្ធិ​របស់​លោក​ និង​លោកស្រី​ សេង​ ដា​លី​ន​ តែ​ម្តង​។​

​លោក​បាន​គូសបញ្ជាក់​ថា​ ម្ចាស់​គម្រោង​ដី​ឡូតិ៍ ដែល​មាន​លោកស្រី​ សេង​ ដា​លី​ន​ និង​រូប​លោក​ផ្ទាល់​នោះ​ បាន​ប្រកាស​ជា​ផ្លូវការ​ថា​ នឹង​ជួប​ជាមួយ​អតិថិជន​ទាំងអស់​ពិសារ​អាហារ​សាមគ្គី​នៅ​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ខាង​មុខ​ឆាប់ៗ​នេះ​ ហើយ​ក្នុង​ជំនួប​នោះ​ លោក​និង​លោកស្រី​ សេង​ ដា​លី​ន​ នឹង​ប្រកាស​ពី​គោលការណ៍​ នៃ​ការ​ផ្តល់​ទំនុកចិត្ត​ជូន​អតិថិជន​ ក៏​ដូច​ជា​ការ​ជម្រាប​ជូន​អតិថិជន​ទាំង​អស់ពី​ការ​វិវឌ្ឍ​នៃ​គម្រោង​ដី​ឡូតិ៍ជា​ច្រើន។​ ជាមួយ​គ្នា​នេះ​ ក៏​នឹង​ប្រកាស​ផង​ដែរ​នូវ​នីតិវិធី​នៃ​ការ​កាត់​ប្លង់​រឹង​ ជូន​អតិថិជន​បន្ទាប់ពី​ពួក​គាត់​បាន​អនុវត្ត​ចប់​សព្វគ្រប់​តាម​កិច្ចសន្យា​ទិញ​-​លក់​ជាមួយ​ក្រុមហ៊ុន​។​

ទាក់ទិនបញ្ហានេះ ចៅសង្កាត់​គង​ន​យ លោក​ អ៊ុ​ន​ សុខ​រុំ​​ បាន​បញ្ជាក់​ថា​ ករណី​គម្រោង​ពុះ​ដី​ឡូតិ៍លក់​របស់​លោក​ ឡាយ​ សំណាង​ និង​លោកស្រី​ សេង​ ដា​លី​ន​ គឺ​ជា​គម្រោង​ពិតប្រាកដ​ ដោយ​ពួក​គាត់​បាន​ប្រមូល​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ​ សុទ្ធតែ​ប្លង់​រឹង​ ហើយ​ក៏​បាន​បញ្ចូល​ប្លង់​រឹង​ទាំងនោះ​បញ្ចូល​គ្នា​ ជា​ប្លង់​រឹង​ដោយ​ដាក់​ឈ្មោះ​ក្រុមហ៊ុន​របស់​ពួក​គាត់​ផង​ដែរ​។​

​លោក​ចៅសង្កាត់​បាន​បន្ត​ថា​ ក្នុង​តំបន់​ភូមិសាស្ត្រ​ ភូមិ​សេរី​សម្បត្តិ​ សង្កាត់​គង​ន​យ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ គ្មាន​ក្រុមហ៊ុន​ណាមួយ​មក​រកស៊ី​លក់​ដី​ខ្យល់​នោះ​ទេ​ ក្រុមហ៊ុន​គេ​សុទ្ធតែ​ជា​ក្រុមហ៊ុន​ត្រឹមត្រូវ​ ដែល​ចំណាយ​ដើមទុន​ពិតប្រាកដ​ទិញ​ពី​ប្រជាពលរដ្ឋ​ដោយ​សន្តិភាព​ និង​​លក់​ជូន​អតិថិជន​របស់​ពួក​គាត់​ ដោយ​ត្រឹមត្រូវ​ និង​ការ​ផ្តល់​នូវ​ទំនុកចិត្ត​ដល់​អតិថិជន​គាត់​ផង​ដែរ​ ដូច​ជា​ក្រុមហ៊ុន​របស់​លោក​ ឡាយ​ សំណាង​ និង​លោកស្រី​ សេង​ ដា​លី​ន​ ជាដើម​។​

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «​ក្រុមហ៊ុន​ លោកស្រី​ សេង​ ដា​លី​ន​ តាម​ខ្ញុំ​ដឹង​គាត់​លក់​អស់​ជា​ច្រើន​រយ​ឡូតិ៍​ តែ​គ្មាន​ទំនាស់​ និង​ក៏​គ្មាន​ការ​ប្តឹង​រក​អន្តរាគមន៍​ពី​ខាង​ខ្ញុំ​ដែរ​ អត់​មាន​ទេ​។​ គម្រោង​របស់​លោកស្រី​ សេង​ ដា​លី​ន​ ប្រជាពលរដ្ឋ​បាន​ទៅ​សង់​ជា​លំនៅ​ដ្ឋា​ន​ច្រើន​ណាស់​ដើម្បី​រស់នៅ​ ក៏​ដូច​ជា​ប្រកបរ​បរក​ស៊ីក្នុង​តំបន់​នោះ​ មិន​ដែល​មាន​បញ្ហា​អ្វី​ដែរ»​។​

​លោក​ចៅសង្កាត់​រូបនេះ ក៏​បាន​បង្ហើប​ដែរ​ថា​កាលពី​ថ្មីៗ​នេះ​ លោក​អភិបាល​ខណ្ឌដង្កោ​បាន​ទំនាក់ទំនង​មក​លោក​ ពី​បញ្ហា​ថា​ក្នុងភូមិ​សេរី​សម្បត្តិ​ សង្កាត់​គង​ន​យ​ ខណ្ឌដង្កោ​ មាន​ក្រុមហ៊ុន​លក់​ដី​ខ្យល់​ ហើយ​លោក​ក៏​បាន​បញ្ជាក់​ទៅ​វិញ​ថា​ គឺ​គ្មាន​ទេ​ក្រុមហ៊ុន​លក់​ដី​ខ្យល់​នោះឡើយ​។​

​លោក​បាន​បន្ត​ថា​ ឯ​ក្រុមហ៊ុន​ដែល​មាន​អតិថិជន​ម្នាក់​ប្តឹង​ទៅ​តុលាការ​នោះ​ ការ​ពិត​គាត់​មិន​ដែល​មក​សុំ​កិច្ច​អន្តរាគមន៍​ ឬ​ការ​ដោះស្រាយ​ពី​អាជ្ញាធរ​ទេ​។​ តែ​តាម​អ្វី​ដែល​លោក​ដឹង​ គឺ​អតិថិជន​រូប​នោះ​គាត់​មាន​ចេតនា​ចង់បាន​លុយ​វិញ​ ដោយ​មិន​ចង់​ទិញ​ដី​តាម​កិច្ចសន្យា​ក្រុមហ៊ុន​នោះ​ បើ​ទោះជា​ក្រុមហ៊ុន​គាត់​បាន​ផ្តល់​ ឬ​ប្តូរ​ទីតាំង​ថ្មី​ ដែល​នៅ​ជាប់​នឹង​ផ្លូវ​ ដែល​ជាទី​តាំង​ថ្លៃ​ជាង​មុន​ក៏​ដោយ​ ក៏​គាត់​មិន​ព្រម​ទទួលយក​ដែរ​ ពោល​គឺ​គាត់​ចង់បាន​តែ​លុយ​គាត់​ដែល​ទើបតែ​កក់​បាន​ជាង ​៤​ពាន់​ដុល្លារ​អាមេរិចប៉ុណ្ណោះ​។​

លោក​ អ៊ុ​ន​ សុខ​រុំ បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «​ដី​មាន​!​ បើ​អត់​ដី​អ្នក​ណា​គេ​ឲ្យ​(​អតិថិជន​)​លុយ​ គ្រាន់តែ​គេ​ចង់​ប្តូរ​ទីតាំង​ឲ្យ​មក​យក​ខាង​មុខ​ តែ​គាត់​មិន​ព្រមយក​ ព្រោះ​ខុស​ទីតាំង​ ហើយ​សុំ​ដក​លុយ​វិញ​។​ ដី​មាន​ឲ្យ​គាត់​!​ គេ​យក​គ្រប់​គ្នា​ ដោយឡែក​តែ​គាត់​ម្នាក់​ដឹង​តែ​យក​លុយ​វិញ​។​ ដី​(​តម្លៃ​)​ ៣​ទៅ​៤​ពាន់​ ក្រុមហ៊ុន​គេ​ចាយ​លុយរាប់​សិ​ប​ម៉ឺន​(​ដុល្លារ​)​ គេ​មិន​ទៅ​ឲ្យ​ខូច​ឈ្មោះ​អី​គ្រាន់តែ​រឿង​លុយ​ប៉ុណ្ណឹ​ង​ទេ​»